ស្វែងរកពួកយើង:

Ford​ លើក​ពាន​នៅ​ទីលានប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​ Le​ Mans​ 2016

ដោយ

Koun Jab Luffy

02 កក្កដា 2016 06:11 ព្រលឹម

អាន 5 នាទី

​រថយន្ត​ Ford​ GT​ ពាក់​ស្លាក​លេខ​ 68​ បើកបរ​ដោយ​កីឡាករ​ Sébastien​ Bourdais​ (​បារាំង​),​ Joey​ Hand​ (​អា​មេ​រិច​)​ និង​ Dirk​ Müller​ (​អា​ឡឺ​ម៉​ង់​)​ បាន​ឆ្លងកាត់​គំនូសបន្ទាត់​ចុង​ក្រោយ​ និង​ទទួល​បាន​ពានរង្វាន់​លេខ​ 1​ នៅ​ទីលានប្រណាំង​រថយន្ត​ Le​ Mans​ 24​ Hours​ នៅ​ម៉ោង​បី​រសៀល​នៅ​ថ្ងៃអាទិត្យ​កាលពី​ពី​រស​ប្ដា​ហ៍​មុន​។​ រថយន្ត​ Ford​ GT​ ពាក់​ស្លាក​លេខ​ 69​ បើកបរ​ដោយ​កីឡាករ​ Ryan​ Briscoe​ (​អូស្ត្រាលី​),​ Scott​ Dixon​ (​នូ​វែ​ល​ហ្សេ​ឡង់​)​ និង​ Richard​ Westbrook​ (​អង់គ្លេស​)​ ទទួល​បាន​ពានរង្វាន់​លេខ​បី​ រីឯ​ រថយន្ត​ Ford​ GT​ ពាក់​ស្លាក​លេខ​ 66​ និង​ 67​ ជាប់​ចំណាត់ថ្នាក់​លេខ​បួន​ និង​លេខ​ប្រាំបួន​ បន្តបន្ទាប់​គ្នា​។​
​លោក​ Bill​ Ford​ អគ្គនាយក​ប្រតិបត្តិ​ ក្រុមហ៊ុន​ Ford​ Motor​ Company​ មាន​ប្រសាសន៍​ថា​៖​ “​ព្រឹត្តិការណ៍​នេះ​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សំរាប់​ក្រុមហ៊ុន​ Ford​ Motor​ Company”​។​ “​យើង​តែងតែ​សង្ឃឹមថា​យើង​នឹង​អាច​ត្រឡប់​ទៅ​ចូលរួម​ការ​ប្រណាំង​រថយន្ត​ Le​ Mans​ 50​ ឆ្នាំ​បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ឆ្នាំ​ 1966​ និង​អាច​យកឈ្នះ​ការ​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​នេះ​ម្ដងទៀត​។​ មោទនភាព​ដែល​យើង​ទាំងអស់​គ្នា​ទទួល​បាន​ នៅ​ពេល​ដែល​ Ford​ GT​ បាន​ឆ្លងកាត់​ខ្សែរ​បន្ទាត់​ចុង​ក្រោយ​នៅ​ក្នុង​ការ​ប្រកួត​ Le​ Mans​ គឺ​ពិតជា​អស្ចារ្យ​មិន​អាច​នឹង​បកស្រាយ​បាន​។​ ក្រុមការងារ​ដែល​បាន​រចនា​បង្កើត​រថយន្ត​នេះ​ឡើង​ និង​ចូលរួម​ការ​ប្រណាំង​រថយន្ត​ បាន​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​នាំ​យើង​ទៅ​ដល់​គោលដៅ​ ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ពួក​គាត់​ខ្លាំង​ណាស់​។​ ក្រុម​ប្រណាំង​រថយន្ត​ Ford​ Chip​ Ganassi​ បាន​បង្ហាញ​ពី​ស្មារតី​ គំនិត​ច្នៃប្រឌិត​ថ្មី​ ការ​ប្ដេជ្ញា​ចិត្ត​ និង​ស្មារតី​ការងារ​ជា​ក្រុម​ដ៏​មុះ​មុត​របស់​ក្រុមហ៊ុន​ Ford​។​ យើង​ពិតជា​ស្រលាញ់​និង​គោរព​ប្រវត្តិសាស្ត្រ​និង​កេរដំនែល​របស់​ Ford​ ហើយ​នៅ​ក្នុងថ្ងៃនេះ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​យើង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​នេះ​ជា​ថ្មី​ម្តងទៀត​”​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ Bill​ Ford​។​
​លោក​ Mark​ Fields​ ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​ ក្រុមហ៊ុន​ Ford​ Motor​ Company​ បាន​មាន​ប្រសាសន៍​ថា​៖​ ការ​បង្កើត​រថយន្ត​ថ្មី​មួយ​និង​មាន​ឳ​កាសចូល​រួម​ក្នុង​ការ​ប្រណាំង​រថយន្ត​ Le​ Mans​  គឺជា​សម្មត​ផល​ដ៏​មហិមា​របស់​ក្រុមហ៊ុន​ Ford”​។​ “​យើង​បាន​ចូលរួម​ និង​បាន​យកឈ្នះ​ការ​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​ Le​ Mans​ 47​ Hours​។​ យើង​ពិតជា​រីករាយ​ណាស់​ដែល​បាន​ចែករំលែក​ព្រឹត្តិការណ៍​ដ៍​អស្ចារ្យ​នេះ​ជាមួយនឹង​ Ford​ Dealer​ បុគ្គលិក​ Ford​ ទាំងអស់​ ម្ចាស់​ឧបត្ថម្ភ​ ក៏​ដូច​ជា​អតិថិជន​របស់​ Ford​  ដែល​ជា​ចំនែក​នៃ​គ្រួសារ​ Ford​ ផង​ដែរ​។​ ក្រុមហ៊ុន​រថយន្ត​ទាំងអស់​ដែល​មាននៅ​ក្នុង​ក្លិប​ GTE​ Pro​ Class​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី​ប្រកួតប្រជែង​យ៉ាង​ពិតប្រាកដ​ ហើយ​យើង​ពិតជា​រំភើប​យ៉ាង​ខ្លាំង​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រណាំង​រថយន្ត​ដែល​មិន​គួរ​ឱ្យ​ជឿ​នេះ​”​។​
​ក្រោយ​ការ​ប្រកួត​រវាង​រថយន្ត​ Ferrari​ ពាក់​ស្លាក​លេខ​ 82​ រថយន្ត​ Ford​ GT​ ពាក់​ស្លាក​លេខ​ 68​ បាន​នាំមុខ​ក្នុង​វេលា​ចុង​ក្រោយ​នៃ​ការ​ប្រកួត​អស់​រយៈពេល​ ២០​  ម៉ោង​នេះ​។​ លោក​ Hand​ គឺជា​អ្នក​បើក​ចុង​ក្រោយ​គេ​ នៅ​ពេល​ដែល​រថយន្ត​ Ford​ GT​ បាន​វ៉ា​ធ្វើការ​ដាច់​រថយន្ត​ Ferrari​ ដែល​បង្កើត​បានជា​ប្រវត្តិ​សស្ត្រ​នៃ​ការ​ប្រកួតប្រជែង​គ្នា​ រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​ពីរ​អស់​រយៈកាល​ជាង​ ៥០​មកនេះ​។​
​ “​វា​ពិតជា​មាន​អត្ថន័យ​ណាស់​ដែល​ពួក​យើង​អាច​ត្រលប់​មក​វិញ​50​ ឆ្នាំ​បន្ទាប់​ពី​ Ford​ បាន​ឈ្នះ​ការ​ប្រកួត​ដដែល​នេះ​កាលពី​ឆ្នាំ​ 1966​ មក​”​ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក​ Hand​។​ គាត់​បាន​បន្ត​ទៀត​ថា​៖​ “​យើង​បាន​និយាយ​ថា​យើង​ចង់​ឈ្នះ​ ប៉ុន្តែ​ដើម្បី​យកឈ្នះ​ការ​ប្រកួត​នេះ​ វា​ពិតជា​មិន​ងាយស្រួល​នោះ​ទេ​។​ ក្រុមការងារ​ពួក​យើង​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ទោះបីជា​ថ្ងែ​ឈប់​សម្រាក​ក៏​ដោយ​ ដើម្បី​បង្កើត​បាន​នូវ​រថយន្ត​ប្រណាំង​មួយ​ដែល​មាន​អានុភាព​លើសគេ​។​ ខ្ញុំ​ធ្លាប់​បាន​ឈ្នះ​ការ​ប្រណាំង​រថយន្ត​ជា​ច្រើន​ ហើយ​ជ័យជម្នះ​លើក​នេះ​គឺជា​ជ័យជម្នះ​ធំ​បំផុត​សម្រាប់​ខ្ញុំ​។​ ខ្ញុំ​ពិតជា​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​បាន​ក្លាយ​ ជា​ផ្នែក​មួយ​នៃ​ព្រឹ​តិ្ត​ការណ៍​នេះ​ និង​សមាជិក​របស់​ក្រុម​គ្រួសារ​ Ford​ ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ Ford​ ។​ ជ័យជម្នះ​នេះ​មាន​អត្ថន័យ​ពិសេស​សម្រាប់​ លោក​ Bourdais​។​ គាត់​បាន​ចូលរួម​ការ​ប្រណាំង​រថយន្ត​ Le​ Mans​ 10​ ដង​មក​ហើយ​ នេះ​គឺជា​ជ័យជម្នះ​លើក​ដំបូង​របស់​លោក​។​
​លោក​ Bourdais​ បាន​និយាយ​ថា​៖​ “​វា​ជា​រឿង​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ​ដែល​ខ្ញុំ​អាច​ឈ្នះ​ការ​ប្រកួត​នេះ​”​។​ នៅ​ក្នុង​នោះ​បាន​រួម​បញ្ចូល​នូវ​ការ​ខិតខំ​ប្រឹងប្រែង​និង​កម្លាំង​ចិត្តជា​ច្រើន​ដែល​អាច​ឲ្យ​ពួក​យើង​ឈរ​នៅ​ទី​នេះ​ និង​ប្រគល់​ពានរង្វាន់​នេះ​ ឱ្យទៅ​គ្រួសារ​របស់​ក្រុមហ៊ុន​ Ford​ និង​មនុស្ស​គ្រប់​គ្នា​បាន​ជាប់​ពាក់ព័ន្ធ​អារម្មណ៍​បែប​នេះ​ពិតជា​ពិសេស​ខ្លាំង​ណាស់​។​ អ្វីៗ​គ្រប់យ៉ាង​ហាក់បីដូចជា​បាន​ព្រៀង​ទុកជា​មុន​ ប្រវត្តិសាស្ត្រ​ ការ​ប្រណាំង​រថយន្ត​រវាង​រថយន្ត​ Ferrari​  និង​រថយន្ត​ Ford​  កាលពី​ 50​ ឆ្នាំ​មុន​ ព្រឹ​តិ្ត​ការណ៍​បាន​កើតឡើង​ម្ដងទៀត​នៅ​ថ្ងៃនេះ​។​ ជ័យជម្នះ​លើក​នេះ​ពិតជា​អស្ចារ្យ​ណាស់​។​​រថយន្ត​ Ford​ GT​ ពាក់​ស្លាក​លេខ​ 66​ ទទួល​បាន​ពិន្ទុ​ក្នុង​ FA​ World​ Endurance​ Championship​ ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ ជា​ហេតុ​នាំ​ឲ្យ​រថយន្ត​អាច​ចូលរួម​ការ​ប្រកួត​របស់​ WEC​ បន្ត​បាន​។​ ក្រុម​កីឡាករ​ IMSA​ Ford​ Chip​ Ganassi​  បាន​ធ្វើ​ដំនើរ​ត្រលប់​ទៅ​សហរដ្ឋ​អា​មេ​រិច​វិញ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ WeatherTech​ SportsCar​ Championship​ បន្ត​ទៀត​ នៅ​ឯ​ Watkins​ Glen​ ថ្ងៃ​ទី​៣​ខែកក្កដា​ខាង​មុខ​នេះ​។​
Ford​ លើក​ពាន​នៅ​ទីលានប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​ Le​ Mans​ 2016