ប៉ុន្មានថ្ងៃមុននេះ យើងទទួលបានដំណឹងថា សហរដ្ឋអាមេរិកអាចនឹងធ្វើការបន្ធូរបន្ថយការរិតត្បិតក្រុមហ៊ុន Huawei ពីការប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនរបស់ក្រុមហ៊ុនក្នុងសហរដ្ឋអាមេរិកសម្រាប់ប្រើក្នុងការផលិតស្មាតហ្វូន។ ដោយឡែកក្នុងពេលនេះ គឺមានដំណឹងថ្មីមួយបន្ថែមទៀតដែលបានបង្ហើបថា កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោក Huawei ទំនងជាទទួលបានការគាំទ្របច្ចេកវិទ្យា 5G ពេញលិញដូចក្រុមហ៊ុនផលិតស្មាតហ្វូនដទៃទៀតដែរ។
ដូចដែលយើងបានដឹងរួចហើយថា កាលពីពេលថ្មីៗនេះ Huawei បានប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Huawei Mate 50 Series ប៉ុន្តែ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ មិនមានវាសនាទទួលបានការគាំទ្របច្ចេកវិទ្យា 5G Network នោះទេ ដោយវាគាំទ្រត្រឹមបច្ចេកវិទ្យា 4G តែប៉ុណ្ណោះ ហើយដើម្បីជាដំណោះស្រាយ Huawei ក៏បានផលិត Case ពិសេសដែលមានសមត្ថភាពអាចឲ្យ Mate 50 Series ផ្លាស់ប្តូរពីប្រព័ន្ធសេវា 4G ទៅ 5G បាន។
ក្រោយពីបានប្រកាសចេញ Mate 50 Series រួចមក Huawei ត្រូវបានគេមើលឃើញថា បាននឹងកំពុងធ្វើការទៅលើសង្វាក់ផលិតកម្មសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី គឺ Mate 60 ឬ P60 Series បន្តទៀត។ ស្របពេលជាមួយគ្នានេះ ក៏មានប្រភពព័ត៌មានមិនទាន់ផ្លូវការណ៍មួយបានបង្ហើបថា កំពូលស្មាតហ្វូន Huawei អាចនឹងទទួលបានការគាំទ្របច្ចេកវិទ្យាសេវា 5G ពេញលិញដូចគេដូចឯងដែរនៅឆ្នាំក្រោយនេះ។ បើតាមប្រភពចេញពីប្លុក Weibo មួយរបស់ចិនបានបញ្ជាក់ថា Huawei នឹងប្រកាសចេញស្មាតហ្វូនដែលគាំទ្របច្ចេកវិទ្យាសេវា 5G នៅឆ្នាំក្រោយនេះ (2023)។
ប្រភពបន្តទៀតថា Huawei នឹងមានឈីបជំនាន់ថ្មីដែលគាំទ្របច្ចេកវិទ្យា 5G សម្រាប់ប្រើនៅលើស្មាតហ្វូនរបស់ខ្លួននៅឆមាសទី 2 ក្នុងឆ្នាំ 2023 ដែលនេះសរបញ្ជាក់ឲ្យឃើញថា វាគឺជាពេលវេលាដែល Huawei ធ្វើការប្រកាសចេញកំពូលស្មាតហ្វូនត្រកូល P60 និង Mate 60 Series អីចឹង កំពូលស្មាតហ្វូនទាំងពីរគ្រួសារនេះ គឺនឹងទទួលបានឈីបជំនាន់ថ្មីដែលគាំទ្របច្ចេកវិទ្យា 5G។ ទោះជាយ៉ាងណាប្រភពក៏បានបញ្ជាក់ថា សម្រាប់គ្រួសារ Huawei P60 Series គឺស្ថិតនៅក្នុងភាពមិនទាន់ច្បាស់លាស់ក្នុងការគាំទ្របច្ចេកវិទ្យាសេវា 5G ប៉ុន្តែ សម្រាប់គ្រួសារ Huawei Mate 60 Series គឺមានភាគរយខ្ពស់ក្នុងការគាំទ្របច្ចេកវិទ្យា 5G Network ចេញពីប្រអប់តែម្តង។
គួររំលឹកថា នៅក្នុងសន្និសីទ Huawei Fully Connected Conference ក្នុងឆ្នាំ 2021 ប្រធានប្តូរវេនរបស់ Huawei លោក Xu Zhijun បានថ្លែងពីចក្ខុវិស័យក្នុងការអភិវឌ្ឍន៍អនាគតនៃអាជីវកម្មទូរសព្ទដៃរបស់ Huawei ដោយលោកបាននិយាយថា “ដោយសារតែបញ្ហាបន្ទះឈីប បានធ្វើឲ្យអាជីវកម្មទូរស័ព្ទរបស់ក្រុមហ៊ុន Huawei ប្រឈមមុខនឹងបញ្ហាជាច្រើន។ លោកបន្តថា ប្រសិនបើអ្នកចង់ទិញទូរស័ព្ទដៃ 5G របស់ Huawei អ្នកមិនអាចទិញវាបានទេ”។ ក្នុងពេលនោះលោក Xu Zhijun ក៏បានអះអាងដែរថា ក្រុមហ៊ុន Huawei កំពុងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យអាជីវកម្មទូរស័ព្ទរបស់ខ្លួនអាចដំណើរការឡើងវិញជាធម្មតា៕