Huawei Maextro S800 Grand Design តម្លៃ 2 លានយ៉ន់ ត្រៀមបង្ហាញចេញនៅខែក្រោយនេះហើយ

យោងតាមព័ត៌មានថ្មីៗនេះ បានការបញ្ជាក់ថា Maextro ដែលជាក្រុមហ៊ុនឡានប្រណិតរបស់ Huawei មានគម្រោងនឹងបញ្ចេញនូវម៉ូដែលថ្មី Grand Design របស់ Maextro S800 នៅខែក្រោយនេះហើយ បន្ទាប់ពីជោគជ័យខ្លាំងទៅលើការប្រកាសចេញម៉ូដែលស្តង់ដាររបស់ Maextro S800 នាពេលកន្លងមក។ តាមប្រសាសន៌របស់លោក Richard Yu ដែលជាអគ្គនាយកផ្នែក consumer business group របស់ chairman Huawei នៅថ្ងៃច័ន្ទនេះ ក៏មានការបង្ហោះនៅលើបណ្តាញសង្គមពីម៉ូដែលថ្មីនេះដែរ ដោយថែមទាំងមានការបញ្ចេញនូវរូបភាពរបស់ Maextro S800 Grand Design នេះទៀតផង។

បើមើលទៅលើរូបភាពខាងលើនេះ គឺបានបង្ហាញថា រថយន្តម៉ូដែលពិសេសនេះ គឺមានជម្រើស 2 ពណ៌ ដែលមានពណ៌ខៀវ លាយជាមួយពណ៌បៃតង។ ឡានកម្រិត Ultra-Premium Luxury Sedan មួយនេះ ត្រូវបានគេរំពឹងថា នឹងមានការដាក់លក់នៅលើទីផ្សារនៅខែក្រោយនេះហើយ ជាមួយនិងតម្លៃ 2 លានយ៉ន់ $293,580។ សូមជំរាបថា រថយន្តម៉ូដែលប្រណិតនេះ គឺបានឆ្លងកាត់នូវការចុះបញ្ជីពីក្រសួង MIIT របស់ប្រទេសចិនរួចហើយ ដោយមានជម្រើស Battery Electric Vehicle (BEV) និង Extended-Range Electric Vehicle (EREV) ដូចគ្នាជាមួយនិងម៉ូដែលស្តង់ដារ Maextro S800 អញ្ចឹងដែរ។

Maextro S800 Grand Design មានទំហំប៉ុនគ្នាជាមួយនិង Maextro S800 ដោយមានតួខ្លួនប្រវែង 5,480mm ទទឹង 2,000mm កំពស់ 1,536mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 3,370mm។
គួរបញ្ជាក់ថា Maextro គឺជាម៉ាកយីហោឡានប្រណិតមួយដែលមានការវិនិយោគរួមគ្នារវាង Huawei និងក្រុហ៊ុន Anhui Jianghuai Automobile Group (JAC) ដោយស្ថិតនៅក្រោមឆ័ត្រសារជីវកម្មរថយន្ត HIMA (Harmony Intelligent Mobility Alliance) របស់ Huawei។

មកដល់ពេលនេះ ឡាន Maextro S800 ប្រណិតនេះ លក់បានចំនួន 17,000 គ្រឿងហើយ ដែលតួរលេខនេះ គឺខ្ពស់ជាងគេនៅក្នុងចំណោមទីផ្សារឡាន ultra-luxury sedans ដែលមានតម្លៃ 700,000 យ៉ន់។


