ថេប្លេត Redmi Pad ត្រូវបញ្ជាក់ថា នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាឆាប់នេះហើយ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Xiaomi មួយនេះ បានប្រកាសថា ខ្លួននឹងបង្ហាញនូវថេប្លេតដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 4 ខែតុលានេះនៅវេលាម៉ោង 12 ថ្ងៃត្រង់។ ការប្រកាសនេះ មិនទាន់បានទម្លាយព័ត៌មានច្រើនអំពីថេប្លេតនេះទេ ក្រៅពីការបង្ហាញនូវផ្នែកខាងក្រោយ និងពណ៌របស់វា។
សូមជំរបថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Xiaomi ក៏ទើបតែបង្ហាញវត្តមានរបស់ថេប្លេត Xiaomi Pad 5 នៅក្នុងប្រទេសឥណ្ឌាផងដែរ។ក្រុមហ៊ុន Xiaomi នឹងរៀបចំនូវព្រឹត្តិការណ៍ជាសកលមួយនៅថ្ងៃទី 4 ខែតុលានេះ ហើយវាអាចនឹងមានវត្តមានរបស់ស្មាតហ្វូន Xiaomi 12T series, Redmi Pad និង Redmi Buds 4 Pro។ ការបង្ហាញវត្តមាននៅក្នុងប្រទេសឥណ្ឌារបស់ថេប្លេត Redmi Pad គឺលឿនជាងអ្វីដែលបានរំពឹងទុក។
មុនព្រឹត្តិការណ៍នៃការសម្ភោធន៍នៅសប្តាហ៍ក្រោយនេះ យើងបានឃើញនូវលក្ខណៈសម្បត្តិជាច្រើនរបស់ថេប្លេត Redmi Pad តាមរយៈការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើន។ ថេប្លេតនេះ មានអេក្រង់ 10.6-អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 2000x1200pixels និងមានកម្រិតល្បឿន 90Hz refresh rate ហើយនិងមុខងារ 10-Bit Colour រួមជាមួយនិងកម្រិតពន្លឺ 400nits ទៀតផង។ ថេប្លេតនេះមានកម្រាស់ 7mm និងទម្ងន់ 445g។
ថេប្លេត Redmi Pad នេះមានកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 8MP។ ថេប្លេតនេះមានប្រព័ន្ធសំឡេង quad speakers របស់ Dolby Audio។ ថេប្លេត Redmi Pad នេះនឹងមានបន្ទះឈីប MediaTek Helio G99 មានរ៉េមទំហំ 4GB និងម៉េមូរីទំហំ 128GB។ ថេប្លេតនេះនឹងមានថាមពលថ្មទំហំ 8,000mAh និងបច្ចេកវិទ្យា 18W Fast Charging។ ថេប្លេតនេះ ប្រើប្រាស់នូវ MIUI Pad 13 ដែលប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Android 12៕