ឧបករណ៍ និងសេវាកម្មរបស់ក្រុមហ៊ុន Apple Inc ពិតជាមានប្រជាប្រិយភាពខ្លាំងបំផុតសម្រាប់ស្រទាប់យុវវ័យក្នុងសហរដ្ឋអាមេរិក នេះបើតាមទិន្នន័យធ្វើសន្ទស្សន៍ចុងក្រោយរបស់ក្រុមហ៊ុន Piper Sandler។ បើតាមទិន្នន័យសន្ទស្សន៍ចុងក្រោយនេះបានបង្ហាញថា មានចំនួន 87 ភាគរយនៃយុវជនអាមេរិកបានប្រើប្រាស់ទូរស័ព្ទ iPhone និងមានចំនួន 88 ភាគរយផ្សេងទៀតត្រូវបានគេព្យាករណ៍ថានឹងជ្រើសរើសប្តូរទៅប្រើទូរស័ព្ទ iPhone ជាទូរស័ព្ទបន្ទាប់របស់ពួកគេ។
តាមទិន្នន័យដដែលនេះបានបង្ហាញថា ក្នុងរយះពេលជាង 10 ឆ្នាំចុងក្រោយនេះ ទូរស័ព្ទ iPhone ទទួលបានប្រជាប្រិយភាព និងភាពពេញនិយមប្រើប្រាស់បំផុតពីសំណាក់យុវវ័យក្នុងសហរដ្ឋអាមេរិក ដែលមានចំនួនកើនឡើងទ្វេដងឯណោះ។ បើត្រឡប់ទៅអំឡុងឆ្នាំ 2012 គឺមានចំនួនតែ 40 ភាគរយនៃយុវជនអាមេរិកបានប្រើប្រាស់ទូរស័ព្ទ iPhone ជាទូរស័ព្ទផ្ទាល់ខ្លួនរបស់ពួកគេ។ ក្នុងរបាយការណ៍ Piper Sandler បានបញ្ជាក់ថា មិនត្រឹមតែ iPhone ទេដែលទទួលបានការពេញនិយមប្រើខ្លាំអពីសំណាក់យុវវ័យក្នុងទឹកសហរដ្ឋអាមេរិក ក្នុងនោះសេវាកម្មរបស់ Apple ក៏ទទួលបានការពេញនិយមប្រើខ្លាំងផងដែរ។
ដោយឡែកសម្រាប់ផលិតផលនាឡិកាឆ្លាតវៃ Apple Watch Series វិញហាក់ទទួលបានការពេញនិយមប្រើតិចតួចប៉ុណ្ណោះពីសំណាក់យុវវ័យដោយមានប្រមាណ 31 ភាគរយដែលបានប្រើ Apple Watch Series ប៉ុន្តែ គេសង្កេតឃើញថា នាឡិកាដៃឆ្លាតវៃហាក់មិនទាន់ទទួលបានការពេញនិយមប្រើខ្លាំងពីសំណាក់យុវជនអាមេរិកនោះទេ ដោយក្នុងទិន្នន័យបង្ហាញថា មានប្រមាណ 36.8 ភាគនៃយុវជនអាមេរិកដែលប្រើប្រាស់ Smartwatch ហើយក្នុងនោះមានប្រមាណ 5.8 ភាគបានប្រើ Smartwatch ម៉ាកផ្សេងដែលមិនមែនជាម៉ាករបស់ក្រុមហ៊ុន Apple។
Piper Sandler គឺដើរតួរជាក្រុមហ៊ុនធ្វើការស្ទង់មតិទៅលើផលិតផលពេញនិយមភាពពីសំណាក់យុវវ័យអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ហើយសម្រាប់ការចេញផ្សាយការស្ទង់មតិថ្មីចុងក្រោយនេះ គឺត្រូវបានធ្វើឡើងចំពោះយុវជនជំទង់ចំនួន 14,500 នាក់ដែលមានអាយុជាមធ្យម 15.8 ឆ្នាំ នៅទូទាំង 47 រដ្ឋរបស់សហរដ្ឋអាមេរិក៕