បើនិយាយពីវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ម៉ូដែល iPhone 16 គឺនៅសល់រយៈពេលយូរខែទៀត។ ស្របពេលជាមួយគ្នានេះ ពាក្យចចាមអារ៉ាមជាច្រើនទាក់ទងជាមួយនិងស្មាតហ្វូនម៉ូដែលថ្មីនេះ គឺមានការទម្លាយចេញរួច មកហើយ។ បើតាមប្រភពថ្មីមួយនៅថ្ងៃនេះ បានបញ្ជាក់ថា iPhone 16 Pro ដែលនឹងមានវត្តមាននៅចុងឆ្នាំនេះ ទំនងជា នឹងមានបង្ហាញវត្តមានជាមួយនិងជម្រើស ពណ៌ថ្មីៗជាច្រើនទៀត ដែលមានដូចជាពណ៌ “Titanium Gray” និង “Desert Titanium”។
ការទម្លាយចេញនូវពណ៌ខាងលើនេះ គឺត្រូវបានចែកចាយដោយបណ្តាញសង្គមមួយដែលមានឈ្មោះថា Majin Bu ដែលជាបុគ្គលល្បីមួយរូបដែលតែងតែទម្លាយនូវព័ត៌មានរបស់ Apple ជាប្រចាំ។ បើតាមការបញ្ជាក់នៅក្នុងរូបភាពនេះ បានអោយដឹងថា ជម្រើសពណ៌ “Desert Titanium” គឺមានភាពច្បាស់ និងដិតជាងពណ៌មាសដែលធ្លាប់ប្រើប្រាស់នៅ លើស្មាតហ្វូន iPhone 14 Pro។
ក្រឡេកមកមើលពណ៌ “Titanium Gray” គឺជាពណ៌ថ្មីមួយដែលមានភាពស្រដៀង ទៅនឹងពណ៌ Space Gray ដែល ប្រើប្រាស់នៅលើ iPhone 6 អញ្ចឹង។ សម្រាប់ “Desert Titanium” មើលទៅពិតជាមាន ភាពប្រណិតខ្លាំងមែនទែន ហើយពណ៌នេះ អាចនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូននេះពិតមែន។សូមជំរាបថា ការទម្លាយចេញនូវពណ៌ថ្មីនេះ គឺស្ថិតនៅក្នុងភាពស្រពិចស្រពិលប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីមុននេះ មានការទម្លាយថា ស្មាតហ្វូន iPhone 16 series នឹងមានការបង្ហាញវត្តមានជាមួយនិងជម្រើស 5 ផ្សេងគ្នា ដែលមានដូចជា iPhone 16 SE, 16 Plus SE, iPhone 16, 16 Pro និង 16 Pro Max។ អ្វីដែលគេមើលឃើញថា ប្លែកនៅលើត្រកូល iPhone 16 Series គឺការបង្ហាញវត្តមាន iPhone SE នៅលើបញ្ជីរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ។