កាលពីដើមខែមុននេះ គំនូសព្រាងនៃការឌីស្សាញទៅលើផ្ទៃខាងមុខរបស់ Galaxy S25 Ultra ត្រូវបានគេទម្លាយចេញនៅលើអនឡាញដោយរូបភាពនោះ គឺមានការបង្ហាញពីការឌីស្សាញគែមជុំវិញមានរាងមូល និងមានគែមអេក្រង់កាន់តែតូចជាងជំនាន់មុន។ ទាក់ទងនឹងព័ត៌មាននេះដែរនៅថ្ងៃនេះ អ្នកទម្លាយ Ice Universe បានចែកចាយនូវគំនូសព្រាងថ្មីបន្ថែមទៀតរបស់ស្មាតហ្វូនថ្មីនេះ ដោយមានការបង្ហាញចេញយ៉ាងច្បាស់នូវជ្រុងម្ខាងរបស់ស្មាតហ្វូននេះថែមទៀតផង។
ដូចអ្វីដែលគ្រប់គ្នាបានឃើញនៅលើរូបភាពដែលបានចែកចែយនេះអញ្ចឹង ការឌីស្សាញទៅលើ Galaxy S25 Ultraស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានជ្រុងជុំវិញមានសភាពរាបស្មើរ ដែលមើលទៅ គឺមានការផ្លាស់ប្តូរខ្លាំងមែនទែនបើយើងប្រៀបធៀបជាមួយនិងជំនាន់មុនៗដែលក្រុមហ៊ុន Samsung បានចេញលក់កន្លងមក។ ប៉ុន្តែអ្វីដែលមានការចាប់អារម្មណ៌នោះ គឺរូបភាពខាងលើនេះ មើលទៅគឺដូចគ្នាជាមួយនិងស្មាតហ្វូនរបស់ក្រុមហ៊ុន Meizu ដែលចេញលក់នាពេលមុននេះអញ្ចឹង។ សូមជំរាបថា នេះគឺជាគំនូសព្រាងប៉ុណ្ណោះ អ្វីៗអាចនឹងមានការផ្លាស់ប្តូរនៅពេលខាងមុខ។
គួរបញ្ជាក់ថា មុននេះមានការទម្លាយថា ស្មាតហ្វូននេះ នឹងមានកម្រ៉ាស់ស្តើង និងមានគែមអេក្រង់តូច។ បើតាមការបែកធ្លាយកន្លងមក គឺមានព្យាករណ៌ថា ស្មាតហ្វូន Galaxy S25 Ultra នឹងមានទទឹងប៉ុនគ្នាជាមួយនិង iPhone 16 Pro Max ហើយអេក្រង់របស់ Galaxy S25 Ultra នឹងមានទំហំធំជាងអេក្រង់ស្មាតហ្វូនជំនាន់មុន។
ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅត្រីមាសទី 1 ឆ្នាំ 2025 ដោយមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4។ នៅលើស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 200MP ISOCELL HP2 និងគ្រាប់ទីពីរមានទំហំ 50MP (ដែលអាប់ដែតពី 10MP) ហ៊្សូមបាន 3x telephoto និងគ្រាប់ទីបីទំហំ 50MP 5X periscope telephoto sensor។ ស្មាតហ្វូននេះត្រូវបានគេនិយាយថា មានការប្រើប្រាស់នូវសិនស័រថ្មីទំហំ 1/2.76-អ៊ីង JN1 ទៅលើ ultrawide camera ទំហំ 50MP ផងដែរ។