ក្រុមហ៊ុន BYD ត្រៀមចេញលក់រថយន្ត Plug-in-hybrid ស៊េរីថ្មីម៉ូដែល Dolphin G DM-i ដែលជាម៉ូដែលដំបូងគេរបស់ក្រុមហ៊ុនដែលមានការរចនាផលិតឡើងសម្រាប់ទីផ្សារអឺរ៉ុប។ Dolphin G DM-i នឹងចេញលក់ផ្លូវការណ៍នៅទីផ្សារអឺរ៉ុបនៅរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ 2026 នេះ ដោយទីផ្សារដំបូងគេ គឺនៅប្រទេសអាល្លឺម៉ង់។ រថយន្ត PHEV ស៊េរីថ្មីនេះត្រូវបានគេដឹងថា នឹងចេញលក់ក្នុងតម្លៃខ្ទង់ 28,990 អឺរ៉ូ ឬប្រហែល 33,550 ដុល្លារអាមេរិក។
លក្ខណៈពិសេសរបស់ BYD Dolphin G DM-i គឺជាម៉ូដែលដំបូងគេរបស់ BYD ដែលត្រូវបានធ្វើការឌីស្សាញផលិតឡើងសម្រាប់ទីផ្សារអឺរ៉ុប ដែលនឹងត្រូវផលិតនៅក្នុងរោងចក្រ BYD ស្ថិតក្នុងទីក្រុង Szeged ប្រទេសហុងគ្រី។ រថយន្ត Plug-in-hybrid ស៊េរីថ្មីនេះ មានការឌីស្សាញបែបស្ទាយរថយន្ត hatchback ជាមួយបណ្តោយតួរខ្លួន 4,160mm/ទទឹង 1,825mm/ កំពស់ 1,575mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,610mm ជាមួយដៃទ្វារលាក់ពាក់កណ្តាល ឬ semi-hidden-door handle។
ផ្នែកកាប៊ីនខាងក្នុងរបស់ Dolphin G DM-i មានបំពាក់នូវអេក្រង់បង្ហាញព័ត៌មានទំហំ 8.8-inch ជាអេក្រង់ LCD និងអេក្រង់កម្សាន្តនៅកណ្តាលតាប់ឡូមានទំហំ 10.1-inch ឬ 12.8-inch អាស្រ័យទៅលើជម្រើសម៉ូដែល។ នៅផ្នែកកណ្តាលមានកន្លែងសាកថ្មស្មាតហ្វូនមិនប្រើខ្សែ, កន្លែងដាក់កែវទឹក និងបណ្តុំប៊ូតុងចុចបញ្ជាមុខងារមួយចំនូនជាប្រភេទ Physical Button។ រថយន្ត PHEV-Hatchback នេះ អាចផ្ទុកទំងន់បាន 425kg និងដល់ 1,225kg នៅឃ្លប់គូទក្រោយនៅពេលបត់កៅអីជួរទីពីរចុះ។
BYD Dolphin G DM-i ដំណើរការដោយប្រពព័ន្ធបច្ចេកវិទ្យា Plug-in-hybrid ដែលគាំទ្រដោយម៉ាស៊ីនសាំង 1.5-litre ប្រភេទ Naturally Aspirated engine កម្លាង 94 សេះ និងភ្ជាប់ដំណើរការបង្វិលកង់ដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយមានកម្លាំង 161 សេះ។ សរុបកម្លាំងថាមពលដែលអាចធ្វើបាន គឺដល់ 173 សេះ សម្រាប់ម៉ូដែល Dolphin G DM-i Active ដែលម៉ូដែលនេះមានបំពាក់នូវកញ្ចប់ថ្មទំហំតូចត្រឹម 7.42kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 40km ដោយប្រើអគ្គិសនីសុទ្ធក្រោមស្តង់ដារបើកបរ WLTP។
ដោយឡែកម៉ូដែល Dolphin G DM-i Boost, Comfort និង Sport មានបំពាក់កញ្ចប់ថ្មទំហំធំដល់ 18.3kWh ដែលអាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 105km (WLTP) នៅពេលសាកភ្លើងពេញម្តង។ ហើយទាំងបីម៉ូដែលនេះ គឺអាចផលិតកម្លាំងសរុបបានដល់ 209 សេះ។ Dolphin G DM-i Series អាចជាស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 8.3 វិនាទី ហើយនិងមានកម្រិតនៃការស៊ីសាំងប្រមាណ 4.5L/100km។
តម្លៃរបស់ BYD Dolphin G DM-i Europe Series៖
- ម៉ូដែល Dolphin G DM-i Active មានតម្លៃខ្ទង់ $ 33,550
- ម៉ូដែល Dolphin G DM-i Boost មានតម្លៃខ្ទង់ $ 37,040
- ម៉ូដែល Dolphin G DM-i Comfort មានតម្លៃខ្ទង់ $ 38,775
- ម៉ូដែល Dolphin G DM-i Sport មានតម្លៃខ្ទង់ $ 39,930៕




