ថ្ងៃទី 29 ខែមេសា ម្សិលមិញនេះ BYD បានប្រកាសចេញលក់ផ្លូវការណ៍ឡានអគ្គិសនី SUV ស៊េរីថ្មីម៉ូដែល Fang Cheng Bao Ti7 EV ម៉ូដែល Flash Charging Edition នៅទីផ្សារបរទេសហៅថា BYD Ti7 EV ជាមួយជម្រើសពីរម៉ូដែលមានតម្លៃចាប់ពីខ្ទង់ $29,000 ដល់ $30,400 នៅទីផ្សារប្រទេសចិន។ ឡាន SUV ស៊េរីថ្មីនេះ រក្សាការឌីស្សាញដូចគ្នានឹងម៉ូដែល Plug-in-hybrid គ្រាន់តែ BYD បានបំពាក់នូវកញ្ចប់បច្ចេកវិទ្យាថ្មជំនាន់ថ្មី Blade Battery 2.0 គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត Flash Charging technology របស់ BYD ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 755km។

FCB Ti7 EV មានការឌីស្សាញរូបរាងខាងក្រៅឡើងជាមួយភាពរឹងមាំ និងមានអំណាចដែលការឌីស្សាញឡើងតាមទម្រង់នៃភាសារចនា “Boxy Design language” ។ Ti7 EV មានតួរខ្លួនប្រវែង 4,999mm/ ទទឹង 1,995mm/ កំពស់ 1,865 ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,920mm។ ផ្នែកខាងមុខមានការឌីស្សាញរំលេចជាមួយចង្គៀងមានរចនាបថរាងអក្សរ L ឬ L-Shaped headlight និងខាងក្រោយមានភ្ជាប់ជាមួយនឹងប្រអប់ដាក់ឥវ៉ាន់ភ្ជាប់នៅលើទ្វារក្រោយ ហើយក្បាលខាងមុខក៏មានថតសម្រាប់ដាក់របស់របរផងដែរ។ ផ្នែកកាប៊ីនខាងក្នុងរបស់ Ti7 EV មានការឌីស្សាញបែបស្ទាយ “Interstellar Ark” ដែលច្របាច់បញ្ចូលគ្នារវាងសមាសធាតុរចនាបែប Square និង Round ជាមួយនឹងDual-layer floating Design ដែលផ្តល់នូវភាពទូលាយនៅផ្នែកខាងក្នុងរបស់រថយន្ត។ សម្រាប់សមាសភាគគ្រឿងបំពាក់ គឺមានលាយលំគ្នាជាមួយស្បែក។

សម្រាប់គ្រឿងបរិក្ខាបំពាក់ខាងក្នុងកាប៊ីនរួមមានដូចជា អេក្រង់កម្សាន្តទំហំធំដល់ 15.6-inch នៅកណ្តាល, អេក្រង់បង្ហាញព័ត៌មានទំហំ 12.3-inch, ប្រព័ន្ធបច្ចេកវិទ្យាបង្ហាញលក់កញ្ចក់ដំបូលខាងមុខ W-HUD ទំហំ 26-inch និងចន្លោះប្រហោងរន្ធម៉ាស៊ីនត្រជាក់នៅខាងក្រោមអេក្រង់កណ្តាល ព្រមទាំងមានអេក្រង់សម្រាប់គ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អ្នកអង្គុយកៅអីខាងក្រោយផង។ ជាពិសេស BYD បានបន្ថែមនូវ BYD Pad ទំហំ 13-inch ភ្ជាប់នៅលើក្បាលកៅអីខាងមុខសម្រាប់អ្នកអង្គុយកៅអីខាងក្រោយប្រើប្រាស់លេងកម្សាន្តថែមទៀតផង ដែលសរុបទៅ គឺមានអេក្រង់ចំនួន 7 នៅខាងក្នុងកាប៊ីនរបស់ FCB Ti7 EV Flash Charging Edition។

ទៅលើប្រព័ន្ធជំនួយសុវត្ថិភាពបើកបរវិញ FCB Ti7 EV Flash Charging Edition គាំទ្រដោយបច្ចេកវិទ្យាឆ្លាតវៃ  intelligent driving assistance កម្រិត  “God’s Eye B – Advanced Driver Assistance Laser Edition។ ដូចបញ្ជាក់ពីខាងដើមអីចឹងថា FCB Ti7 EV Flash Charging Edition អាចបើកបរបានចម្ងាយ 755km នៅពេលសាកភ្លើងពេញម្តង ជាមួយការប្រើប្រាស់បច្ចេកវិទ្យាកញ្ចប់ថ្មជំនាន់ទីពីរ BYD Blade Battery 2.0 និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន BYD Flash Charging Technology ដែលសាកភ្លើងពី 10% ទៅ 70% ចាយពេលខ្ទង់ 5 នាទី, ពី 10% ទៅ 97% ចាយពេលខ្ទង់ 9 នាទី ក្រោមលក្ខខណ្ឌសីតុណ្ហភាពទូទៅ ខណៈក្នុងលក្ខខណ្ឌសីតុណ្ហភាព -30 អស្សា សាកពី 20% ទៅ 97% ប្រើពេលត្រឹមតែ 3 នាទីប៉ុណ្ណោះ។ យ៉ាងណាមិញពាក់ព័ន្ធនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីដែលប្រើនៅលើ FCB Ti7 EV Flash Charging Edition ក្រុមហ៊ុនមិនបានប្រាប់ឲ្យដឹងនៅឡើយទេ។

Fang Cheng Bao ជាម៉ាកយីហោរថយន្តប្រណីតកម្រិត Premium Flagship មួយរបស់ BYD បើគិតត្រឹមខែ ធ្នូ ឆ្នាំ 2025 ម៉ាកយីហោមួយនេះលក់រថយន្តបានចំនួន 50,868 គ្រឿង ខណៈក្នុងខែមីនា ឆ្នាំ 2026 លក់បានចំនួន 25,926 គ្រឿង៕