Chery បានធ្វើការប្រកាសដាក់លក់ Pre-Sale ឡានអគ្គិសនីខ្នាតមធ្យមស៊េរីថ្មីរបស់ខ្លួនម៉ូដែល QQ3 EV ជាមួយនឹងជម្រើសបួនម៉ូដែលផ្សេងគ្នា និងមានតម្លៃចាប់ពី $10,000 ដល់ $13,000 នៅក្នុងទីផ្សារប្រទេសចិន។ QQ3 EV បានបង្ហាញខ្លួនផ្លូវការណ៍លើកដំបូងក្នុងកម្មវិធី 2025 Chengdu Auto Show។ ឡានអគ្គិសនី Compact-EV នេះ គឺជាគូប្រជែងទីផ្សារជាមួយឡានអគ្គិសនីដែលលក់ដាច់ខ្លាំងបំផុតនៅឆ្នាំ 2025 ក្នុងទីផ្សារប្រទេសចិនដូចជា Geely EX2 ឬ Xingyuan ជាដើម។ 

Chery QQ3 EV មានការឌីស្សាញរូបរាងខាងក្រៅបែប Cute ទាក់ទាញជាមួយជម្រើសពណ៌រហូតដល់ទៅ 6 ពណ៌ មានដូចជាពណ៌ ផ្កាឈូក Cloud Pink Rice, ពណ៌ស Feather White, ទឹកប្រាក់ Moon Sword Silver, ក្រហម Scarlet Red, ស្វាយ Elegant Purple, និងផ្កាឈូក Peach Blossom Pink។ ឡានអគ្គិសនី Compact-EV នេះ មានប្រវែងតួរខ្លួន 4,195mm/ ទទឹង 1,811mm/ កំពស់ 1,569mm ឬ 1,573mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,700mm។ ផ្នែកខាងមុខរបស់ QQ3 មានការឌីស្សាញបិតជិតដោយមានរន្ធចន្លោះប្រហោងខាងក្រោមបន្តិច និងរំលេចដោយចង្កៀងភ្លើង LED ឌីស្សាញបែប Q-Shaped LED headlight។

នៅក្នុងកាប៊ីនរបស់ Chery QQ3 EV មានការឌីស្សាញបែបប្រណិតទាន់សម័យដោយប្រើប្រាស់នូវប្រព័ន្ធ AI Lingxi Smart Cabin ជាមួយការបំពាក់អេក្រង់កម្សាន្តទំហំធំ 15.6-inch កម្រិតបង្ហាញ 2.5K គាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 chip រួមនិងប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់វៃឆ្លាត Carmind intelligent agent, និងមានអេក្រង់បង្ហាញព័ត៌មានប្រភេទ Full-LCD។ នៅលើ Chery QQ3 មានកន្លែងផ្ទុករបស់របរចំនួន 38 កន្លែង ក្នុងនោះឃ្លប់លើក្បាលរថយន្តអាចផ្ទុកបានចំណុះ 70 លីត្រ ខណៈឃ្លប់គូទក្រោយអាចផ្ទុកចំណុះបាន 375 លីត្រ និងដល់ 1,450 លីត្រនៅពេលបត់កៅអីជួរក្រោយចុះ ហើយនៅក្រោមកៅអីជួរក្រោយក៏មានកន្លែងដាក់អីវ៉ាន់ដែលអាចដាក់បានចំណុះ 35L ផងដែរ។

Chery QQ3 EV ដំណើរការដោយម៉ូទ័រអគ្គិសនីខាងក្រោយមួយ (RWD) មានជម្រើសពីរកម្លាំង គឺ 58kW(78hp) មានកម្លាំងរមួល 90N.m និង 90kW (121hp) មានកម្លាំងរមួល 115N.m។ QQ3 EV មានជម្រើសកញ្ចប់ថ្មទំហំ 29.48kWh សាកភ្លើងពេញម្តងអាចបើកបាន 310km និងទំហំ 41.28kWh អាចបើកបានចម្ងាយ 420km តាមស្តង់ដារ CLTC។ ឡានអគ្គិសនីស៊េរីថ្មីនេះ គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនការសាកថ្មពី 30% ទៅ 80% ប្រើពេលខ្ទង់ 16.5 នាទី។ ជាពិសេស Chery QQ3  ក៏មានមុខងារ V2L កម្លាំង 3.3kWh និង 6.6kWh សម្រាប់ទាញភ្លើងចេញដើម្បីប្រើប្រាស់ខាងក្រៅជាមួយនឹងឧបករណ៍អគ្គិសនីផ្សេងៗក្នុងផ្ទះ ឬពេលបោះតង់បានថែមទៀតផង។

Chery QQ3 EV ប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង “Rock-solid” body structure ដែលបានផ្សំបង្គុំឡើងពីលោហៈធាតុ high-strength steel 70% និង hot-formed steel 19%។ ឡានអគ្គិសនីនេះ គាំទ្រប្រព័ន្ធជំនួយការបើកបរ Falcon 500 ADAS ដែលរួមបញ្ចូលនូវមុខងារដូចជា ជំនួយការចូលចតស្វ័យប្រវត្តិរហូតដល់ទៅជាង 100 automatic parking scenarios, មុខងារ high-speed NOA (Navigate on Autopilot) ដែលមានដូចជា adaptive cruise control, lane centring, automatic on/off-ramp navigation, និង assisted lane changes ជាដើម។ បន្ថែមពីនេះ QQ3 EV ក៏ប្រើប្រាស់នូវប្រព័ន្ធមុខងារ multi-link independent rear suspension ដែលធ្វើឲ្យប្រវែងនៃការបត់ត្រឡប់ក្រោយខ្លីត្រឹម 5.2 ម៉ែត្រប៉ុណ្ណោះ៕