no-alternative title
no-alternative title
no-alternative title

TOYOTA ត្រៀមបញ្ចេញរថយន្តអគ្គិសនីខ្នាតធំម៉ូដែល Bz Large SUV ដែលមាន 8 កៅអីនៅមុនដំណាច់ឆ្នាំនេះ

កាលពីចុងឆ្នាំ 2021 ក្រុមហ៊ុនផលិតរថយន្តជប៉ុន TOYOTA បានធ្វើការបង្ហាញចេញនូវគំរូរថយន្តអគ្គិសនីស្ថិតក្នុងគម្រោង Byond-Zero ឬ Bz។ សូមបញ្ជាក់ថា TOYOTA មានគម្រោងក្នុងការប្រកាសចេញរថយន្តអគ្គិសនីសុទ្ធចំនួន 30 គ្រឿងនៅត្រឹមឆ្នាំ 2030។ បច្ចុប្បន្ននេះ TOYOTA បានសម្រេចនូវការផលិត និងបញ្ចេញរថយន្តអគ្គិសនីស្ថិតក្នុងគម្រោង Bz នេះ រួចហើយ គឺជាម៉ូដែល TOYOTA Bz4X ដែលកំពុងមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ន។ Bz4X គឺជាម៉ូដែលរថយន្ត Compact-SUV។ ហើយពេលនេះក្រុមហ៊ុនជប៉ុននេះ ត្រូវបានគេដឹងថា បានត្រៀមធ្វើការប្រកាសចេញរថយន្តគ្រួសារខ្នាតធំជាប្រភេទ Full-size SUV ដែលមាន 7 និង 8 កៅអី ឬ 3-row seats EV។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនីខ្នាតធំ SUV នេះ ត្រូវបានគេដឹងថា អាចជាម៉ូដែល TOYOTA Bz Large SUV។ ស្ថិតក្នុងផ្នែកមួយនៃគម្រោត Byond Zero រថយន្តអគ្គិសនីស៊េរីថ្មី Bz Large SUV គឺនឹងរចនាឡើងជាមួយការបំពាក់កៅអី 3 ជួរដូចនឹងម៉ូដែល Toyota Highlander 2024 ដែរ ប៉ុន្តែ ការឌីស្សាញគឹនឹងមានភាពស្រដៀងគ្នាជាមួយនឹងម៉ូដែល Bz4X ដែលជា Compact-SUV បច្ចុប្បន្ន។ ទោះជាយ៉ាងណា សម្រាប់គុណសម្បត្តិរបស់ Toyota Bz Large SUV មិនទាន់ត្រូវបានគេទម្លាយចេញនៅឡើយទេ ប៉ុន្តែរថយន្តនេះត្រូវបានគេរំពឹងថានឹងដំណើរការដោយប្រព័ន្ធអគ្គិសនីដូចគ្នានឹង Bz4X ដែរ គ្រាន់តែអាចនឹងបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីកំលាំងខ្លាំងជាង។

 

នៅលើម៉ូដែល Toyota Bz4X បច្ចុប្បន្ន គឺមានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ Single-motor ដំណើរការដោយប្រព័ន្ធ Front-Wheel-drive និងម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ Dual-motor ដំណើរការដោយប្រព័ន្ធ All-wheel-drive។ ដោយម៉ូដែល FWD អាចផលិតកំលាំងបាន 201 សេះ និងកំលាំងរមូល 196 lb-ft ខណៈម៉ូដែល AWD អាចផលិតកំលាំងបាន 214 សេះ និងកំលាំងរមូល 248 lb-ft។ ត្រឡប់មកម៉ូដែលថ្មី Bz Large SUV ដែលនឹងបង្ហាញវត្តមានឆាប់ៗនាពេលខាងមុខនេះ ត្រូវបានគេរំពឹងថានឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា Toyota Safety Sense 3.0 ដែលភ្ជាប់មកជាមួយកញ្ចប់សុវត្ថិភាពបើកបរទំនើបដូចជា មុខងារ pre-collision warning, lane departure alert, dynamic radar cruise control, lane tracing assist, road sign assist, automatic high-beams, និង proactive driving assist ជាដើម។

សម្រាប់តម្លៃរបស់រថយន្តអគ្គិសនីស៊េរីថ្មីនេះ Toyota Bz Large SUV មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែ បើតាមតម្លៃនៃរថយន្ត SUV បច្ចុប្បន្នដែលប្រើម៉ាស៊ីនសាំងដូចជាម៉ូដែល Toyota Highlander ស៊េរីថ្មីឆ្នាំ 2024 គឺខ្ទង់ចន្លោះពី $36,420 ដល់ $48,775 និងម៉ូដែល Highlander Hybrid មានតម្លៃខ្ទង់ចន្លោះពី $39,585 ដល់ $51490។ ដូច្នេះ គេអាចទាញតម្លៃរបស់ Toyota Bz Large SUV អាចនឹងមានតម្លៃចាប់ពីខ្ទង់ជិត $60,000 ឡើង។ ហើយរថយន្តអគ្គិសនីស៊េរីថ្មីកៅអី 3 ជួររបស់ Toyota មួយនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនផ្លូវការណ៍នៅចុងឆ្នាំ 2024 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម