ស្របពេលដែលមានរបាយការណ៍និយាយថា តម្លៃរបស់ iPhone 15 Pro និង 15 Pro Max នឹងថ្លៃជាងតម្លៃ iPhone 14 Pro និង iPhone 14 Pro Max ពី $100 និង $200។ យ៉ាងណាមិញនៅក្នុងថ្ងៃនេះដែរ ក៏មានរបាយការណ៍ថ្មីមួយទៀតបានបង្ហើបថា Apple នឹងមានការបង្កើនទំហំម៉េមូរីនៅលើម៉ូដែល iPhone 15 Pro Series។
ដូចដែលយើងបានដឹងរួចហើយថា កាលពីជំនាន់ iPhone 14 Pro និង 14 Pro Max គឺមានជម្រើសទំហំម៉េមូរីចាប់ពី 128GB ឡើងដល់ 256GB រហូតដល់ 512GB និងធំបំផុតដល់ 1TB។ ដោយឡែកបើតាមប្រភពទម្លាយចេញពីគណនី Red Lotus Technology ថ្មីៗនេះបានបញ្ជាក់ថា សម្រាប់វត្តមាន iPhone 15 Pro និង 15 Pro Max ដែលចេញនៅក្នុងខែកញ្ញា ខាងមុខនេះ គឺមានជម្រើសទំហំម៉េមូរីតូចបំផុតត្រឹម 256GB និងធំបំផុតដល់ 2TB ឯណោះ។ ស្របពេលជាមួយគ្នានេះបើតាមរយះប្លុករបស់កូរ៉េខាងត្បូងដែលមានឈ្មោះថា yeux1122 ក៏បានបញ្ជាក់ដូចគ្នានេះផងដែរថា iPhone 15 Pro Series នឹងមានជម្រើសម៉ូដែលទំហំម៉េមូរី 2TB។
បច្ចុប្បន្ននៅលើគេហទំព័រ Apple Store បានដាក់លក់ iPhone 14 Pro ទំហំ 128GB តម្លៃ $999 រីឯទំហំ 256GB មានតម្លៃ $1,099។ បើយោងទៅលើប្រភពបង្ហាញថា តម្លៃរបស់ iPhone 15 Pro 256GB អាចនឹងរក្សាតម្លៃប្រហែលគ្នានឹង iPhone 14 Pro 256GB។ បើតាមការសង្កេតតម្លៃរបស់ iPhone ពីមួយជំនាន់ទៅមួយជំនាន់ហាក់មិនមានតម្លៃឡើងខ្ពស់ជាងគ្នានោះទេ ដោយ Apple បានរក្សាតម្លៃបានយ៉ាងល្អ ឧទាហរណ៍៖ កាលពីជំនាន់ iPhone 12 mini និង iPhone 12 Pro ដែលចេញក្នុងឆ្នាំ 2020 គឺរក្សាតម្លៃដូចគ្នានឹង iPhone 11 និង 11 Pro ដែលចេញក្នុងឆ្នាំ 2019 ($699 និង $999)។ ប៉ុន្តែតម្លៃរបស់ iPhone 12 ឡើងថ្លៃជាង iPhone 11 ខ្ទង់ $100។
ជាមួយគ្នានេះ បើតាមអ្នកវិភាគល្បីឈ្មោះលោក Ming Chi-Kuo បានព្យាករណ៍ទុកថា ការកើនតម្លៃរបស់ iPhone 15 Series ជាពិសេសម៉ូដែល Pro ទាំងពីរអាចនឹងធ្វើឲ្យការលក់របស់ Apple មានការធ្លាក់ចុះជាងការលក់ iPhone 14 Series ដែលចេញកាលពីចុងឆ្នាំ 2022។ យ៉ាងណាមិញនេះគ្រាន់តែជាការព្យាករណ៍តែប៉ុណ្ណោះ ធ្លាក់ ឬមិនធ្លាក់ រងចាំការបង្ហាញខ្លួន និងការចេញលក់លើទីផ្សារផ្លូវការណ៍របស់ iPhone 15 Series ទាំងអស់គ្នា។ iPhone ជំនាន់ថ្មីនេះ នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 12 ខែកញ្ញា ខាងមុខនេះ ហើយការចេញលក់ផ្លូវការណ៍អាចនឹងធ្វើឡើងចាប់ពីថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2023 ទៅ៕