កាលពីខែឧសភា vivo បានប្រកាសចេញស្មាតហ្វូនកម្រិតថវិកាក្នុងគ្រួសារ vivo S គឺ vivo S15 Series នៅក្នុងទីផ្សារប្រទេសចិន។ ហើយឥឡូវនេះ បើតាមប្រភពចេញពីក្នុងប្រទេសចិន vivo ក៏បានត្រៀមប្រកាសចេញជំនាន់បន្ទាប់ គឺ vivo S16 Series ដែលមាន vivo S16 និង S16 Pro នៅក្នុងទីផ្សារប្រទេសចិនបន្ថែមទៀត។ យោងទៅលើការបញ្ជាក់នៅលើគណនីទម្លាយព័ត៌មាន Digital Chat Station បានឲ្យដឹងថា vivo S16 Series ទំនងជានឹងបង្ហាញវត្តមាននៅចុងខែធ្នូនេះ។
បើតាមប្រភពដដែលខាងលើបាននិយាយថា vivo S16 Series នឹងបង្ហាញវត្តមានផ្លូវការណ៍នៅមុនដំណាច់ខែធ្នូក្នុងប្រទេសចិន ហើយប្រភពក៏បានបង្ហាញនូវគុណសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតផង។ DCS ឲ្យដឹងថា ស្មាតហ្វូន vivo S-Series ជំនាន់ថ្មីនេះនឹងមានបំពាក់មកនូវអេក្រង់ OLED Display ជាមួយកម្រិតល្បឿន refresh rate ខ្ពស់ ព្រមទាំងប្រើបន្ទះឈីប MediaTek Dimensity 8200 ហើយនឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 80W Wired Fast Charging ផងដែរ។ កាលពីជំនាន់ vivo S15 និង S15 Pro គឺបានបំពាក់នូវឈីប Snapdragon 870 និង Dimensity 8100។
ក្នុងរបាយការណ៍ក៏បានបញ្ជាក់ថា vivo S16 ទំនងជានឹងបំពាក់ឈីប Snapdragon 870 ដូចជំនាន់មុន ចំនែកម៉ូដែល vivo S16 Pro នឹងមានបំពាក់មកជាមួយឈីបជំនួយប្រព័ន្ធកាមេរ៉ាជំនាន់ថ្មី vivo V1+ ISP។ vivo S16 Pro ក៏អាចនឹងបំពាក់កំពូលឈីប Snapdragon 8+ Gen 1 ដែលឈីបនេះ គឺមានប្រើតែនៅលើស្មាតហ្វូន OPPO Reno 9 Pro+ ដែលបានចេញកាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ ជាងនេះទៅទៀត vivo S16 Pro+ ក៏អាចនឹងមានម៉ូដែលបំពាក់ឈីប MediaTek Dimensity 8200 ដើម្បីប្រជែងទីផ្សារជាមួយស្មាតហ្វូនម៉ូដែល iQOO Neo 7 SE, realme GT Neo 5 និង Redmi K60 Series ផងដែរ។
កាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូដែលនេះត្រូវបានចុះបញ្ចីដោយស្ថាប័ន 3C របស់ចិនរួចរាល់ហើយដោយមានលេខកូដសំគាល់ V2244A និង V2245A។ ដោយនៅលើបញ្ចីរបស់ 3C ក៏បានបង្ហាញផងដែរថា ស្មាតហ្វូនជំនាន់ថ្មីរបស់ vivo គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 80W Wired Fast Charging។ vivo S16 អាចនឹងមានជម្រើសពណ៌ខ្មៅ ខៀវ និងស្វាយ រីម៉ូដែល S16 Pro នឹងមានជម្រើសពណ៌ខ្មៅ ខៀវ និងទឹកក្រូច។ ចុងក្រោយប្រភពក៏បានបញ្ជាក់បន្ថែមថា គ្រួសារ vivo S16 Series ក៏នឹងមានជម្រើសម៉ូដែល vivo S16e ដែលបំពាក់ឈីប Samsung Exynos 8010 ផងដែរ៕