រំលឹកទៅកាន់ឆ្នាំ 2021 ក្រុមហ៊ុន Ford បានធ្វើការប្រកាសចេញរថយន្ត Ranger Wolftrak ជាលើកដំបូង ជាប្រភេទឡានភិកអាប់ខ្នាតមធ្យមដែលមានភាពធន់រឹងមាំ ជាមួយភាពទំនើបទាន់សម័យ ដែលផ្តោតសំខាន់ទៅលើការបើកបរលើផ្លូវលំបាកបែប off-road។ Ford Ranger Wolftrak មិនត្រឹមតែផលិតឡើងដោយផ្តោតទៅលើអតិថិជនប្រើប្រាស់ទូទៅធម្មតាប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែ ក៏ផ្តោតទៅលើតម្រូវការក្នុងការប្រើប្រាស់ក្នុងវិស័យកសិកម្ម ការរុកក្នុងព្រៃ និងការបើកបរបែបដំណើរផ្សងព្រេងផងដែរ។

ដោយឡែកនៅពេលនេះ Ford ក៏បាននាំត្រឡប់មកវិញនូវម៉ូដែលថ្មី All-New Ranger Wolftrak Limited Edition ឆ្នាំ 2026 ដែលប្រើប្រាស់ទម្រង់នៃការឌីស្សាញតួរដូចគ្នានឹងម៉ូដែលឆ្នាំ 2021 ដែរ គ្រាន់តែមានការកែប្រែទៅលើលក្ខណៈពិសេស និងបង្កើននូវភាពទំនើបក្នុងការប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ដែលមានចំណង់ចំណូលចិត្តសម្រាប់វិថីនៃការសាកថ្មជីវិតនៅតាមតំបន់ធម្មជាតិព្រៃភ្នំ និងដំណើរផ្សេងព្រេងតាមតំបន់ដែលមានផ្លូវឧបសគ្គ (off-road) ច្រើន។

Ford Ranger Wolftrak 2026 ត្រូវបានផលិតឡើងដោយប្រើនូវទម្រង់ស្តង់ដារនៃម៉ូដែល XLT ជាមួយការឌីស្សាញបែបស្ទាយ Dual-cab និងមានពណ៌បៃតងថ្មី ហៅថា Traction Green ហើយផ្ទាំងប៉ាណាមុខឌីស្សាញបែបក្រឡាសំបុកឃ្មុំធំ “honeycomb radiator grille” និងចង្កៀង Daytime running light រាងអក្សរ C ជា DNA ឌីស្សាញរថយន្ត Ford រួមនឹងចង្កៀង fog light និងទំពក់សម្រាប់ទាក់អូសទាញនៅខាងមុខចំនួនពីរ។ Ranger Wolftrak 2026 ប្រើប្រាស់យ៉ាន់កង់រង្វង់ 17-inch មានពណ៌ខ្មៅ “Asphalt Black Alloy”, មានឈ្នាន់ជាន់ចំហៀង, កញ្ចក់មើលក្រោយ ក្តោបស្វ័យប្រវត្តិ និងគ្រែដឹកខាងក្រោយមានបំពាក់កាងដែកដ៏រឹងមាំ។

Ford Ranger Wolftrak 2026 ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ 3.0-liter turbocharged V6 ភ្ជាប់ដំណើរការដោយប្រអប់លេខអូតូ 10-វគ្គ។ សម្រាប់ការបើកបរនៅលើផ្លូវលំបាកៗ (off-road) Ranger Wolftrak 2026 មានមុខងារជំនួយដូចជា full-time four-wheel drive, Terrain Management, two extra drive modes, Mud/Ruts និង Sand, ព្រមជាមួយមុខងារកំនត់សម្រាប់ការបើកបរលើទូទៅដូចជា Normal, Eco, Sport, និង Tow/Haul modes ជាដើម។ បន្ថែមពីនេះនៅ លើរថយន្ត Pick up នេះ មានបំពាក់ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេរបស់ Ford សម្រាប់ជំនួយដល់មុខងារកំណត់ការចង់ចាំ Trailer Guidance និង Pro Trailer Backup Assist ថែមទៀតផង។

ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិត រួមនឹងតម្លៃ និងថ្ងៃប្រកាសចេញលក់ Ford Ranger Wolftrak ឆ្នាំ 2026 ក្រុមហ៊ុនផលិតរថយន្ត Blue Oval ដ៏មានសក្តានុពលបំផុតរបស់អាមេរិកមួយនេះមិនទាន់បង្ហើបបង្ហាញឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕