នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំ 2025 របស់ BYD ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2026 ថ្មីៗនេះ លោក Wang Chuanfu ដែលជាអគ្គនាយក និងជាប្រធានក្រុមហ៊ុន BYD បានសម្តែងទំនុកចិត្តយ៉ាងខ្លាំងចំពោះអនាគតរបស់ក្រុមហ៊ុន ដោយលោកបានធ្វើការព្យាករណ៍ថា BYD នឹងសម្រេចបានជាឋានៈជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ពិភពលោកក្នុងរយៈពេល 5 ឆ្នាំខាងមុខទៀតនេះ។

លោក Wang បានគូសបញ្ជាក់ពីការរីកចម្រើនដ៏រឹងមាំរបស់ក្រុមហ៊ុនផលិតរថយន្តចិននៅក្នុងទីផ្សារអន្តរជាតិ ដោយលោកបានកត់សម្គាល់ថា ផលិតផលរបស់ BYD ដែលត្រូវបានកំណត់លក្ខណៈដោយតម្លៃប្រកួតប្រជែង បច្ចេកវិទ្យាទំនើប និងបទពិសោធន៍អ្នកប្រើប្រាស់ដ៏ល្អឥតខ្ចោះ បច្ចុប្បន្នកំពុងមានដំណើរការល្អជាងដៃគូប្រកួតប្រជែងនៅក្នុងស្រុកជាច្រើន។ 

ខណៈពេលដែលដំបូងឡើយ BYD បានកំណត់គោលដៅលក់រថយន្តនៅក្រៅប្រទេសចំនួន 1.6 លានគ្រឿងសម្រាប់ឆ្នាំនេះ លោក Wang បានបង្ហាញថា និន្នាការបច្ចុប្បន្ននេះបានបង្ហាញថា តួលេខលក់របស់ BYD អាចនឹងមានចំនួនលើសពីចំនួនគោលដៅដែលបានកំណត់។  BYD បានសង្កត់ធ្ងន់លើយុទ្ធសាស្ត្រនៃ “រយៈពេលវែង” ដោយលោក Wang បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើមូលដ្ឋានីយកម្ម ដើម្បីធានាបាននូវកំណើនដែលមានស្ថិរភាព និងប្រកបដោយចីរភាព ដោយមានគោលបំណងទទួលបានលទ្ធផល “ឈ្នះ-ឈ្នះ” ឬ “win-win” នៅក្នុងទីផ្សារអន្តរជាតិ។ 

ដោយលើកឡើងពីអនាគតនៃភាពវៃឆ្លាតផ្នែកយានយន្ត លោក Wang បានពិពណ៌នាអំពីយានយន្តនេះថាជាទម្រង់មួយនៃ “ភាពវៃឆ្លាតដែលបង្កប់នៅក្នុងខ្លួនរថយន្ត” ដោយក្នុងពេលបច្ចុប្បន្ននេះ មានយានយន្តបំពាក់ដោយបច្ចេកវិទ្យាបើកបរឆ្លាតវៃចំនួន 3.15 លានគ្រឿង ដែលកំពុងបើកបរលើដងផ្លូវទូទាំងពិភពលោក ក្រុមហ៊ុន BYD បាននឹងកំពុងប្រមូលទិន្នន័យក្នុងអត្រា 200 លានគីឡូម៉ែត្រក្នុងមួយថ្ងៃ។ សំណុំទិន្នន័យនេះ បម្រើជាមូលដ្ឋានសម្រាប់សមត្ថភាពបើកបរដោយស្វ័យប្រវត្តិកម្រិតថ្មីរបស់ក្រុមហ៊ុន។ លោក Wang បានព្យាករណ៍ថា បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិត L3 និង L4 នឹងឈានដល់ទីផ្សារលឿនជាងការរំពឹងទុក។ 

លោកបានបញ្ជាក់ថា BYD ត្រូវបានរៀបចំយ៉ាងពេញលេញនៅទូទាំងបន្ទះឈីប ក្បួនដោះស្រាយ និងប្រព័ន្ធអេកូឡូស៊ីទិន្នន័យ។ លោក Wang បានមានប្រសាសន៍ថា “នៅពេលដែលបទប្បញ្ញត្តិត្រូវបានអនុវត្ត BYD នឹងចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័ស” ដោយកត់សម្គាល់ថា ក្រុមហ៊ុនបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលរួចហើយនៅអឺរ៉ុប អាមេរិកខាងត្បូង អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា ដើម្បីគាំទ្រដល់ការដាក់ឱ្យដំណើរការនេះ។ លោក Wang បានអះអាងថា ដំណើរឆ្ពោះទៅរកតំណែងលំដាប់កំពូលរបស់ BYD ស្ថិតនៅក្នុងបច្ចេកវិទ្យាស្នូលរបស់ខ្លួន។

លោកបានចង្អុលបង្ហាញថា នៅក្នុងទីផ្សារអន្តរជាតិជាច្រើន ដូចជាប្រទេសអូស្ត្រាលី អឺរ៉ុប និងអាមេរិកខាងត្បូង BYD ត្រូវបានគេយល់ឃើញថា ជាម៉ាកយីហោលំដាប់ខ្ពស់រួចទៅហើយសម្រាប់ពេលបច្ចុប្បន្ន។ លោក Wang បានមានប្រសាសន៍ថា “រថយន្ត គឺជាឧបករណ៍ដឹកជញ្ជូនដែលពាក់ព័ន្ធនឹងសុវត្ថិភាពជីវិត យើងត្រូវតែត្រលប់ទៅរកខ្លឹមសារនៃបច្ចេកវិទ្យាវិញ”។ លោកបានបន្ថែមថា ជាមួយនឹងរលកថ្មីនៃបច្ចេកវិទ្យា “ដ៏អស្ចារ្យ” ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ  BYD បានរំពឹងថា នឹងដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការធ្វើឱ្យម៉ាកយីហោរថយន្តរបស់ខ្លួនមានគុណភាពខ្ពស់ និងប្រាក់ចំណេញក្នុងយានយន្តនីមួយៗ។

លោក Wang នៅតែមានសុទិដ្ឋិនិយមសម្រាប់រយៈពេលពីបីទៅប្រាំឆ្នាំខាងមុខទៀត BYD នឹងទទួលបានអត្ថប្រយោជន៍ពីការជំរុញកំណើនការផលិត និងការលក់ទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ជាមួយកំណើនរថយន្តដែលបំពាក់នូវបច្ចេកវិទ្យាថ្មជំនាន់ថ្មីរបស់ខ្លួន “Blade Battery 2.0” ដែលជាការរួមចំនែកនាំឱ្យ BYD មានឪកាសឡើងមកកាន់តំណែងកំពូលនៅក្នុងឧស្សាហកម្មរថយន្តសកលនៅត្រឹមឆ្នាំ 2030៕