រំលឹកទៅកាន់ខែកក្តដា ឆ្នាំ 2022 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Huawei បានធ្វើការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែល គឺ Huawei Nova 10 និង Nova 10 Pro។ ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះ គាំទ្រត្រឹមសេវា 4G LTE ប៉ុណ្ណោះ។ ហើយក្នុងពេលនេះក៏មានរបាយការណ៍ថ្មីមួយនិយាយថា Huawei បាននឹងកំពុងធ្វើការលើសង្វាក់ស្មាតហ្វូនស៊េរីថ្មីមួយទៀតដែលគាំទ្របច្ចេកវិទ្យាសេវា 5G ដែលត្រូវបានគេដឹងថាជា Hi Nova 10 5G ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី 20 ខែតុលា ខាងមុខនេះ។
បើតាមគណនីទម្លាយព័ត៌មានក្នុងប្រទេសចិន Factory Director ShiGuan បាននិយាយថា Huawei Hi Nova 10 5G គឺជាម៉ូដែលបង្កើតចេញពី Nova 10 ដែលចេញកាលពីដើមឆ្នាំ ដូចនេះ គុណសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺប្រហាក់ប្រហែលគ្នាផងដែរ។ Huawei Nova 10 បានបំពាក់មកជាមួយបន្ទះអេក្រង់កម្រិត Full-HD+ 2400x1080px ជាប្រភេទ AMOLED Display 120Hz ទំហំ 6.7 អ៊ីញ ខ្នាត 20:9 aspect ratio និងមាន touch sampling rate 300Hz។ ស្មាតហ្វូនមួយនេះបានបំពាក់មកជាមួយបន្ទះឈីប Snapdragon 778-4G ភ្ជាប់ដោយរ៉េមទំហំ 12GB និងម៉េមូរីធំបំផុតដល់ 256GB។ Huawei Nova 10 បានដំឡើងមកជាមួយប្រតិបត្តិការ HarmonyOS2.0 មានថ្មទំហំ 5,000mAh និងគាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 66W wired Charging ព្រមទាំងមានសែនស័រស្កែនដោះសោរលើអេក្រង់ថែមទៀតផង។
Huawei Nova 10 ក៏មានដំឡើងមកជាមួយសែនស័រកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ ដែលប្រើសែនស័រគោលទំហំ 50MP រួមជាមួយ Ultrawide ទំហំ 8MP និង Macro ទំហំ 2MP ហើយនិងមានកាមេរ៉ាសែលហ្វីទំហំធំបំផុតដល់ទៅ 60MP ស្ថិតក្នុងលែនទំលុះថ្ងាសអេក្រង់។ ដូចនេះសរុបមក ចំពោះស្មាតហ្វូនកំណាយខ្លួនថ្មី Huawei Hi Nova 10 5G ក៏នឹងមានគុណសម្បត្តិដូចគ្នានេះផងដែរ លើកលែងតែការគាំទ្រប្រព័ន្ធសេវា 5G តែមប៉ុណ្ណោះ៕