
ក្រោយពីមានការរិះគន់ទៅលើការឌីស្សាញរូបរាងស្មាតហ្វូនជំនាន់ថ្មីៗរបស់ខ្លួននាពេលកន្លងមក នៅពេលនេះ ក្រុមហ៊ុន Sony ត្រូវបានគេមើលឃើញថា ក៏មានគម្រោងនៅក្នុងការធ្វើការកែលម្អរបន្ថែមទៅលើការឌីស្សាញនៃស្មាតហ្វូនជំនាន់ថ្មី Xperia Flagship របស់ខ្លួនផងដែរ។ ជាក់ស្តែងពេលនេះ មានរូបភាពជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី Sony Xperia 1 VIII មានការទម្លាយអំពីការឌីស្សាញស្មាតហ្វូនថ្មីនេះ ដែលមើលទៅខុសប្លែកពីរចនាបទរបស់ក្រុមហ៊ុននេះ។ ស្មាតហ្វូនថ្មីនេះអាចនឹងមានការឌីស្សាញខុសប្លែកពីស្មាតហ្វូនម៉ូដែល Xperia មុនៗនេះ។
ទៅលើរូបរាងថ្មីនេះ និយាយថា សម្រាប់ការឌីស្សាញនៃកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន OnePlus 10 Pro។ ស្មាតហ្វូថ្មីនេះ នឹងមានគែម Bezels ស្តើងជាងស្មាតហ្វូន Flagships ជាច្រើន។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺស្ថិតនៅក្នុង Punch-hole ឬ Notch។ នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងបំពាក់នូវ Stereo Speakers នៅខាងមុខថែមទៀតផង។
ទាក់ទងនឹងការឌីស្សាញស្មាតហ្វូនថ្មីនេះ មានពាក្យចចាមអារ៉ាមជាច្រើមុននេះ បានបញ្ជាក់ថា អាចនឹងមានការផ្លាស់ប្តូរមួយចំនួនទៅលើប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Xperia 1 VIII នេះ នឹងមានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 48MP ខណៈដែលកាមេរ៉ា Ultrawide ប្រហែលជាមិនផ្លាស់ប្តូរនោះទេ បើប្រៀបធៀបទៅនឹងស្មាតហ្វូន ជំនាន់មុននេះ។ ទៅលើកាមេរ៉ាគោល និង Telephoto របស់ស្មាតហ្វូនថ្មីនេះ អាចនឹងមានការ update មួយចំនួនផងដែរ។

ការបែកធ្លាយជាច្រើនមុននេះ បានបញ្ជាក់ថា កាមេរ៉ាគោលរបស់ស្មាតហ្វូនថ្មីនេះ ជំនួយដល់ការថតរូបភាពដែលមានពន្លឺទាប និងពង្រឹងទៅលើគុណភាពរូបភាពយ៉ាងប្រសើរ។ សម្រាប់ Telephoto របស់ស្មាតហ្វូននេះ អាចនឹងមានទំហំចន្លោះពី 1/3 អ៊ីង និង 1/2-អ៊ីង ។ ក្រុមហ៊ុន Sony នៅមិនទាន់បញ្ជាក់អំពីការឌីស្សាញ ប្រព័ន្ធ Hardware និងមុខងារជាច្រើនមុនការប្រកាសជាផ្លូវការនៅឡើយទេ៕
