រថយន្ត Pick up ស៊េរីថ្មីរបស់ Volkswagen ម៉ូដែល Amarok W600 ស៊េរីឆ្នាំ 2026 ត្រូវបានគេរំពឹងទុកថា នឹងចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសអូស្ត្រាលីនៅក្នុងខែសីហា ឬខែកញ្ញា ឆ្នាំ 2026 ខាងមុខនេះហើយ។ បើតាមប្រភពផ្លូវការណ៍ បានបង្ហើបថា VW Amarok W600 ឆ្នាំ2026 នឹងមានតម្លៃប្រកូតប្រជែងជាមួយនឹងតម្លៃរបស់ Ford Ranger Raptor។

បច្ចុប្បន្នឡាន Ford Ranger Raptor ដែលប្រើម៉ាស៊ីនសាំង V6 Twin-turbo មានតម្លៃចេញពីរោងចក្រខ្ទង់ $90,690 ដូចនេះ Amarok W600 ឆ្នាំ 2026 ដែលប្រើម៉ាស៊ីនម៉ាស៊ូត V6 ទំនងជានឹងមានតម្លៃប្រហាក់ប្រហែល ឬខ្ពស់ជាងម៉ូដែល Ranger Platinum ដែលមានតម្លៃខ្ទង់ $80,690។ នាពេលបច្ចុប្បន្ននេះ ដោយសារតែម៉ូដែល Amarok Aventura ម៉ូដែលស្តង់ដារមានតម្លៃខ្ទង់ $82,990 ថ្លៃជាង Ford Ranger Platinum រួចទៅហើយ ដូចនេះ សម្រាប់តម្លៃរបស់ Amarok W600 ឆ្នាំ 2026 ត្រូវបានគេប៉ាន់ស្មានថា អាចនឹងខ្ពស់ជាងនេះ គឺចាប់ពីជាង $80,000 ទៅ $90,000។

សូមបញ្ជាក់ថា សម្រាប់ឡាន Pick up របស់ Volkswagen ម៉ូដែល Amarok W580 ដែលបានប្រកាសចេញលក់នៅទីផ្សារអូស្រ្តាលីកាលពីឆ្នាំ2020 គឺមានតម្លៃចេញពីរោងចក្រខ្ទង់ $71,990 និងឡើងខ្ពស់បំផុតដល់តម្លៃ $86,990 សម្រាប់ម៉ូដែល limited-edition W580SE ដែលចេញលក់នៅឆ្នាំ 2022។ Amarok W600 ឆ្នាំ 2026 បានចាប់ផ្តើមដំណើរការផលិតនៅក្នុងរោងចក្ររបស់ Volkswagen នៅក្នុងប្រទេសអាហ្វ្រិចខាងត្បូង។ 

Amarok W600 ត្រូវបានផលិតឡើងដោយប្រើប្រាស់នូវ DNA របស់ម៉ូដែល Amarok TDI600 ប៉ុន្តែ បានលាយបញ្ចូលនៅលក្ខណៈបច្ចេកទេសសំខាន់ៗពីម៉ូដែល Amarok Aventura ដែលមានដូចជាប្រព័ន្ធ Speaker ម៉ាក Harman Kardon ចំនួន 8 គ្រាប់, ផ្នែកខាងក្រោយរចនារំលេចជាមួយរបាបែបស្ព័រ និងកាងលើដំបូលពណ៌ប្រាក់។ ជាមួយគ្នានេះ នៅលើតាប់ឡូមានការឌីស្សាញរំលេចជាមួយអេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ 12-inch អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto រួមនឹងអេក្រង់បង្ហាញព័ត៌មានទំហំ 12-inch។ បន្ថែមពីនេះ Amarok W600 ឆ្នាំ 2026 ក៏មានមុខងារភ្ជាប់ប្រព័ន្ធផ្កាយរណប, កន្លែងសាកភ្លើងស្មាតហ្វូនមិនប្រើខ្សែ រួមនឹងកញ្ចក់ក្តោបអូតូ និងផ្លិតទឹកអូតូថែមទៀតផង។

ខាងក្នុងមានបំពាក់មកជាមួយកៅអីស្បែកប្រភេទ Black-and-grey 'Savona' leather upholstery ដោយកៅអីខាងមុខមានមុខងារកំនត់ការប្រើប្រាស់ 10 ចំនុច “10-way power-adjustable”។ Amarok W600 ឆ្នាំ2026 នឹងមានជម្រើសពណ៌ខាងក្រៅដូចជា ពណ៌ស “Clear White”, ពណ៌ទឹកប្រាក់ “Medium Silver”, ពណ៌ប្រផេះ “Dark Grey”, ពណ៌ខ្មៅ “Midnight Black” រួមនិងពណ៌ពិសេសប្រចាំម៉ូដែលឆ្នាំ 2026 គឺពណ៌ក្រហម ឬ Deep Red។ ឡាន Pick up ស៊េរីថ្មីនេះ ប្រើប្រាស់យ៉ាន់កង់រង្វង់ 20-inch ជាមួយសម្បកកង់ Michelin Pilot Sport 4 SUV ខ្នាត 285/50 R20។

ផ្នែកប្រព័ន្ធជំនួយសុវត្ថិភាពក្នុងការបើកបរវិញ VW Amarok W600 ឆ្នាំ 2026 មានមកជាមួយប្រព័ន្ធរក្សាគន្លងផ្លូវបើកបរ Lane-keeping assist, ប្រព័ន្ធផ្តល់សញ្ញាឧបសគ្គខាងក្រោយផ្នែកចំហៀង Blind-sport monitoring, ប្រព័ន្ធកំណត់ល្បឿនបើកបរតាមរថយន្តខាងមុខ Adaptive Cruise Control, ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ Autonomous emergency braking, ប្រព័ន្ធចូលចំណតស្វ័យប្រវត្តិ Automatic parking assist ជំនួយដោយសែនស័រមុខក្រោយ, មានសែនស័រវ៉ាស់សំពាធខ្យល់កង់, កាមេរ៉ាមើលក្រោយ, កាមេរ៉ា Surround-view camera ក៏ដូចជាពោងសុវត្ថិភាពចំនួន 9 គ្រាប់ជាដើម៕