Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ទើបតែប្រកាសដាក់អោយប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS សម្រាប់ឧបករណ៍រាប់លានគ្រឿងរបស់ក្រុមហ៊ុន Huawei និង Honor កាលពីពេលថ្មីៗនេះ។ នៅក្នុងព្រឹត្តិការណ៍ 2021 Huawei Developer Conference កន្លងទៅនេះ លោកនាយកប្រតិបត្តិផ្នែក Huawei Consumer Business បានប្រកាសថា ចំនួនអ្នកប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS ពេលនេះ គឺលើសពី 150 លានគ្រឿងហើយ។ នៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប្រព័ន្ធប្រតិបត្តិការ HarmonyOS ពេលនេះគឺមានការរីកចំរើនលឿនបំផុត។
សូមជំរាបថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS 2 ត្រូវបានក្រុមហ៊ុននេះ ដាក់អោយប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ HarmonyOS កាលពីថ្ងៃទី 2 ខែមិថុនាកន្លងនេះ។ ចាប់តាំងពីការបង្ហាញនូវប្រព័ន្ធប្រតិបត្តិការនេះ ក្រុមហ៊ុននេះដាក់អោយធ្វើការអាប់ដេតនៅលើឧបករណ៍ជាច្រើន។ ស្មាតហ្វូន Huawei និងHonor ចាស់ៗ ក៏អាចទទួលបាននូវការអាប់ដេតផងដែរ។ នៅក្នុងពេលនេះ មានដៃគូសេវាកម្មច្រើនជាង 400+, ដៃគូផ្នែក Hardware ច្រើនជាង 1700+ និងអ្នកអភិវឌ្ឍកម្មវិធីច្រើនជាង 1.3 លាននាក់នៅក្នុងការអភិវឌ្ឍទៅលើប្រព័ន្ធអេកូឡូស៊ីរបស់ Harmony នេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei ដាក់អោយដំណើរការនូវប្រព័ន្ធ HarmonyOS system កាលពីថ្ងៃទី 2 ខែមិថុនា។ នៅថ្ងៃទី 9 ខែមិថុនា វាមានការប្រើប្រាស់ច្រើនជាង 10 លានគ្រឿង។ នៅក្នុងរយៈពេល 2 សប្តាហ៍ក្រោយ ប្រព័ន្ធប្រតិបត្តិការនេះមានអ្នកប្រើប្រាស់ច្រើនជាង 18 លាននាក់។ រយៈពេល 1 ខែ ប្រព័ន្ធប្រតិបត្តិការនេះគឹមានអ្នកប្រើប្រាស់ 25 លាននាក់។ មុនដាច់ចុងខែកក្កដានេះ វាមានចំនួនអ្នកប្រើប្រាស់ដល់ទៅ 40 លាននាក់។ នៅក្នុងរយៈពេល 2 ខែ វាមានអ្នកប្រើប្រាស់ច្រើនជាង50 លាននាក់។ នៅថ្ងៃទី 30 ខែសីហានេះ ប្រព័ន្ធប្រតិបត្តិការ HarmonyOS នេះ គឺមានចំនួនអ្នកប្រើប្រាស់ច្រើនជាង 70 លាននាក់។ នៅថ្ងៃទី 2 ខែកញ្ញា វាមានអ្នកប្រើប្រាស់ដល់ទៅ 90 លាននាក់។
តាមការបង្ហាញចេញកាលពីថ្ងៃទី 13 ខែកញ្ញាកន្លងទៅនេះ អ្នកប្រើប្រាស់ប្រព័ន្ធ HarmonyOS នេះ គឺមានច្រើនជាង 100 លាននាក់។ ហើយនៅថ្ងៃទី 27 ខែកញ្ញានេះ អ្នកប្រើប្រាស់ HarmonyOS គឺបានកើនឡើងច្រើនជាង 120 លាននាក់។ ក្រុមហ៊ុននេះ មានគោលដៅក្នុងឈានអោយមានអ្នកប្រើប្រាស់ដល់ទៅ 300 លាននាក់នៅដាច់ឆ្នាំនេះផងដែរ៕