
នេះគឺជាឡាន SUV អគ្គិសនី Toyota bZ4X ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួននៅលើទីផ្សារអឺរ៉ុប ជាមួយនឹងការអាប់ដេតទៅលើផ្នែកសំខាន់ៗជាច្រើន។ អ្វីដែលជាការផ្លាស់ប្តួរគួរឲ្យកត់សម្គាល់បំផុតនោះ គឺទៅលើអាគុយតែម្តង ដោយឥឡូនេះ នៅលើ bZ4X គឺនឹងមានផ្តល់ជម្រើសអាគុយចំនួន 2 ប្រភេទ ហើយក្រុមហ៊ុន Toyota បានអះអាងថា ពួកគេបានពង្រឹងទៅលើ កម្រិតដង់ស៊ីតេថាមពល នៃកញ្ចប់អាគុយ ទាំង 2 ជម្រើសនេះ ហើយក៏បានបន្ថែមនូវចំនួនបន្ទះអាគុយ ផងដែរ។ មិនតែប៉ុណ្ណោះ ពួកគេ ក៏បានធ្វើឲ្យម៉ូទ័រអគ្គិសនី មានដំណើរការកាន់តែប្រសើរជាងមុនទៅទៀតផង។

ក្រៅពីនោះ Toyota bZ4X ស៊េរីឆ្នាំ 2026 ក៏បានអាប់ដេតចំនួនមួយចំនួនទៀត ដូចជា ការបំពាក់មកនូវមុខងារ Battery Pre-conditioning ដែលអនុញ្ញាតឲ្យការសាកភ្លើងល្បឿនលឿន កាន់តែមានប្រសិទ្ធិភាព នៅពេលអាកាសធាតុត្រជាក់, រន្ធសាកភ្លើង AC របស់វាឥឡូវនេះ មានកម្លាំង 22kW ជំនួសឲ្យ 11kW ប៉ុន្តែរន្ធសាកភ្លើង DC នៅតែមានកម្លាំង 150 kW ដដែល

ក្រុមហ៊ុន Toyota បានអះអាងទៀតថា ពួកគេចង់ឲ្យ bZ4X ថ្មីនេះ អាចសាកភ្លើងល្បឿនលឿន ពី 10%-80% ចាយពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ bZ4X ថ្មី ក៏មានសមត្ថភាពអាចអូសសណ្តោងច្រើនជាងមុនដល់ទៅ 2 ដង សរុប 1.5 តោនឯណោះ។ ក្រៅពីនោះ រថយន្តអគ្គិសនីថ្មីនេះ ក៏បានកែកុនផ្នែកខាងមុខ ដើម្បីជួយដល់កម្រិត Aerodynamics ខណៈដែលខាងក្នុងវិញ ក៏មានការបំពាក់នូវអេក្រង់កម្សាន្ត Touchscreen ទំហំ 14 អ៊ីញថ្មី ផងដែរ៕

ទៅលើសមត្ថភាពវិញសម្រាប់ Toyota bZ4X ស៊េរីឆ្នាំ 2026 ដែលមានអាគុយទំហំ 57.7 kWh គឺសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 445km ហើយម៉ូដែលនេះ មានការបំពាក់ម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (FWD) មានកម្លាំង 165 សេះ។ និងម៉ូដែលទី 2 ទំហំ 73.1 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 573 KM ហើយបំពាក់ម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 មានកម្លាំង 221 សេះ និង ជម្រើសប្រើម៉ូទ័រ 2 និង ប៉ុង 2 (AWD) មានកម្លាំង 338 សេះ អាចបើកបរបានចម្ងាយ 520km ហើយអាចរត់ស្ទុះពីកុងទ័រ 0-100 km/h ប្រើពេលត្រឹមតែ 5.1 វិនាទីប៉ុណ្ណោះ។ ទាក់ទងនឹងតម្លៃសម្រាប់ទីផ្សារប្រទេសកម្ពុជាវិញ គឺនៅមិនច្បាស់ថា ប៉ុន្មាននោះទេ។
