មិនធ្វើអោយ FAN របស់ខ្លួនខកចិត្តនោះទេ ដោយនៅថ្ងៃនេះផ្ទាល់ក្រុមហ៊ុន OPPO ទើបតែបានប្រកាសចេញនូវបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ជំនាន់បន្ទាប់របស់ខ្លួន។ ជាមួយបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ថ្មីនេះ ត្រូវបានក្រុមហ៊ុន OPPO បញ្ជាក់ថា ខ្លួនបានធ្វើការអភិវឌ្ឍន៍បន្ថែមទៅលើផ្នែករឹង (Hardware) ជាមួយនឹងបច្ចេកវិទ្យា AI algorithms ដើម្បីធ្វើអោយផ្ទៃអេក្រង់របស់ឧបករណ៍ទទួលបានភាពស្រឡះច្បាស់ពេញភ្នែកល្អ។
ក្រុមហ៊ុនបច្ចេកវិទ្យាល្បីឈ្មោះរបស់ប្រទេសចិនមួយនេះបានអះអាងថា ជាមួយបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ជំនាន់ថ្មីនេះគឺវានឹងលាក់ក្រោមអេក្រង់បានជិតល្អនៅពេលដែលយើងមិនដំណើរការថតរូប ដើម្បីជួយរក្សាគុណភាពអេក្រង់បានកាន់តែប្រសើរ និងជួយធ្វើអោយការផលិតរូបភាពបានច្បាស់ល្អប្រសើរជាងជំនាន់ដំបូងដែលបានបង្ហាញចេញកាលពីអំឡុងឆ្នាំ 2019 ក្នុងព្រឹត្តិការណ៍ Oppo's Inno Day 2019។
ជាមួយនឹងបច្ចេកវិទ្យាសែនស័របង្កប់ក្រោមអេក្រង់ជំនាន់ថ្មីនេះ OPPO បានអះអាងទៀតថា វាមិនធ្វើអោយមានផលប៉ះពាល់ដល់គុណភាពបង្ហាញរបស់អេក្រង់នោះឡើយ ដោយសារតែនៅត្រង់កន្លែងដែលដាក់បង្កប់សែនស័រកាមេរ៉ាគឺបានប្រើនូវគ្រាប់ភិចសែលអេក្រង់ស្តើងជាងមុន ប៉ុន្តែរក្សានូវកម្រិតដង់ស៊ីអេក្រង់ 400ppi ដូចនៅត្រង់កន្លែងផ្ទៃអេក្រង់ធម្មតាដែរ។ ដូច្នេះយើងមិនអាចកត់សំគាល់ថាវាមានភាពខុសគ្នារវាងផ្ទៃអេក្រង់ធម្មតាជាមួយនឹងផ្ទៃអេក្រង់ដែលបង្កប់សែនស័រកាមេរ៉ាឡើយ ហើយវាក៏ជួយរក្សាគុណភាពផ្ទៃអេក្រង់ត្រង់កន្លែងបង្កប់សែនស័រកាមេរ៉ាបានល្អប្រសើរជាងមុខដល់ទៅ 50%។
ទោះជាយ៉ាងណា OPPO មិនទាន់បញ្ជាក់ពីការមកដល់សម្រាប់ស្មាតហ្វូនដែលត្រូវប្រើប្រាស់នូវបច្ចេកវិទ្យាបង្កប់សែនស័រកាមេរ៉ាថ្មីក្រោមអេក្រង់នេះនៅឡើយទេ។ ហើយក្រុមហ៊ុនដែលត្រូវផ្គត់ផ្គង់បន្ទះអេក្រង់ដែលគាំទ្របច្ចេកវិទ្យាបង្កប់សែនស័រកាមេរ៉ាក្រោមអេក្រង់ជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា គឺជាក្រុមហ៊ុន BOE ដែលជាក្រុមហ៊ុនផលិតបច្ចេកវិទ្យាអេក្រង់ធំបំផុតរបស់ប្រទេសចិន។ ហើយក្រុមហ៊ុននេះក៏មានបទពិសោធន៍រួចហើយទៅលើការផលិតបច្ចេកវិទ្យាអេក្រង់បង្កប់សែនស័រកាមេរ៉ាក្រោមអេក្រង់អោយក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន ZTE បានពីរជំនាន់រួចហើយ៕