AUDI ទើបតែបានបង្ហាញចេញឡានអគ្គិសនីប្រភេទ SUV ស៊េរីថ្មីម៉ូដែល E7X នៅលើគេហទំព័រផ្លូវការណ៍ក្រុមហ៊ុន SAIC-AUDI។ Audi E7X គឺជាឡានអគ្គិសនីម៉ូដែលទីពីរដែលផលិតឡើងក្រោមកិច្ចសហការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន SAIC និង Audi។ កាលពីខែមុននេះ Audi E7X ត្រូវបានគេប្រទះឃើញកំពុងបើកបរសាកល្បងនៅក្នុងអំឡុងអាកាសធាតុត្រជាក់បំផុតក្នុងប្រទេសចិន។
Audi គឺជាម៉ាកយីហោឡានបរទេសតែមួយគត់ដែលផ្តោតសំខាន់ទៅលើការផលិតឡានអគ្គិសនីតែមួយប៉ុណ្ណោះ។ រថយន្តស៊េរីថ្មីដំបូងរបស់ Audi ដែលមិនមានប្រើនិមិត្តសញ្ញាកងរង្វង់ 4 ដូចម៉ូដែលសកល ត្រូវបានប្រកាសចេញក្នុងខែវិច្ឆិកា ឆ្នាំ 2024។ ក្នុងពេលបច្ចុប្បន្ន Audi បានចេញលក់ឡានអគ្គិសនីតែមួយម៉ូដែលគត់នៅក្នុងទីផ្សារប្រទេសចិន គឺ Audi E5 ដែលជាប្រភេទឡានអគ្គិសនី Sportback ដែលប្រើប្រាស់បច្ចេកវិទ្យាក្រុមហ៊ុន SAIC។ ចំនែកម៉ូដែលថ្មី E7X បានបង្ហាញដំបូងជាគំរូឡានប្រភេទ AUDI E SUV កាលពីខែវិច្ឆិកា ឆ្នាំ 2024 បន្ទាប់មកត្រូវបានចុះបញ្ចីដោយស្ថាប័ន MIIT របស់ប្រទេសចិនក្នុងខែធ្នូ។
Audi E7X SUV មានប្រវែងតួរខ្លួន 5,049mm/ ទទឹង 1,997mm/ កំពស់ 1,710mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,060mm ជាមួយជម្រើសរង្វង់យ៉ាន់កង់ខ្នាត 21-inch និង 22-inch។ E7X SUV ជាឡានអគ្គិសនីមាន 5 កៅអី។ ផ្នែកខាងមុខរបស់ Audi E7X មានការរចនាជាមួយនឹងប្រព័ន្ធភ្លើងព័ទ្ធជាស៊ុមជុំវិញដោយប្រើប្រាស់នូវបណ្តុំអំពូលភ្លើងប្រភេទ DLP high-definition digital projection ដែលមានកម្រិតភ្លើងដល់ 1 លានភិចសែល។ ចំនែកនិមិត្តសញ្ញាអក្សរ AUDI ត្រូវបានរចនាឡើងជាមួយបណ្តុំអំពូលភ្លើង LED ហៅថា Illuminated Logo ភ្ជាប់ជាមួយ Dot Pattern ដ៏ប្រណីតប្លែកទាក់ភ្នែក។
សម្រាប់គ្រោងឆ្អឹងរបស់ AUDI E7X SUV ជាប្រភេទ all-aluminium chassis និងដំណើរការដោយប្រព័ន្ធបើកបរប៉ុងពីរដ៏ឆ្លាតវៃ “Quattro intelligent all-wheel drive system”។ ដោយឡែកនៅលើម៉ូដែល E7X Entry-level ដំណើរការដោយម៉ូទ័រអគ្គិសនី e-Motor មួយ ឬប៉ុងមួយ (RWD) អាចផលិតកម្លាំងបានដល់ 300kW (402hp) ខណៈម៉ូដែលប្រើម៉ូទ័រពីរ ឬប៉ុងពីរ (AWD) វិញ អាចផលិតកម្លាំងសរុបបានដល់ 500kW (670hp) ដែលអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.97 វិនាទី និងអាចជាន់ល្បឿនលឿនបំផុត (Top Speed) បានដល់ 230km/h។
AUDI E7X SUV ទាំងពីរម៉ូដែលប្រើប្រាស់កញ្ចប់ថ្មរបស់ក្រុមហ៊ុន CATL ទំហំ 109kWh និងគាំទ្រប្រព័ន្ធភ្លើងកម្លាំងខ្លាំង high-voltage architecture ដល់ 900V ហើយការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយដល់ 710km។ នៅលើដំបូង E7X SUV ឃើញមានបំពាក់នូវសែនស័រ LiDAR ដែលគាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ Flywheel large model ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Momenta មានសមត្ថភាពអាចដំណើរការមុខងារ NOA បានទាំងលើផ្លូវល្បឿនលឿន និងផ្លូវប្រជុំជនទីក្រុង។ Audi E7X SUV នឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ 2026 Beijing Auto Show ខាងមុខនេះ៕



