ក្រុមហ៊ុន Sony បានចេញនូវសេចក្តីប្រកាសមួយនៅថ្ងៃទី 27 ខែមីនា ឆ្នាំ 2020 នេះ ដែលមានការលើកឡើងអំពីផលប៉ះពាល់នៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុសនាពេលថ្មីៗនេះ នៅលើអាជីវកម្មជាច្រើន។ នៅក្នុងសេចក្តីប្រកាសជាផ្លូវការនេះ ក្រុមហ៊ុននេះ បាននិយាយថា ផលិតកម្មទៅលើ CMOS image sensor របស់ខ្លួន គឺមិនមានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ ការប្រកាសនេះគឺធ្វើឡើងនៅលើបណ្តាញសង្គម Weibo របស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន Sony នោះ ការរាតត្បាតនៃវីរុសនេះគឺធ្វើអោយអាជីវកម្មធំៗជាច្រើន និងរោងចក្រធំៗចំនួន ៤ ត្រូវបានបិទទ្វារនៅក្នុងប្រទេសចិន ហើយរោងចក្រទាំងនេះក៏បានបើកដំណើរការនូវប្រតិបត្តិការរបស់ខ្លួនឡើងវិញកាលពីខែមុននេះគឺនៅថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2020 នេះ។ ស្រដៀងគ្នានេះផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសជប៉ុនក៏លើកឡើងថា រោងចក្រជាច្រើនរបស់ក្រុមហ៊ុននេះនៅក្នុងចក្រភពអង់គ្លេស និងម៉ាឡេស៊ីក៏មានការប៉ះពាល់ដោយសារតែមេរោគរាតត្បាតនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយនោះ ទោះបីជាការផលិតទាំងអស់ត្រូវបានផ្អាកក៏ដោយនោះ ក្រុមហ៊ុន Sony និយាយថា ផលិតកម្ម CMOS (complementary metal-oxide-semiconductor) image sensors របស់ខ្លួនគឺមិនមានការប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ ការផ្គត់ផ្គង់ទៅលើសម្ភារៈវត្ថុធាតុដើមភាគច្រើនគឺនៅតែដំណើរការបានដដែលសម្រាប់កាមេរ៉ាសេនស័រនេះ។ សម្រាប់អ្នកដែលមិនបានដឹងនោះ ក្រុមហ៊ុន Sony គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលឈានមុខគេនៅក្នុងបច្ចេកវិទ្យានៃការថតរូបភាព និងកាមេរ៉ាសេនស័រ។ អ្នកវិភាគ និងស្រាវជ្រាវទីផ្សារធ្វើការទម្លាយថា ចំណែកទីផ្សាររបស់ក្រុមហ៊ុននេះ ចំនួន 48% នៃសេនស័រសរុបនៅលើទីផ្សារ។ ក្រុមហ៊ុន Samsung គឺមានចំណែកទីផ្សារដល់ទៅ 21% ផងដែរ៕