
Apple គ្រោងនឹងបង្ហាញកុំព្យូទ័រ iMac ជំនាន់ថ្មី ជាមួយនិងអេក្រង់ OLED Display
យោងតាមការបញ្ជាក់ចេញពី ZDNet Korea បានអោយដឹងថា ក្រុមហ៊ុន Apple បានត្រៀមខ្លួននៅក្នុងការប្រកាសចេញកុំព្យូទ័រ iMac ដែលមានការបំពាក់នូវអេក្រង់ OLED Panel ជាមួយនឹងកម្រិតពន្លឺ Brightness ខ្ពស់ជាងមុន។ ប្រភពខាងលើនេះ បាននិយាយថា ក្រុមហ៊ុន Apple បានស្នើសុំរួចហើយនូវគំរូអេក្រង់ទំហំ 24 អ៊ីង OLED panel ដែលមានការផ្គត់ផ្គង់ពីក្រុមហ៊ុន Samsung Display, LG Display និងក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនទៀតសម្រាប់ប្រើប្រាស់នៅលើម៉ូឌែល iMac មុនធ្វើការផលិតទ្រង់ទ្រាយធំនាពេលខាងមុខ។ ដូច្នេះសម្រាប់ម៉ូដែលថ្មីនេះ អាចនឹងក្លាយជាអេក្រង់ OLED ធំបំផុតមិនធ្លាប់មាននៅលើឧបករណ៍របស់ក្រុមហ៊ុន Apple ។
នៅក្នុងឯកសារដែលក្រុមហ៊ុន Apple បានស្នើសុំអ្នកផ្គត់ផ្គង់ជាច្រើនរបស់ខ្លួនសម្រាប់ទំហំអេក្រង់ 24-inch OLED panels នោះ គឺមានការបញ្ជាក់ថា អេក្រង់នេះ គឺមានការគាំទ្រជាមួយនឹងកម្រិតពន្លឺ 600 nits និង 218 pixels-per-inch (PPI)។ បើធ្វើការប្រៀបធៀបនោះ iMac បច្ចុប្បន្ននេះ គឺមានការប្រើប្រាស់នូវអេក្រង់ទំហំ 24 អ៊ីង LCD display ជាមួយនឹងពន្លឺ 500 nits និង 218 PPI ប៉ុណ្ណោះ។
សូមជំរាបថា ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការនេះ ក្រុមហ៊ុន Samsung Display មានគម្រោងក្នុងការផលិតនូវ 220 PPI samples សម្រាប់ការផលិត large-format Quantum Dot OLED (QD-OLED) នឹងដឹកទៅកាន់ក្រុមហ៊ុន Apple ក្នុងឆមាសទី២ ឆ្នាំ ២០២៦ នេះ។ វត្តមានអេក្រង់នេះ អាចនឹងមានការបោះជំហានពី 160 PPI QD-OLED panels ដែលបច្ចុប្បន្នផលិតសម្រាប់ម៉ូនីទ័រ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន SEMES បានប្រកាសពីខែមុននេះថា ក្រុមហ៊ុនក៏បាននាំយកនូវឧបករណ៍ inkjet printing ទៅកាន់ក្រុមហ៊ុន Samsung សម្រាប់ទ្រទ្រង់នូវ pixel density ខ្ពស់ជាងមុនផងដែរ។ ទៅលើក្រុមហ៊ុន LG Display វិញ ក៏បានធ្វើការអភិវឌ្ឍទៅលើ "eLEAP" technology ដែលអាចនឹងប្រើប្រាស់នៅលើ iMac និង MacBook នាពេលខាងមុខដូចគ្នា។ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា អាចនឹងបង្ហាញចេញនូវ OLED iMac នៅក្នុងឆ្នាំ 2029 ឬ 2030 ខាងមុខនេះហើយ។ សម្រាប់ពេលនេះ iMac ក៏មានការ upgrade ទៅកាន់បន្ទះឈីប M5 ផងដែរ៕
