យើងនៅសល់តែ 1 ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ Galaxy Unpacked 2021 របស់ក្រុមហ៊ុន Samsung នឹងប្រារព្ធជាផ្លូវការហើយ។ យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន គឺបាននិយាយថា ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូន Galaxy S21, S21+ រួមជាមួយនិង S21 Ultra 5G ជាដើម។ នៅក្នុងរបាយការណ៍ថ្មីដែលចេញពី WinFuture.de កន្លងមកនេះ ក៏បានបង្ហាញអំពីប្រអប់វេចខ្ចប់របស់ស្មាតហ្វូននេះនេះផងដែរ។
មានការលេចចេញនូវព័ត៌មានមួយពី Roland Quandt(@rquandt) គឺបានអោយយើងឃើញនូវរូបភាព 2 សន្លឹកដែលអះអាងអំពីប្រអប់វេចខ្ចប់របស់ស្មាតហ្វូន Galaxy S21+ 5G និង S21 Ultra 5G ។ សម្រាប់ប្រអប់ទាំងពីរនេះគឺមានពណ៌ខ្មៅ។ បន្ថែមពីនេះទៀតនោះ នេះគឺជារូបភាពនៃការធ្វើទីផ្សាររបស់ស្មាតហ្វូននេះ។ យើងក៏អាចមើលឃើញនូវផ្នែកខាងក្នុងរបស់ប្រអប់នេះបានផងដែរ។ ខាងក្នុងនោះ គឺមានតែ Quick Start Guide, USB-C និង SIM-ejector តែប៉ុណ្ណោះ។
ដូចគ្នាទៅនឹងរបាយការណ៍មុនដែរ រូបភាពនេះ មិនមានការបង្ហាញនូវឆ្នាំងសាក Charging Adapter និងកាសស្តាប់នោះទេនៅក្នុងប្រអប់របស់ស្មាតហ្វូននេះ។ របាយការណ៍ជាច្រើនកាលពីពេលមុននេះ បាននិយាយថា ក្រុមហ៊ុនSamsung នឹងដកចេញនូវឆ្នាំងសាក និងកាសស្តាប់នៅក្នុងតំបន់មួយចំនួនដែលក្នុងនោះ គឺមានចក្រភពអង់គ្លេសផងដែរ។ ខណៈពេលដែលយើងរំពឹងថា ក្រុមហ៊ុន Samsung នឹងដាក់នូវកាសស្តាប់ AKG នោះ ពេលនេះ វាបង្ហាញថា សូម្បីតែកាសស្តាប់នេះ ក៏មិនមានដែរ។
Roland ក៏បានចែករំលែកនូវរូបភាពជាច្រើនសន្លឹកដែលមានការបង្ហាញថា ស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 64MP និងម៉េមូរីទំហំ 256GB, 512GB បច្ចេកវិទ្យា 5G មុខងារ Night Mode និង Water Resistance(IP) ថែមទៀតផង។ រូបភាពនេះ ថែមមានការបញ្ជាក់ថា ក្រុមហ៊ុន Samsung ក៏អាចនឹងបោះបង់ចោលនូវរន្ធដោត MicroSD Slot ផងដែរ៕