នៅទីបំផុតសមត្ថផលរថយន្តដំណើរការដោយថាមពលថ្មីក្រោមម៉ាកថ្មីដែលបង្កើតឡើងក្រោមកិច្ចសហការវិនិយោគទុនរួមគ្នារវាង Chery និង Jaguar Land Rover បានបង្ហាញរូបរាងពិតប្រាកដផ្លូវការណ៍ហើយក្រោមឈ្មោះថា Freelander 8។ ទៅលើការឌីស្សាញរូបរាងវិញ Freelander គឺបន្តប្រើប្រាស់គំរូរចនាបថ Concept 97 ប៉ុន្តែ មានការកែលម្អឡើងវិញលើផ្នែកមួយចំនួន ហើយរថយន្តអគ្គិសនីស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅទីផ្សារប្រទេសចិននាពាក់កណ្តាលឆ្នាំ 2026 ហើយក៏នឹងមានចេញលក់នៅលើទីផ្សារពិភពលោកផងដែរ។

កម្មវិធី Freelander SUV Program ត្រូវបានគេរាយការណ៍ថា បានឈានចូលដំណាក់ផ្ទៀងផ្ទាត់ផលិតកម្មហើយ បន្ទាប់ពី Freelander 8 បានឆ្លងកាត់កម្រិតក្នុងការធ្វើតេស្តធ្ងន់ៗដែលបង្ហាញពីភាពធន់រឹងមាំ និងការធ្វើតេស្តលើកម្រិតនៃផលប៉ះពាល់ផ្នែកបរិស្ថាន។ ដំណាក់កាលនៃការផ្ទៀងផ្ទាត់នេះ គឺបានបង្ហាញច្បាស់ថា ឡាន SUV ស៊េរីថ្មីដំបូងរបស់ Chery-JLR កាន់តែខិតជិតដល់ដំណាក់កាលផលិតសាកល្បង ឬ pre-production មុនចូលពេលចូលដល់ទីផ្សារ។ ទៅលើការឌីស្សាញរបស់ Freelander 8 គឺបែប boxy-design និងផ្នែកខាងមុខបិតជិតរំលេចជាមួយបណ្តុំចង្កៀងរចនារាងចតុកោណ ហើយនៅលើដំបូលខាងមុខមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR។

Freelander 8 គាំទ្រនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Huawei ADS 5 intelligent driving assistance ដែលមានជំនួយពីប្រព័ន្ធសែនស័រ 896-line LiDAR system រួមនឹងប្រព័ន្ធ i-ATS intelligent all-terrain system ដែលភ្ជាប់ជាមួយប្រព័ន្ធ LiDAR និង binocular camera ដែលមានសមត្ថភាពខ្ពស់ក្នុងការវិភាគស្ថានភាពផ្លូវបើកបរ ក្នុងការកែតម្រូវនូវយុទ្ធសាស្ត្រក្នុងការបើកបរស្វ័យប្រវត្តិប្រកបដោយស្ថិរភាព និងសុវត្ថិភាពខ្ពស់។ ប្រព័ន្ធដំណើរការទូទៅនៅលើ Freelander 8 គាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8397។ ឡានអគ្គិសនី SUV ម៉ូដែលថ្មីនេះ ផលិតឡើងតាមទម្រង់នៃស្ថាបត្យកម្មគ្រោងឆ្អឹងថ្មី (New Platform) ដែលគាំទ្រដល់ការផលិតប្រភេទឡាន BEV, PHEV និង Extended-range។

នៅក្នុងប្រទេសចិន Freelander 8 នឹងគាំទ្រប្រព័ន្ធសាកភ្លើងកម្រិតខ្ពស់ដល់ 800V high-voltage ជាមួយការប្រើប្រាស់កញ្ចប់ថ្មដែលជាសមត្ថផលអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុន CATL ដែលមានលទ្ធភាពគាំទ្រកម្លាំងសាកភ្លើងដល់ 350kW និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 6C Fast Charging ថែមទៀតផង។ ការបង្ហាញខ្លួនរបស់ Freelander 8 គឺបង្ហាញពីយុទ្ធសាស្ត្រស្តារឡើងវិញនៃម៉ាកយីហោរថយន្ត Freelander នៅក្នុងទីផ្សារប្រទេសចិន។ កិច្ចសហការ Chery-JLR គឺបង្ហាញពីការផ្តោតយកចិត្តទុកដាក់ខ្លាំងទៅលើការអភិវឌ្ឍរថយន្តអគ្គិសនី SUV លំដាប់ខ្ពស់ដែលមានការប្រកួតប្រជែងខ្លាំងរបស់ប្រទេសចិន។ 

ហើយកិច្ចសហការនេះដែរ ក៏ជាការទប់ទល់នឹងការលក់ធ្លាក់ចុះខ្លាំងរបស់ Jaguar Land Rover នៅក្នុងប្រទេសចិនផងដែរ។ យ៉ាងណាមិញសម្រាប់តម្លៃ និងលក្ខណៈសម្បត្តិលម្អិតរបស់ Freelander 8 មិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕