Galaxy S23 FE ដែលជាស្មាតហ្វូនម៉ូដែលពិសេសរបស់ក្រុមហ៊ុន Samsung ត្រូវបានគេទម្លាយព័ត៌មានលក្ខណៈសម្បត្តិ អស់រយៈពេលជាច្រើនខែរួចមកហើយគិតមកដល់ពេលនេះ។ ស្មាតហ្វូននេះ គឺកំពុងតែស្ថិតនៅក្នុងដំណើរការនៃការអភិវឌ្ឍ ហើយក៏មានដំណឹងថា ក្រុមហ៊ុននេះ គ្រោងនឹងប្រកាសចេញនាពេលឆាប់ៗនេះផងដែរ។ យោងតាមព័ត៌មានចចាមអារ៉ាម ថ្មីៗនេះ ដែលទម្លាយចេញដោយប្រភពជាក់លាក់មួយ បានបញ្ជាក់ថា Galaxy S23 FE អាចនឹងសម្ពោធជាផ្លូវការនៅខែកញ្ញា ខាងមុខនេះហើយ។ កន្លងមកក៏ធ្លាប់មានការទម្លាយថា ស្មាតហ្វូននេះ នឹងមានវត្តមាននៅលើទីផ្សារនាត្រីមាសទី 3 ដែលចន្លោះពីខែកក្កដា ដល់ខែកញ្ញាផងដែរ។
តាមរយៈនៃការលេចធ្លាយព័ត៌មានថ្មីនៅពេលនេះ បានបង្ហាញថា ស្មាតហ្វូនម៉ូដែលពិសេសនេះ នឹងមានការប្រើប្រាស់នូវ បន្ទះឈីប Exynos 2200 SoC ប៉ុន្តែសម្រាប់ទីផ្សារអាមេរិក គឺនៅតែប្រើឈីប Snapdragon 8 Gen 1 ដដែល។ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ទំហំ 6.4 អ៊ីង FHD+ ល្បឿន 120Hz Dynamic AMOLED screen និងមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP គាំទ្រនូវមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8MP ultrawide ហើយនិងគ្រាប់ទីបី មានទំហំ 12 MP telephoto។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 10MP។ សម្រាប់ថាមពលថ្ម គឺមានទំហំ 4,500mAh គាំទ្រនូវកម្លាំងសាក 25W wired charging។
Galaxy S23 FE នឹងមានដំណើរការនៅលើប្រព័ន្ធ Android 13 ផ្អែកជាមួយ One UI 5.1។ ហើយក៏នឹងមានការគាំទ្រដោយ ប្រព័ន្ធ Samsung standard software ដូចអ្វីដែលក្រុមហ៊ុននេះបានសន្យាផងដែរ។ ស្មាតហ្វូនត្រូវបានគេនិយាយថា នឹងមានតម្លៃសមរម្យប្រៀបធៀបជាមួយនិង S23 និង S23+។