Denza D9 គឺជារថយន្តប្រណីតប្រភេទ MPV ដ៏ពេញនិយមបំផុត និងលក់ដាច់បំផុតនៅទីផ្សារប្រទេសចិន។ ជាមួយនឹងភាពពេញនិយម និងភាពប្រណិតនេះ Denza ដែលជាម៉ាកយីហោរថយន្តប្រណិតស្ថិតក្រោមដំបូលរបស់ BYD បានបញ្ជាក់ថ្មីៗនេះថា D9 នឹងក្លាយជាឡានអគ្គិសនីសុទ្ធម៉ូដែលទីបីនៃម៉ាកយីហោមួយនេះ ដែលនឹងមានវត្តមាននៅទីផ្សារអូស្ត្រាលីនាពេលឆាប់ៗខាងមុខនេះ។

បច្ចុប្បន្នម៉ាករថយន្ត Denza ដែលកំពុងមានវត្តមាននៅទីផ្សារប្រទេសអូស្ត្រាលី គឺមានដូចជាម៉ូដែល Denza B5 និង Denza B8 ជាប្រភេទរថយន្តដំណើរការដោយប្រព័ន្ធ Four-wheel-drive ជាមួយម៉ាស៊ីន Plug-in-hybrid petro electric។ Denza D9 នឹងក្លាយជាដៃគូប្រជែងទីផ្សារដ៏មានសក្តានុពលបំផុតនៅក្នុងទីផ្សារឡាន MPV ក្នុងប្រទេសអូស្ត្រាលីដូចជា Zeekr 009, Mercedes-Benz V-Class, Lexus LM – ក៏ដូចជា Toyota Alphard និង Vellfire។ D9 Luxury បំពាក់ដោយកៅអីបីជួរស្មើរនឹង 7 កៅអី ដែលរៀបជា 2x2x3។

Denza D9 មានតម្លៃធូរថ្លៃជាងបើធៀបនឹងម៉ូដែល Zeekr 009 និង Lexus LM ដោយមានតម្លៃខ្ទង់ $85,990 ដុល្លារសម្រាប់ម៉ូដែលប្រើម៉ូទ័រមួយ ឬ front-wheel-drive រីម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ ឬ all-wheel-drive មានតម្លៃខ្ទង់ $95,900 តម្លៃបូកបញ្ចូលពន្ធរួចរាល់។ សម្រាប់ Denza D9 ម៉ូដែល FWD បំពាក់ម៉ូទ័រអគ្គិសនីមួយអាចផលិតកម្លាំងបាន 230kW និងកម្លាំងរមួល 360Nm ខណៈម៉ូដែល AWD ប្រើម៉ូទ័រពីរអាចផលិតកម្លាំងបាន 275kW និងកម្លាំងរមួល 470Nm។ Denza D9 ទាំងពីរម៉ូដែលប្រើកញ្ចប់ថ្មទំហំ 103.3kWh ជាប្រភេទថ្ម LFP Blade battery ផលិតដោយក្រុមហ៊ុន BYD ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 480km សម្រាប់ម៉ូដែល AWD និង 520km សម្រាប់ម៉ូដែល FWD។

ឡាន Luxury MPV នេះ គាំទ្រកម្លាំងសាកភ្លើង DC 200kW និង AC 11kW ព្រមទាំងមានមុខងារ V2L សម្រាប់ទាញភ្លើងចេញយកទៅប្រើប្រាស់ជាមួយឧបករណ៍អេឡិចត្រូនិចខាងក្រៅបានថែមទៀតផង។ ចូលមកផ្នែកខាងក្នុងរបស់ Denza D9 មានការឌីស្សាញបែបប្រណិតនិយមជាមួយការបំពាក់នូវកៅអីស្បែកប្រណិតប្រកបដោយផាសុខភាព ដោយកៅអីជួរទីពីរមានមុខងារកម្តៅ ខ្យល់ត្រជាក់ និងម៉ាស្សា ក៏ដូចជាអេក្រង់ទំហំ 5.5-inch សម្រាប់ធ្វើការបញ្ជាមុខងារផ្សេងដោយឯករាជ្យថែមទៀតផង។ ឡាន MPV ដ៏ប្រណិតមួយនេះមានបំពាក់ប្រព័ន្ធបំពងសំឡេងចំនួន 14 គ្រាប់ប្រភេទ Dynamic sound system, ទ្វារប្រភេទទ្វារបឺត និងដំបូលបើកពីរតង់ panoramic dual-sunroof system ជាដើម។

សម្រាប់ប្រព័ន្ធជំនួយការសុវត្ថិភាពបើកបរវិញ Denza D9 បានបំពាក់មកនូវប្រព័ន្ធឆ្លាតវៃ ប្រព័ន្ធបើកបរឆ្លាតវៃរបស់ “God’s Eye” BAS 3.0+ advanced driving assistance system របស់ BYD ដែលរួមសហការដោយសែនស័រចំនួន 32 គ្រាប់។ Denza D9 មានតួរខ្លួនប្រវែង 5,250mm/ ទទឹង 1,960mm/ កំពស់ 1,900mm និងកម្លាតកង់មុខទៅក្រោយប្រវែង 3,110mm។ D9 ប្រើប្រាស់យ៉ាន់កង់ទំហំ 18-inch ជាប្រភេទ Aluminum Alloy រចនាជាកាំរាយ ឬ multi-spoke rims៕