កាលពីខែតុលាឆ្នាំ 2021 ក្រុមហ៊ុន Samsung បានប្រកាសចេញស្មាតហ្វូនបត់ក្រោមឈ្មោះថា Samsung Galaxy W22 នៅក្នុងទីផ្សារប្រទេសចិន។ ហើយក្នុងឆ្នាំ 2022 ខែតុលានេះ Samsung ក៏ត្រូវបានគេរាយការណ៍ថា នឹងប្រកាសចេញជំនាន់ថ្មី ក្រោមឈ្មោះថា Galaxy W23 5G ដោយនឹងមកដល់នៅថ្ងៃទី 21 ខែតុលា ឆ្នាំ 2022 ខាងមុខនេះ។
ចំពោះ Galaxy W22 ដែលចេញឆ្នាំមុន គឺជាម៉ូដែលប្រែឈ្មោះចេញពី Galaxy Z Fold 3 ហើយចំពោះ Galaxy W23 5G ដែលត្រៀមចេញនាពេលខាងមុខនេះ គឺជាម៉ូដែលប្រែឈ្មោះចេញពី Galaxy Z Fold 4។ ទន្ទឹងនឹងនេះ Samsung ក៏អាចនឹងប្រកាសបង្ហាញចេញម៉ូដែល Galaxy W23 Flip ដែលប្រែឈ្មោះពី Galaxy Z Flip 4 ផងដែរ។ ដោយស្មាតហ្វូនបត់ឈ្មោះថ្មីទាំងពីរម៉ូដែលរបស់ Samsung នឹងមានចេញលក់តាមរយះក្រុមហ៊ុន China Telecom។
បើតាមរូបភាពដែលបានបែកធ្លាយមកនេះបានបង្ហាញថា ស្មាតហ្វូនបត់អេក្រង់ Galaxy W23 Series ទាំងពីរនេះ គឺមានការឌីស្សាញជាមួយគន្លឺះ Hings ពណ៌ទឹកមាស និងមាន Logo ខ្នងខាងក្រោយជាភាសាចិន អាចមានន័យថា “Heart to the World”។ កាលពីឆ្នាំទៅ Galaxy W22 5G ត្រូវបានក្រុមហ៊ុនចេញលក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃខ្ទង់ $2,372 ដូចនេះ សម្រាប់តម្លៃរបស់ Galaxy W23 5G Series អាចនឹងខ្ពស់ជាងជំនាន់បន្តិច ព្រោះថា ឧបករណ៍ជំនាន់ថ្មីនេះមានការឌីស្សាញកាន់តែល្អជាងមុន បំពាក់បច្ចេកវិទ្យាខ្លាំងជាងមុន និងមានម៉ាស៊ីនខ្លាំងជាងមុន។
មិនខុសពី Galaxy Z Fold 4 និង Z Flip 4 នោះទេ ដោយ Galaxy W23 5G និង Galaxy W23 Flip 5G គឺនឹងប្រើបន្ទះឈីប Snapdragon 8+ Gen 1 ជាមួយបន្ទះអេក្រង់បត់ខាងក្នុងទំហំ 7.6 អ៊ីញសម្រាប់ Galaxy W23 5G និងទំហំ 6.7 អ៊ីញសម្រាប់ Galaxy W23 Flip 5G។ ទៅលើប្រព័ន្ធកាមេរ៉ាថតរូបវិញ Galaxy W23 5G មានកាមេរ៉ាក្រោយទំហំ 50MP Main+ 12MP Ultra-wide+12MP Telephoto 3x Optical-zoom ហើយនិងមានកាមេរ៉ាសែលហ្វីលើអេក្រង់ខាងទំហំ 10MP និងសែនស័រសែលហ្វីក្រោមអេក្រង់ខាងក្នុងទំហំ 4MP។ ចំនែកនៅលើ Galaxy W23 Flip 5G វិញ គឺមានទំហំ 12MP Main + 12MP Ultra-wide។ ចំពោះតម្លៃស្មាតហ្វូនបត់ម៉ូដែលថ្មីទាំងពីរនេះ យើងនឹងបានដឹងទាំងអស់គ្នានៅថ្ងៃទី 21 ខែតុលា ខាងមុខនេះ៕