
ប្រសិនបើយើងទាំងអស់គ្នា រំពឹងថា Apple នឹងផ្តល់ជូននូវជម្រើសពណ៌ច្រើនសម្រាប់ទូរស័ព្ទអេក្រង់បត់ដំបូងរបស់ខ្លួនដែលត្រូវបានគេដឹងថាជា iPhone Ultra ប្រហែលជាមានការខកចិត្តបន្តិចហើយ ដោយនៅពេលនេះប្រភពព័ត៌មានចចាមអារ៉ាមថ្មីមួយមានប្រភពពីប្រទេសចិនបានចេញមកអះអាងថា iPhone Ultra គឺនឹងមានជម្រើសតែពីរពណ៌ប៉ុណ្ណោះ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា Apple នឹងផ្តល់ជូនជម្រើសពណ៌តែពីរពណ៌ប៉ុណ្ណោះសម្រាប់ទូរស័ព្ទបត់អេក្រង់ដំបូងរបស់ខ្លួន iPhone Ultra គឺមានពណ៌ទឹកប្រាក់ ឬ Silver និងខៀវ ឬ Navy Blue។ ផ្ទុយពីការលើកឡើងពីអ្នកវិភាគល្បីឈ្មោះលោក Mark Gurman កាលពីខែកុម្ភៈ ឆ្នាំ 2026 ថា ទូរស័ព្ទបត់អេក្រង់ដំបូងរបស់ Apple នឹងមានជម្រើសពណ៌ប្រផេះខ្មៅ dark grey/black និងសទឹកប្រាក់ white/silver។

iPhone Ultra អាចនឹងបំពាក់អេក្រង់បត់ខាងក្នុងទំហំ 7.76-inch ប្រភេទ LTPO OLED Display ល្បឿន 120Hz និងអេក្រង់ខាងក្រៅទំហំ 5.49-inch LTPO OLED 120Hz។ ស្មាតហ្វូនអេក្រង់បត់ដំបូងពី Apple នេះ ក៏នឹងមានការដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាក្រោយដោយប្រើលែនភ្ជាប់សែនស័រទំហំ 48MP ពីរគ្រាប់ (Main+ultrawide) និងកាមេរ៉ាសែលហ្វីលទំហំ 18MP ពីរគ្រាប់នៅលើអេក្រង់ក្នុង និងអេក្រង់ខាងក្រៅ។ iPhone Ultra អាចនឹងបំពាក់ថ្មមានទំហំ 5,500mAh និងគាំទ្រប្រព័ន្ធសែនស័រស្កែនក្រយ៉ៅម្រាមដៃសម្រាប់ដោះសោរសុវត្ថិភាពផងដែរ៕
