ស្វែងរកពួកយើង:

ស្មាតហ្វូនបត់បាន 3 តង់ Huawei Mate XT 2 នឹងមានការពង្រឹងទៅលើថាមពលថ្ម និងត្រចៀក Hinge កាន់តែរឹងមាំ

ដោយ

ជុំ ប៉េងលីន

28 មេសា 2026 09:15 ព្រឹក

អាន 2 នាទី

ស្មាតហ្វូនបត់បាន 3 តង់ Huawei Mate XT 2 នឹងមានការពង្រឹងទៅលើថាមពលថ្ម និងត្រចៀក Hinge កាន់តែរឹងមាំ
Article image
នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បាន 3 តង់ជំនាន់ថ្មីមួយទៀតហើយ ដែលម៉ូដែលនេះ មានឈ្មោះហៅថា Mate XT 2 ដោយម៉ូដែលនេះ ត្រូវបានគេរាយការណ៌ថា នឹងមានការពង្រឹងទៅលើថាមពលថ្មធំ និងការ Upgrade ទៅលើ Hinge កាន់តែរឹងមាំជាងមុន។ យោងតាមការបែកធ្លាយថ្មីមួយ បានទម្លាយអំពីលក្ខណៈពិសេសរបស់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ថ្មីនេះហើយ។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ នៅក្នុងចំណោមស្មាតហ្វូន និងថេប្លេតថ្មីៗជាច្រើនរបស់ Huawei គឺមានការអភិវឌ្ឍខ្លាំងមែនទែន។

Article image
ផ្អែកតាមអ្នកទម្លាយ @SuperDimensional ដែលទើបតែបង្ហោះនៅលើ Weibo គឺបានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ជំនាន់ថ្មី Huawei Mate XT 2 នេះ នឹងមានការបំពាក់នូវថាមពលថ្មធំជាងមុន ខណៈដែលស្មាតហ្វូនបត់បាន 3 តង់ Huawei Mate XTs ដែលចេញលក់មុននេះ មានថាមពលថ្មទំហំ 5600mAh ដូច្នេះ ហើយស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានទំហំ 6000mAh ឬធំជាងនេះ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះ។

Article image
បន្ថែមពីលើថាមពលថ្មនេះ ក្រុមហ៊ុន Huawei ក៏នឹងធ្វើការពង្រឹងទៅលើគន្លឹះ Hinge សម្រាប់ស្មាតហ្វូនបត់បាន 3 តង់ Mate XT 2 ដែលមិនត្រឹមតែមានភាពរឹងមាំនោះទេ ថែមទាំងមានការកាត់បន្ថយទៅលើស្នាមផ្នត់នៃអេក្រង់បានយ៉ាងល្អផងដែរ។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានប្រើប្រាស់នូវ Tiangong Hinge System នៅលើស្មាតហ្វូន Mate XTs ផងដែរ។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុននេះ អាចនឹងពង្រឹងទៅលើ Dual-Hinge សម្រាប់ស្មាតហ្វូន Mate XT 2 នេះ។

Article image
ទៅលើលក្ខណៈពិសេសមួយទៀតរបស់ស្មាតហ្វូន Mate XT 2 នេះ គឺទៅលើបន្ទះឈីប។ អ្នកទម្លាយនេះ បានបន្ថែមថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ជំនាន់ថ្មីនេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9050 Pro SoC។ Kirin 9050 Pro SoC នេះ ដំណើរការនូវមុខងារ AI ជាច្រើនដែលបច្ចេកវិទ្យាទាំងនេះក៏ប្រើប្រាស់នៅលើស្មាតហ្វូនត្រកូល Mate។ តាមដំណឹងថ្មី កន្លងមក បាននិយាយថា ស្មាតហ្វូន Mate XT 2 អាចនឹងបំពាក់នូវកាមេរ៉ា 4 គ្រាប់នៅខាងក្រោយដែលមានទំហំ 50MP ultra-high-dynamic lens, 40MP ultrawide-angle shooter, 50MP telephoto និងមួយគ្រាប់ទៀតជា Multispectral ជំនាន់ទី 2 ថែមទៀតផង៕