Galaxy M9 គឺជារថយន្តប្រភេទ large-size SUV ប្រវែង 5.2m ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Plug-in-hybrid ដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ដំបូងនៅទីផ្សារប្រទេសចិនក្នុងខែកញ្ញា ឆ្នាំ 2025។ បើតាមទិន្នន័យលក់ចេញដោយ China EV DataTracker បានបង្ហាញថា Galaxy M9 លក់បានចំនួនសរុប 50,710 គ្រឿង។ ហើយបច្ចុប្បន្ននេះ Galaxy M9 ក៏ត្រូវបានក្រុមហ៊ុនធ្វើការដាក់តាំងបង្ហាញនៅក្នុងទីក្រុង Milan ប្រទេសអីតាលីដែលជាទីផ្សារស្ថិតក្នុងផ្នែកយុទ្ធសាស្ត្រទីផ្សារសកលនៃម៉ាកយីហោរថយន្តមួយនេះ។

ដោយឡែកក្នុងពេលនេះបើតាមប្រភពព័ត៌មានបែកធ្លាយនៅលើប្រព័ន្ធអនឡាញបានបង្ហើបថា Geely បានត្រៀមធ្វើការបង្ហាញចេញ Galaxy M9 ម៉ូដែលថ្មី ឬអាចជាម៉ូដែលឆ្នាំ 2026 នៅក្នុងប្រទេសចិននៅ ខែមេសា ឆ្នាំ 2026 នេះ។ តាមប្រភពរូបភាព និងព៌ត័មានបានបង្ហាញថា Galaxy M9 ម៉ូដែលថ្មី មានការផាត់ពណ៌ផ្នែកខាងក្រៅស្រដៀងគ្នានឹងរថយន្តប្រណីត Mercedes-Maybach ជាមួយការបង្កើនប្រសិទ្ធិភាពទៅលើប្រព័ន្ធជំនួយបើកបរ ADAS ផងដែរ។ 

តាមរយះរូបភាពដែលបង្ហាញដោយ Car blogger ឈ្មោះថា Yamao បង្ហាញឲ្យឃើញថា Galaxy M9 ម៉ូដែលថ្មីឆ្នាំ 2026 មានការឌីស្សាញខាងក្រៅរំលេចដោយពណ៌ two-tone Black & Gold និងខាងក្នុងមានពណ៌ខ្មៅរំលេចជាមួយពិដានដំបូលប្រភេទ faux suede ceiling។ ឡាន PHEV ម៉ូដែលថ្មីនេះ ក៏មានដំបូលបើក Panoramic sunroof ភ្ជាប់ជាមួយមុខងារ Starry sky ហើយនិងប្រើប្រាស់រង្វង់យ៉ាន់ធំជាងមុនឡើងដល់ទំហំ 21-inch។ យ៉ាងណាមិញទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ New Galaxy M9 អាចគាំទ្រនូវប្រព័ន្ធថ្មី G-Pilot H7 ជំនួសឲ្យ G-Pilot H5 ADAS  ដែលប្រើនៅលើម៉ូដែលបច្ចុប្បន្ន។

ប្រព័ន្ធជំនួយការបើកបថ្មីនេះ គឺគាំទ្រដោយសែនស័រ LiDAR និងបន្ទះឈីប Nvidia Drive Thor-U chip កម្រិត 700TOPS G-Pilot H7 ADAS មានភ្ជាប់មកជាមួយមុខងារជំនួយការបើកបរស្វ័យប្រវត្តិ Navigate On Autopilot (NOA) ទាំងនៅលើផ្លូវក្នុងក្រុង និងផ្លូវល្បឿនលឿន (Highway), ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិសម្រាប់ផ្លូវល្បឿនលឿន “General Automated Evasion System (G-AES)” និងប្រព័ន្ធចូលចត់ស្វ័យប្រវត្តិ “autonomous parking” ជាដើម។ Geely Galaxy M9 ស្ថិតក្នុងអម្បូរឡាន Large-size SUV ប្រណីតកៅអីបីជួរ(2x2x2) 6-កៅអី ដែលមានតួរខ្លួនប្រវែង 5,205mm/ទទឹង 1,999mm/កំពស់ 1,800mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,030mm។


Geely Galaxy M9 ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ចំណុះ 1.5-liter turbocharged engine កម្លាំង 219 សេះ រួមនឹងមានម៉ូទ័រអគ្គិសនីមួយកម្លាំង 241 សេះ។ ចំនែកម៉ូដែល Top-Trim Galaxy M9 មានម៉ូទ័រអគ្គិសនីពីរកម្លាំងសរុប 456 សេះ។ ឡាន PHEV ខ្នាតធំនេះ មានជម្រើសប្រើកញ្ចប់ថ្មទំហំ 18.4kWh និង 41.5kWh ដែលសាកភ្លើងពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 100km និង 230km តាមស្តង់ដារ CLTC។ Galaxy M9 ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃចាប់ពីខ្ទង់ $26,705 ដល់ $36,150 តាមជម្រើសម៉ូដែលរៀងៗគ្នា៕