នៅថ្ងៃទី 2 ខែមេសា ម្សិលមិញនេះ លោក Lei Jun ស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានប្រកាសថា ការបញ្ជាទិញឡានអគ្គិសនីជំនាន់ថ្មីឆ្នាំ 2026 SU7 Series គឺមានចំនួនលើសពី 40,000 គ្រឿង។ ជាមួយគ្នានេះ Xiaomi Auto នៅថ្ងៃទី 2 ខែមេសា ដដែលនេះបានបញ្ជាក់ថា ការនាំចេញឡានអគ្គិសនីសរុបរបស់ខ្លួនសម្រាប់ខែមីនា ឆ្នាំ 2026 គឺមានចំនួនលើសពី 20,000 គ្រឿងហើយក្នុងចំនួនសរុបនេះ គឺមានម៉ូដែល SU7 Series 2026 មានចំនួនជាង 7,000 គ្រឿង គិតចាប់តាំងពីការថ្ងៃនៃការនាំចេញដំបូងសម្រាប់ SU7 Series 2026 ដែលបានចាប់ផ្តើមកាលពីថ្ងៃទី 23 ខែមីនា ដែលមានរយះពេលប្រមាណជា 9 ថ្ងៃប៉ុណ្ណោះ។
ការនាំចេញបានចំនួនច្រើនក្នុងរយះពេលខ្លីសម្រាប់ឡានអគ្គិសនីជំនាន់ថ្មី Xiaomi SU7 2026 គឺបង្ហាញពីភាពជោគជ័យ និងតម្រូវការប្រើប្រាស់ និងការពេញចិត្តយ៉ាងខ្លាំងពីសំណាស់អតិថិជនមកលើឡានអគ្គិសនីរបស់ Xiaomi។ ជាមួយនឹងភាពជោគជ័យ និងមានតម្រូវការខ្លាំងដូចនេះ Xiaomi ក៏បានកាត់បន្ថយថេរវេលាទន្ទឹងរងចាំសម្រាប់ការនាំចេញឡានអគ្គិសនីរបស់ខ្លួនទៅកាន់ដៃអតិថិជនកាន់តែខ្លីជាងមុន។ ដែលដើមឡើយការនាំចេញសម្រាប់ម៉ូដែល Xiaomi YU7 SUV លើកដំបូងត្រូវការរយះពេលពី 33 ទៅ 56 សប្តាហ៍ ប៉ុន្តែពេលនេះ គឺកាត់បន្ថយមកនៅត្រឹមរយះពេល 7 ទៅ 14 សប្តាហ៍ប៉ុណ្ណោះ។ Xiaomi YU7 មានការនាំចេញសរុបចំនួន 200,000 ក្នុងខែកុម្ភៈ ឆ្នាំ 2026។
ជាមួយគ្នានេះ Xiaomi Auto គ្រោងនឹងបង្កើនសង្វាក់ផលិតកម្មរថយន្តថ្មីរបស់ខ្លួនទ្វេរឡើងដើម្បីបំពេញតម្រូវការទីផ្សាររបស់អ្នកប្រើប្រាស់ឲ្យបានទាន់ពេលវេល។ ទន្ទឹងនឹងនេះ Xiaomi Auto ក៏មានគម្រោងក្នុងការប្រកាសចេញរថយន្តថ្មីពី 4 ទៅ 6 ម៉ូដែលក្នុងឆ្នាំ 2026 ដែលមានទាំងម៉ូដែលអគ្គិសនីសុទ្ធ និងម៉ូដែលម៉ាស៊ីនសាំង+អគ្គិសនី ឬ Extended-range ទាំងម៉ូដែល sedan និង SUV មានទាំង 5-កៅអី និង 7-កៅអី ជាមួយតម្លៃចាប់ពីខ្ទង់ $29,000 ដល់ $79,700។
នៅក្នុងឆ្នាំ 2026 នេះ Xiaomi Auto បានកំណត់គោលដៅក្នុងការនាំចេញឡានអគ្គិសនីជំនាន់ថ្មីរបស់ឲ្យបានយ៉ាងហោចណាស់ 550,000 គ្រឿង។បច្ចុប្បន្ន Xiaomi Auto មានហាងលក់ផ្ទាល់ខ្លួនសរុបចំនួន 488 ហាងនៅទូទាំងក្រុងចំនួន 141 និងមានមជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំរថយន្តចំនួន 275 កន្លែងនៅទូទាំងទីក្រុងចំនួន 159 ក្នុងប្រទេសចិន៕
នៅក្នុងឆ្នាំ 2026 នេះ Xiaomi Auto បានកំណត់គោលដៅក្នុងការនាំចេញឡានអគ្គិសនីជំនាន់ថ្មីរបស់ឲ្យបានយ៉ាងហោចណាស់ 550,000 គ្រឿង។បច្ចុប្បន្ន Xiaomi Auto មានហាងលក់ផ្ទាល់ខ្លួនសរុបចំនួន 488 ហាងនៅទូទាំងក្រុងចំនួន 141 និងមានមជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំរថយន្តចំនួន 275 កន្លែងនៅទូទាំងទីក្រុងចំនួន 159 ក្នុងប្រទេសចិន៕




