កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តសហរដ្ឋអាមេរិក Ford បានបញ្ជាក់ថា ខ្លួនត្រៀមនាំយករថយន្ត Ford Bronco ម៉ូដែលថ្មី ដែលត្រូវបានធ្វើការរចនាផលិតឡើងសម្រាប់ទីផ្សារប្រទេសចិនដែលមានទាំងជម្រើសម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ (BEV) និងម៉ូដែល Extended-range (EREV) ចូលទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី។ ហើយ All-New Ford Bronco New Energy អាចនឹងចូលទីផ្សារប្រទេសអូស្ត្រាលីផ្លូវការណ៍នៅចុងឆ្នាំ 2026 នេះ ឬក៏នៅឆ្នាំ 2027 នេះបើតាមរបាយការណ៍ពី Ford Authority។

ជាមួយនឹងការផ្លាស់ប្តូរទីផ្សារលក់របស់ Ford Bronco ម៉ូដែលថ្មីពីទីផ្សារលក់ក្នុងស្រុកទៅកាន់ទីផ្សារក្រៅស្រុកនេះ គឺដោយសារតែក្រុមហ៊ុន Ford ចង់បន្ថែមម៉ូដែលរថយន្តសម្រាប់ការប្រកូតប្រជែងជាមួយនឹងរថយន្តក្រុមហ៊ុនចិនផ្សេងៗទៀតដែលកំពុងដាក់លក់រថយន្តរបស់ពួកគេរួចហើយតាមរយះបណ្តាញលក់ Down Under ក្នុងប្រទេសអូស្ត្រាលី។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ CarExpert លោក Ben Nightingale អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងផលិតផលរបស់ Ford Australia ត្រូវបានគេសួរថា តើពេលណា ក្រុមហ៊ុន The Blue Oval ពិតជាមានគម្រោងក្នុងការនាំយក Ford Bronco New Energy ចូលទៅកាន់ទីផ្សារអូស្ត្រាលីពិតដែរ ឬទេ  ហើយរថយន្ត Ford ដែលផលិតនៅប្រទេសចិនម៉ូដែលផ្សេងទៀតអាចនឹងមានគោលដៅទៅកាន់ទីផ្សារប្រទេសនេះដូចគ្នាដែរ ឬយ៉ាងណា? 

ពាក់ព័ន្ធនឹងសំនួរនេះ លោក Ben បានមានប្រសាសន៍ថា  “សម្រាប់ពេលបច្ចុប្បន្ននេះ យើងមិនមានព័ត៌មានផ្លូវការណាមួយដើម្បីចែករំលែកអំពីរថយន្ត Ford Bronco New Energy សម្រាប់ប្រទេសអូស្ត្រាលីនៅឡើយទេ” ដោយសារតែយើងជាក្រុមហ៊ុនសកល យើងកំពុងពិនិត្យមើលផលប័ត្រទាំងមូលរបស់យើងជានិច្ច រួមទាំងយានយន្តដែលចេញពីការបណ្តាក់ទុនរួមគ្នារបស់យើងនៅក្នុងប្រទេសចិន ដើម្បីមើលថាតើអ្វី ដែលអាចជាការសមស្របដ៏ល្អសម្រាប់អ្នកបើកបរក្នុងប្រទេសអូស្ត្រាលី”។ ហើយប្រសិនបើវាត្រូវបានលក់នៅក្នុងប្រទេសអូស្ត្រាលីមែន រថយន្ត Ford Bronco New Energy អាចនឹងទាក់ទាញអតិថិជននៅក្នុងទីផ្សារបានច្រើន ដោយសារតែហេតុផលមួយចំនួន គូបផ្សំនឹងការដាក់លក់ក្នុងតម្លៃសមរម្យ គឺខ្ទង់ប្រហែល $34,727 ទៅដល់ $43,408។ 

រថយន្ត Ford Bronco ម៉ូដែលថ្មី ឬ New Energy ត្រូវបានអភិវឌ្ឍន៍ផលិតឡើងនៅក្នុងប្រទេសចិនក្រោមកិច្ចសហការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន Ford Motor និង Jiangling Motors (JMC)។ នៅលើម៉ូដែល Ford Bronco EREV មានបំពាក់ដោយម៉ាស៊ីន turbocharged 1.5L I-4 gasoline engine ភ្ជាប់ដោយកញ្ចប់ថ្មទំហំ 43.7kWh ដែលសាកភ្លើងពេញអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 200km និងអាចបើកបរបានចម្ងាយសរុបប្រហែល 1,000km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។ ចំនែកម៉ូដែលប្រើអគ្គិសនីសុទ្ធ  (BEV) មានបំពាក់នូវកញ្ចប់ថ្មទំហំ 105kWh៕