ក្រុមហ៊ុនកែច្នៃផលិតផលថ្នាក់ប្រណិត និងមានតម្លៃថ្លៃបំផុតរបស់ប្រទេសអាល្លឺម៉ង់ Caviar ទើបតែបានប្រកាសចេញពីការឌីស្សាញថ្មីចំនួន 4 នៅលើកំពូលស្មាតហ្វូនអេក្រង់ជំនាន់ថ្មីរបស់ Samsung គឺ Galaxy Z Fold 4 ដែលក្រុមហ៊ុនហៅការឌីស្សាញថ្មីនេះថា “Heralds of Galaxy”។ ហើយសម្រាប់ការឌីស្សាញថ្មីនេះ Caviar បានប្រើសារធាតុកម្រដែលមានតម្លៃថ្លៃបំផុតដូចជា ថ្មអាចម៍ផ្កាយ មាស និងស្បែកជាដើម។ សម្រាប់តម្លៃវិញ គឺចាប់ពី $9,470 ប៉ុន្តែ បើការជ្រើសរើសម៉ូដែលស្រោបដោយថ្មអាចម៍ផ្កាយសុទ្ធ គឺមានតម្លៃលើសពី 1 ម៉ឺនដុល្លារអាមេរិក1 ម៉ឺនដុល្លារអាមេរិក។
សម្រាប់ម៉ូដែលពិសេសជាងគេត្រូវបាន Caviar ហៅថា Golden Meteor Galaxy Z Fold 4 ដោយសារម៉ូដែលនេះត្រូវបានកែច្នៃរចនាបថផ្ទៃខ្នងខាងក្រោយឡើងថ្មីដោយប្រើនូវសារធាតុកំទិញថ្មអាចម៍ផ្កាយចំនួន 3 ប្រភេទផ្សេងគ្នា រួមមាន Seymchan, Muonionalusta និង Canyon Diablo។ Caviar បាននិយាយថា យើងបានប្រើទិចនិចខ្ពស់ក្នុងការប្រើប្រាស់កំទិញថ្មអាចម៍ផ្កាយទាំងបីខាងលើនេះដើម្បីឲ្យមើលទៅមានភាពស៊ីមេទ្រីគ្នា និងមានលក្ខណៈប្លែកពីការឌីស្សាញផ្សេងៗទៀត។ ហើយសម្រាប់និមិត្តសញ្ញា Caviar ត្រូវបានប្រើសារធាតុមាសសុទ្ធ 24K និងផ្នែកបន្ទាត់បញ្ឈរចំនួនបីផ្សេងទៀតត្រូវបានស្រោបដោយសារធាតុមាស 24K, 7mK។ ហើយសម្រាប់ Golden Meteor Galaxy Z Fold 4 នេះមានតម្លៃចាប់ពី $11,030 សម្រាប់ម៉ូដែល 256GB និង $11,460 សម្រាប់ម៉ូដែល 512GB ហើយ Caviar ផលិតម៉ូដែលនេះតែចំនួន 29 គ្រឿងប៉ុណ្ណោះ។
ជាមួយគ្នានេះ Caviar ក៏ផ្តល់នូវជម្រើសម៉ូដែលពិសេសមានតម្លៃធូរថ្ងៃជាងនេះផ្សេងទៀតផងដែល ដោយ Caviar ហៅថា Canyon Diablo Galaxy Z Fold 4។ ហើយម៉ូដែលពិសេសមួយនេះមានផ្ទៃខ្នងស្រោយដោយសារធាតុទីតានីម ជាមួយការឌីស្សាញថ្មីប្លែកស្រស់ស្អាតជាមួយពណ៌ខ្មៅ។ សម្រាប់ម៉ូដែលនេះមានតម្លៃខ្ទង់ $10680 សម្រាប់ម៉ូដែល 256GB និង $11,110 សម្រាប់ម៉ូដែល 512GB។ ទោះជាយ៉ាងណាក្រៅតែពីមានការកែប្រែរចនាបថផ្ទៃខ្នងខាងក្រោយខុសពីម៉ូដែល Galaxy Z Fold 4 ធម្មតាជាមួយការប្រើសារធាតុកម្រ និងមានតម្លៃថ្លៃបំផុតទៅ សម្រាប់គុណសម្បត្តិទូទៅ គឺរក្សាទុកដូចគ្នាដដែល ក្នុងនោះរួមមានបន្ទះឈីប Snapdragon 8+ Gen 1 និងប្រព័ន្ធកាមេរ៉ាក្រោយ 3 គ្រាប់ទំហំ 50MP ជាដើម៕