Exeed EX6 គឺជារថយន្តប្រភេទ Crossover Plug-in-hybrid ស៊េរីថ្មីចេញពីក្រុមហ៊ុន Chery និងជាម៉ូដែលថ្មីនៃម៉ូដែល Omoda 9។ EX6 ត្រូវបានក្រុមហ៊ុនធ្វើការរចនារូបរាងឡើងថ្មីដោយប្រើប្រាស់ភាសារចនា “Perpetua design language” ចុងក្រោយរបស់ Exeed ផ្ទាល់តែម្តង និងជាម៉ូដែលរថយន្ត Plug-in-hybrid។ Exeed EX6 Crossover ថ្មីនេះ នឹងចូលទីផ្សារប្រទេសចិននៅត្រីមាសទីបីនៃឆ្នាំ 2026 ខាងមុខនេះ។

រថយន្តប្រភេទ Plug-in-hybrid ថ្មីនេះ គឺមានការឌីស្សាញរូបរាងឡើងប្រណីតទាក់ទាញដោយរួមបញ្ចូលការឌីស្សាញរថយន្ត Crossover ជាមួយស្ទាយរថយន្ត Coupe។ Exeed EX6 មានប្រវែងតួរខ្លួន 4,830 mm/ទទឹង 1,920mm/កំពស់ 1,680mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,800mm។ EX6 មានតួរខ្លួនវែងជាង 55mm និងកំពស់ខ្ពស់ជាង 9mm ធៀបនឹងម៉ូដែល Omoda 9។ នៅលើដំបូលខាងមុខមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR និងផ្នែកចំហៀងប្រើប្រាស់ដៃទ្វារលាក់ពាក់កណ្តាល ឬ semi-hidden-door handle រីនៅផ្នែកខាងក្រោយមានបំពាក់នូវប្រព័ន្ធភ្លើងមួយបន្ទាត់អូសកាត់ពីម្ខាងទៅម្ខាង “single taillight”។

Exeed EX6 ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Plug-in-hybrid ដោយប្រើម៉ាស៊ីនសាំង 1.5-litre turbocharged កម្លាំង 154 សេះ ហើយម៉ាស៊ីននេះមានកម្រិតស៊ីសាំងតិចតូចបំផុតចន្លោះពី 0.86L ទៅ 1.31L ក្នុង 100km។ EX6 អាចជាន់ល្បឿនលឿនបំផុតបានដល់ 180km/h។ យ៉ាងណាមិញមិនមានព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីដែលប្រើនៅលើ EX6 នោះទេ។ ប៉ុន្តែ មានការព្យាករណ៍ថា Exeed EX6 អាចនឹងដំណើរការជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនី រួមនឹងប្រព័ន្ធ C-DM Plug-in-hybrid ដូចគ្នានឹងម៉ូដែល Exeed Yaoguang C-DM 2025 ដែលម៉ូដែលនេះអាចផលិតកម្លាំងសរុបបានដល់ 610 សេះ និងអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 4.3 វិនាទី។ 

Exeed EX6 ក៏នឹងនាំចេញទៅប្រកាសលក់នៅទីផ្សារក្រៅស្រុកឆាប់ៗផងដែរ ក្រោយពីការចេញលក់នៅទីផ្សារប្រទេសចិននៅត្រីមាសទីបីនៃឆ្នាំ 2026។ ដោយឡែកសម្រាប់តម្លៃរបស់ EX6 នៅមិនទាន់បានបង្ហាញឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕