ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា អាចនឹងធ្វើការឌីស្សាញនូវរូបរាងថ្មី ហើយនិងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីថែមទៀតសម្រាប់ស្មាតហ្វូនរបស់ខ្លួនដែលនឹងមានវត្តមាននៅពេលខាងមុខ។ បើតាមការបបង្ហាញនៅក្នុងប៉ាតង់ថ្មីមួយ គឺបានទម្លាយចេញនូវស្មាតហ្វូនថ្មីមួយរបស់ក្រុមហ៊ុននេះ ដែលមានរូបរាងចតុកោណកែង ហើយមានអេក្រង់ដែលអាចពង្រីកបានថែមទៀតផង។ សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ត្រូវបានគេស្គាល់ច្បាស់ថា គឺជាក្រុមហ៊ុននាំមុខគេទៅលើស្មាតហ្វូនដែលអាចបត់បានជាមួយនឹងការបញ្ចេញនូវស្មាតហ្វូនចុងក្រោយបំផុត Galaxy Z Fold 5 និង Galaxy Z Flip 5។
នៅលើប៉ាតង់ថ្មីនេះ បានបង្ហាញថា ស្មាតហ្វូនជំំនាន់ថ្មីនេះ អាចនឹងផ្តោតទៅលើស្មាតហ្វូន ដែលមានអេក្រង់អាចពង្រីកបាន ជាជាងការប្រើប្រាស់នូវអេក្រង់ដែលអាចបត់បាន។ ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Samsung ក៏មានការបង្ហាញនូវស្មាតហ្វូនដែលមានរូបរាងចតុកោណកែង និងអេក្រង់អាចពង្រីកបានថែមទៀតផង។ ការឌីស្សាញបែបនេះ អាចនឹងដោះស្រាយទៅលើបញ្ហាជាច្រើនបាននៅក្នុងស្មាតហ្វូនដែលអាចបត់បាន។ ស្មាតហ្វូនដែលអាចបត់បាននេះ អាចនឹងមានការពង្រីកអេក្រង់ធម្មតា ហើយវាក៏មានភាពធន់ក្នុងការប្រើប្រាស់ផងដែរ។
ស្មាតហ្វូនធម្មតានៅតែមានភាពរឹងមាំខ្លាំងជាងស្មាតហ្វូនដែលអាចបត់បានដោយសារតែវាមិនមានការកាច់បត់នោះទេ។ យ៉ាងណាមិញ ប៉ាតង់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung នេះ អាចនឹងមានបញ្ហាប្រឈមមួយចំនួនផងដែរ។ ខុសប្លែកពីស្មាតហ្វូនដែលអាចបត់បាននោះ អេក្រង់ដែលអាចពង្រីកបាន គឺជាផ្នែកតូចមួយរបស់ស្មាតហ្វូននេះ ហើយវាក៏អាចបន្ថែមនូវទំហំបានវែងកាន់តែល្អផងដែរ។
នៅក្នុងការឌីស្សាញថ្មីនេះ គឺផ្តោតទៅលើ parallel alignment ជាមួយនឹងការភ្ជាប់ប្លែក និងពិសេសដែលធន់ក្នុងការប្រើប្រាស់បំផុត។ យ៉ាងណាមិញ វាគ្រាន់តែជាប៉ាតង់ប៉ុណ្ណោះ ហើយយើងនៅមិនទាន់ដឹងថា ក្រុមហ៊ុន Samsung ពិតជាធ្វើការនៅលើស្មាតហ្វូននេះឬយ៉ាងណានោះ៕