កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន realme បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន realme 10 Pro Series នៅក្នុងប្រទេសចិន ដែលស្មាតហ្វូននេះគឺមាន 2 ម៉ូដែល realme 10 Pro និង realme 10 Pro+។ បើតាមការបញ្ជាក់ពីប្រភពខាងលើបានអោយដឹងថា ស្មាតហ្វូន realme 10 Pro+ គឺជាស្មាតហ្វូនដែលមានការចាប់អារម្មណ៌ខ្លាំងបំផុត ដោយសារតែស្មាតហ្វូននេះ គឺជាម៉ូដែលដំបូងគេរបស់ក្រុមហ៊ុននេះ ដែលមានការបំពាក់នូវអេក្រង់ AMOLED ដែលមានគែមកោង។ ស្មាតហ្វូននេះ នៅមិនទាន់មានការប្រកាសចេញលក់នៅលើទីផ្សារសកលនៅឡើយទេ។
សម្រាប់ទីផ្សារប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា មានការចែករំលែកនូវព័ត៌មានមួយចំនួននៅលើបណ្តាញ Twitter ផ្លូវការណ៌របស់ក្រុមហ៊ុន realme ហើយនៅពេលនេះ នៅគណនី Weibo ដែលមានឈ្មោះថា 肥威 ក៏បានទម្លាយពីព័ត៌មានកាមេរ៉ា និងលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូន realme 10 Pro+ នេះបន្ថែមទៀតហើយ។ បើតាមព័ត៌មានកន្លងមក គឺមានការបញ្ជាក់ថា realme 10 Pro+ គឺនឹងមានកាមេរ៉ា 108-Megapixel (main) + 8-megapixel (ultra-wide) + 2-megapixel (macro)។
អ្នកទម្លាយរូបនេះបន្តថា កាមេរ៉ាទំហំ 108MP ដែលប្រើនៅលើស្មាតហ្វូននេះ គឺជា HM6 sensor ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung ខណៈដែលមួយគ្រាប់ទៀត ultrawide គឺជាសិនស័រ Sony IMX355 និងគ្រាប់ទីបីជា macro គឺជា GC02 sensor។ បន្ថែមពីនេះ អ្នកទម្លាយដដែលនេះបានបញ្ជាក់ទៀតថា អេក្រង់កោង AMOLED ដែលប្រើនៅលើស្មាតហ្វូននេះ គឺមានការផ្គត់ផ្គង់ដោយក្រុមហ៊ុន Tianma ដែលជាក្រុមហ៊ុនផលិតអេក្រង់នៅក្នុងប្រទេសចិន។
realme 10 Pro+ មានអេក្រង់ប្រភេទ AMOLED ដែលមានគែមកោងកម្រិត 61° បង្ហាញចេញបានកម្រិត FHD+ resolution, ល្បឿន 120Hz refresh rate និង 2160Hz PWM dimming ព្រមទាំងមានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃក្រោមអេក្រង់ផងដែរ។ ស្មាតហ្វូននេះប្រើឈីប Dimensity 1080 និងមានរ៉េមទំហំ 12GB LPDDR4x ហើយនិងមានមេម៉ូរីទំហំ 256GB UFS 2.2។ realme 10 Pro+ ប្រើប្រាស់នូវ Android 13 OS ផ្អែកលើស្បែកមុខកម្មវិធី realme UI 4.0។ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh និងមានម្លាំងសាក 33W និង 67W។