ក្រុមហ៊ុន Ford Australia នៅតែបន្តពឹងផ្អែកខ្លាំងទៅលើរថយន្ត Ford Ranger ute និង Ford Everest SUV ដើម្បីរក្សាដំណែងជួរមុខនៃការលក់រថយន្តខ្លួននៅក្នុងប្រទេសអូស្ត្រាលី បើទោះបីជាការលក់ម៉ូដែលទាំងពីរមានការធ្លាក់ចុះបន្តិចក្តី។ បើយោងទៅលើទិន្នន័យលក់ពីក្រុមហ៊ុន VFACTS បានបង្ហាញថា Ford បានលក់ម៉ូដែល Ranger Pickup ute បានចំនួន 15,841 គ្រឿងក្នុងនោះម៉ូដែល 4x2 មានចំនួន 818 គ្រឿង និង 4x4 ចំនួន 15,023 គ្រឿង រីការលក់ Ford Everts SUV មានចំនួន 7,081 គ្រឿងគិតត្រឹមចុងខែមេសាកន្លងទៅ។ ដែលនេះមានន័យថា ការលក់ Ford Ranger ute និង Everest SUV មានចំនួនសរុប 22,922 គ្រឿង ប្រហែលប្រមាណ 88.4% នៃលក់រថយន្តសរុបចំនួន 25,920 គ្រឿង។
តួរលេខនៃការលក់សរុបនេះ មានការកើនឡើងបន្តិចបើធៀបនឹងចំនួនលក់សរុបកាលពីឆ្នាំមុន (2025) ដែលរថយន្ត Ranger និង Everest មានចំណែកការលក់ 87.6% នៃការលក់រថយន្តសរុប Ford ដែលលក់បានចំនួន 82,716 គ្រឿង ក្នុងចំណោមរថយន្តដែលបានលក់សរុប 94.399 គ្រឿង។ ទោះជាយ៉ាងណាសម្រាប់ការលក់ម៉ូដែល Ford Everest ក្នុងឆ្នាំនេះមានការធ្លាក់ចុះប្រមាណ 1.9% ដោយការលក់ក្នុងខែមេសាមានចំនួនសរុបតិចជាង 700 គ្រឿង។ ចំនែកការលក់ Ford Ranger បានធ្លាក់ចុះ 8.2% បើប្រៀបធៀបទៅនឹងរយៈពេលបួនខែដំបូងនៃឆ្នាំ 2025 ទោះបីជា Ford បានចេញលក់ម៉ូដែល Ranger Super Duty នៅចុងឆ្នាំមុនក៏ដោយ។
មិនទាន់មានការបញ្ជាក់ច្បាស់ទេ ថាហេតុអ្វីបានជាការលក់ Ford Everest និង Ranger ធ្លាក់ចុះ ប៉ុន្តែវិបត្តិដែលកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ា ដែលកំពុងជំរុញឱ្យតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតកើនឡើងអាចជាកត្តាមួយដែលធ្វើឲ្យការលក់របស់ម៉ូដែលទាំងពីរនេះមានការធ្លាក់ចុះ។ ព្រោះគ្រាប់ម៉ូដែលទាំងអស់របស់ Ford Everest ដែលចេញលក់នៅក្នុងប្រទេសអូស្ត្រាលី គឺប្រើម៉ាស៊ីនម៉ាស៊ូត ខណៈម៉ូដែល Ford Ranger តែពីរម៉ូដែលប៉ុណ្ណោះ គឺ Entry-level Ranger និង Raptor ដែលប្រើម៉ាស៊ីន Plug-in-hybrid ម៉ាស៊ីនសាំង។ ក្រៅពីម៉ូដែល Ranger និង Everest ម៉ូដែលទាំងអស់របស់ Ford មានការលក់ធ្លាក់ចុះ លើកលែងតែម៉ូដែល F-150 ដែលការលក់បានកើនឡើង 30.6% ជាមួយចំនួនលក់បានសរុប ដល់ 661 គ្រឿងនៅឆ្នាំនេះ បន្ទាប់ពីម៉ូដែលដែលបានធ្វើបច្ចុប្បន្នភាពថ្មីដែលបានចេញលក់កាលពីដើមឆ្នាំ 2026 នេះ។
ខណៈការលក់រថយន្តរបស់ Ford មានការធ្លាក់ចុះ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនដូចជា BYD ត្រូវបានគេមើលឃើញថា ការលក់មានការកើនឡើង ជាពិសេសការលក់រថយន្តអគ្គិសនីតែម្តង។ ដោយនៅក្នុងខែមេសា កន្លងទៅ BYD បានក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់បំផុតឈានមុខគេដោយលក់បានសរុបចំនួន 7,702 គ្រឿង ខណៈ Ford បានស្ថិតនៅលេខរៀងទីបីក្នុងតារាងដោយលក់បានសរុបចំនួន 5,748 គ្រឿង។ BYD ក៏កំពុងប្រជែងជាមួយ Ford ផងដែរ ដោយលក់រថយន្តបានសរុបចំនួន 25,243 គ្រឿង គិតត្រឹមឆ្នាំនេះ តិចជាង Ford ត្រឹមតែ 677 គ្រឿងប៉ុណ្ណោះ ហើយត្រូវគេព្យាករណ៍ថា អាចនឹងវ៉ាដាច់ក្នុងលក់របស់ Ford នៅចុងឆ្នាំនេះ៕


