បន្ទាប់ពីទទួលបាននូវភាពជោគជ័យដ៏គាប់ប្រសើរនៅក្នុងទីផ្សារឡានអគ្គិសនីក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ត្រូវបានគេរាយការណ៍ថា បានបង្កើតម៉ាកយីហោឡានរង ឬ Sub-brand ដំបូងរបស់ខ្លួនក្រោមស្លាកឈ្មោះថា “Sky Nomad”។ Xiaomi Sky Nomad Brand គឺម៉ាកយីហោឡានអគ្គិសនីស្ថិតក្នុងលំដាប់ “Flagship EREV SUV”។ បើតាមប្រភពព័ត៌មានបានបង្ហើបថា Xiaomi មានការសហការជាមួយនឹងក្រុមហ៊ុនផលិតថ្មឡានអគ្គិសនីធំៗចំនួនពីររបស់ប្រទេសចិន គឺ Sunwoda និង CALB ដើម្បីផលិត និងផ្គត់ផ្គង់ថ្មសម្រាប់ការផលិតឡានម៉ាក Sky Nomad របស់ខ្លួន។
យោងតាមប្រភពព័ត៌មានចេញពីឧស្សាហកម្ម ឡានម៉ូដែលដំបូងក្រោមម៉ាក Sky Nomad គឺមានឈ្មោះកូដខាងក្នុងថា “Kunlun N3” ជាប្រភេទឡាន Flagship EREV។ ឡានអគ្គិសនីម៉ាកថ្មីដំបូងរបស់ Xiaomi Auto ត្រូវគេដឹងថា គ្រោងនឹងចេញលក់លើទីផ្សារនៅឆមាសទីពីរនៃឆ្នាំ 2026។ Kunlun N3 គឺជាឡាន Full-size SUV EREV ដែលមានប្រវែងជាង 5,300mm ជាមួយនឹងចម្ងាយពីកង់មុខទៅកង់ក្រោយប្រហែល 3,100mm។ ឡាន Flagship SUV EREV ម៉ាកថ្មីនឹងត្រូវបានបំពាក់ដោយសាំង 1.5T សម្រាប់មុខងារ range-extender ហើយចម្ងាយបើកបរដោយអគ្គិសនីសុទ្ធអាចបានដល់ 400km ទៅ 500km និងចម្ងាយបើកបរសរុបរួមបញ្ចូលគ្នារវាងថាមពលថ្ម និងសាំងមួយពេញអាចបានចម្ងាយប្រហែល 1,500km។
នៅក្នុងចលនាមួយដើម្បីបង្កើនប្រសិទ្ធភាពថ្លៃដើម និងកាត់បន្ថយហានិភ័យសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ក្រុមហ៊ុន Xiaomi Auto បានរៀបចំរចនាសម្ព័ន្ធឡើងវិញនូវយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ថ្មរបស់ខ្លួនសម្រាប់ខ្សែសង្វាក់ផលិតរបស់ Sky Nomad។ ក្នុងនោះក្រុមហ៊ុន Sunwoda ត្រូវបានធានាថា ជាអ្នកផ្គត់ផ្គង់ចម្បងដែលមានចំណែក 60% នៃកូតាផ្គត់ផ្គង់ថ្មសម្រាប់ការផលិតឡាន Sky Nomad របស់ Xiaomi ខណៈដែលក្រុមហ៊ុន CALB នឹងជាអ្នកផ្គត់ផ្គង់បន្ទាប់បន្សំដែលមានចំណែក 40% ដែលនៅសល់។
Sky Nomad ត្រូវបាន Xiaomi បញ្ជាក់ថា គឺជាម៉ាករថយន្តប្រភេទ SUV ប្រណីតបំផុត Flagship SUV ដែលត្រូវចូលរួមប្រកូតប្រជែងនៅក្នុងអម្បូរឡាន SUV ខ្នាតធំប្រណីត។ ក្រុមហ៊ុនម៉ាកឡានថ្មីនេះ ផ្តោតជាចម្បងទៅលើការផលិតរថយន្តដែលមានគុណភាព ទំនើបភាព និងសមត្ថភាពបើកបរបានកាន់តែឆ្ងាយ។ លើសពីនេះ Sky Nomad នឹងដឹកនាំការពង្រីកខ្លួនទៅកាន់ទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុន Xiaomi ដោយកំណត់គោលដៅទីផ្សារក្រៅប្រទេស ជាកន្លែងដែលហេដ្ឋារចនាសម្ព័ន្ធសាកថ្មឡានអគ្គិសនីសុទ្ធនៅតែមិនទាន់មានភាពទូលំទូលាយ។
Xiaomi បន្តពង្រឹងសមត្ថភាពផលិតកម្មផ្ទៃក្នុងរបស់ខ្លួន ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រពហុអ្នកផ្គត់ផ្គង់នេះ។ ក្រុមអ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មរបស់ក្រុមហ៊ុន ឥឡូវនេះមានសមាជិកលើសពី 220 នាក់។ លើសពីនេះ Xiaomi បានដំណើរការរោងចក្រផលិតថ្មដែលគ្រប់គ្រងដោយខ្លួនឯងមួយនៅតំបន់ Yizhuang ទីក្រុងប៉េកាំង ដែលនឹងទទួលបន្ទុកការងារលើការផ្គុំថ្មមួយផ្នែកសម្រាប់សង្វាក់ឡានអគ្គិសនីថ្មីៗនាពេលអនាគតរបស់ខ្លួនថែមទៀតផង៕



