Avatr ដែលជាម៉ាកយីហោរថយន្តប្រណីត និងទំនើបឆ្លាតវៃបំផុតរបស់ក្រុមហ៊ុន Changan Automobile ទទួលបានភ្លើងខៀវក្នុងការសាកល្បងផ្លូវការណ៍លើប្រព័ន្ធជំនួយការរថយន្តបើកបរស័្វយប្រវត្តិកម្រិត L3 ឬ Level 3 Autonomous Driving Assistant System។ ហើយនេះ គឺជាជំហានដ៏មានសារសំខាន់បំផុតមួយសម្រាប់ក្រុមហ៊ុនក្នុងការឆ្ពោះទៅរកការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃនេះនៅលើរថយន្តរបស់ខ្លួននាពេលអនាគត។  ស្របពេលជាមួយគ្នានេះ Avatr ក៏បានដាក់ឯកសារស្នើរសុំចុះបញ្ចីប៉ាតង់បច្ចេកវិទ្យាថ្មីរបស់ខ្លូនទៅកាន់ផ្សារហ៊ុនហុងកុង ឬ Hong Kong Stock Exchange ផងដែរ។

សម្រាប់ប្រព័ន្ធជំនួយការរថយន្តបើកបរស្វ័យប្រវត្តិកម្រិត 3 ឬ Level 3 ADAS  មានសមត្ថភាពអនុញ្ញាតឲ្យយានយន្តអាចអនុវត្តមុខងារបើកបរដោយខ្លួនឯងក្រោមលក្ខខណ្ឌជាក់លាក់ដូចជានៅពេលមានការកកស្ទះចរាចរណ៍ជាដើម។ ក្នុងករណីទាំងនេះ អ្នកបើកបរអាចប្រលែងដៃចេញពីចង្កូតរថយន្ត និងមិនចាំបាច់ធ្វើការផ្តោតទៅលើផ្លូវជានិច្ចនោះទេ ប៉ុន្តែ អ្នកបើកត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់ការគ្រប់គ្រង់រថយន្តឡើងវិញនៅពេលដែលមានការស្នើរសុំជំនួយពីប្រព័ន្ធ។  នាពេលកន្លងមក Changan ក៏ទទួលបានអាជ្ញាប័ណ្ណសម្រាប់ការសាកល្បងប្រព័ន្ធ Level 3 ADAS រួចហើយដែរនៅលើរថយន្តម៉ូដែល Deepal SL03 នៅលើដងវិថីមួយចំនួនក្នុងទីក្រុង Chongqing។

ងាកមក Avatr វិញ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ផ្លូវការណ៍អំពីម៉ូដែលរថយន្តមួយណាដែលត្រូវបានប្រើសម្រាប់ការសាកល្បងជាមួយប្រព័ន្ធ L3 ADAS នេះឡើយទេ ប៉ុន្តែ មានការសន្និដ្ឋានថា អាចជាម៉ូដែលថ្មី Avatr 07L ដែលនឹងបង្ហាញខ្លួននៅទីផ្សារប្រទេសចិនក្នុងឆ្នាំ 2026 នេះ។ ទោះជាយ៉ាងណាជុំវិញព័ត៌មាននេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណ៍ពីក្រុមហ៊ុននោះទេ ដោយ Avatr បានបញ្ជាក់ត្រឹមតែថា ការសាកល្បងនៅលើផ្លូវជាក់ស្តែង ដែលត្រូវអនុវត្តន៍នៅលើស្ថានភាពផ្សេងៗ គឺកំពុងដំណើរការយ៉ាងរលូន។

សូមបញ្ជាក់ថា Avatr គឺជាក្រុមហ៊ុនរថយន្តចិនដំបូងគេ ដែលទទួលបានការយល់ព្រមសម្រាប់ការសាកល្បងលើប្រព័ន្ធជំនួយការរថយន្តបើកបរដោយខ្លួនឯងកម្រិត L3 នៅលើផ្លូវល្បឿនលឿនកាលពីឆ្នាំ 2023។ Avatr 11 ដែលជារថយន្ត Electric Crossover  បានបញ្ចប់ការធ្វើតេស្តសាកល្បងលើប្រព័ន្ធនេះនៅលើផ្លូវល្បឿនលឿនក្នុងទីក្រុង Chongqing ដែលមានរយះចម្ងាយជាង 5,000km ក្នុងល្បឿនចន្លោះពី 0 ទៅ 80km/h។

ជាលទ្ធផល Avatr បានទទួលនូវវិញ្ញាណបនបត្របញ្ជាក់ផ្លូវការណ៍ពីស្ថាប័ន China Automotive Technology and Research Center (CATARC)។ កន្លងមក Changan ក៏បានទទួលការអនុញ្ញាតិក្នុងការសាកល្បងលើប្រព័ន្ធជំនួយការបើកបររថយន្តស្វ័យប្រវត្តិកម្រិត L3 (Level 3 ADAS) ដែលមានភ្ជាប់ដំណើរការដោយប្រព័ន្ធសែនស័រ 4D millimeter-wave radar ផងដែរ។ ហើយប្រព័ន្ធនេះ មានសមត្ថភាពក្នុងការគណនាវិភាគទៅលើស្ថានភាពក្នុងការធ្វើចរាចរណ៍ក្នុងលក្ខខណ្ឌចំនួន 17 នៅក្នុងស្ថានភាពផ្លូវ 5 ប្រភេទផ្សេងៗគ្នា។

ក្រុមហ៊ុនផលិតសែនស័រ Hesai កន្លងមកបានធ្វើការប្រកាសចេញនូវសែនស័រថ្មី  FTX LiDAR sensor ដែលមានសមត្ថភាពអាចវិភាគស្ថានភាពផ្លូវបានក្នុងកម្រិត 180 ដឺក្រេ ដែលវាត្រូវបានឌីស្សាញឡើងសម្រាប់ភ្ជាប់ដំណើរការជាមួយប្រព័ន្ធ L3 ADAS ហើយសែនស័រនេះ ក៏ត្រូវបាន Hesai ធ្វើការផ្គត់ផ្គង់ទៅក្រុមហ៊ុន Changan ដើម្បីបំពាក់នៅលើរថយន្ត sedan ម៉ូដែល Deepal SL03 រួចហើយដែរ។ ដូចនេះ វាមានលទ្ធភាពខ្ពស់ដែល Avatr នឹងប្រើប្រាស់ FTX LiDAR Sensor នៅលើរថយន្តជំនាន់ថ្មីរបស់ខ្លួនផងដែរ៕