យោងតាមព័ត៌មានថ្មី ដែលបានចេញផ្សាយនាពេលកន្លងមក បាននិយាយថា ក្រុមហ៊ុន Qualcomm នឹងមានការប្រកាសចេញនូវបន្ទះឈីប Snapdragon 8 Gen 3 នៅខែតុលាខាងមុខនេះហើយ។ ខណៈដែលនៅលើសល់ពេលវេលាយូរទៀតទំរាំដល់ការសម្ពោធនោះ នៅថ្ងៃនេះ មានទម្លាយចេញនូវព័ត៌មានស្តីពីការធ្វើតេស្តបន្ទះឈីបនេះពីសំណាក់ក្រុមហ៊ុនផលិតស្មាតហ្វូនមួយហើយ។ បើតាមលទ្ធផលនៃការធ្វើតេស្តនៅលើ Geekbench បានបង្ហាញថា បន្ទះឈីបនេះ គឺមានពិន្ទុ 5,977 នៅលើ Multi-Core ដែលខ្ពស់ជាង 20% ប្រៀបធៀបជាមួយនិងបន្ទះឈីបជំនាន់ទី 2 របស់ក្រុមហ៊ុន Qualcomm ដែលបានប្រើនៅលើស្មាតហ្វូននាពេលកន្លង។
ស្មាតហ្វូនថ្មីនេះ គឺមានលេខម៉ូដែល NX769J។ ស្មាតហ្វូននេះ ត្រូវបានគេសង្ស័យថា គឺជាស្មាតហ្វូនជំនាន់ថ្មីម៉ូដែល ZTE nubia Red Magic 9 ដែលនឹងមានការអមនដំណើរដោយរ៉េមទំហំ 12GB និងមានការបំពាក់នូវប្រព័ន្ធប្រតិបត្តិការថ្មី Android 14 ចេញពីប្រអប់តែម្តង។ ប្រភពខាងលើនេះ បានបន្តថា បន្ទះឈីបនេះ គឺមានឈ្មោះថា “pineapple” ដែលដូចគ្នាជាមួយនិងស្មាតហ្វូន Samsung Galaxy S24 បង្ហាញខ្លួននៅលើ Geekbench អញ្ចឹងដែរ។ ប៉ុន្តេសម្រាប់លទ្ធផលនៃការធ្វើតេស្ត គឺមានភាពខុសគ្នា ដោយសារតែការប្រើប្រាស់នៅលើ benchmarking platform ខុសគ្នា។
សូមជំរាបថា បន្ទះឈីបថ្មីនេះ ត្រូវបានគេនិយាយថា Qualcomm នឹងមានការតម្លើងមកជាមួយនូវស្ថាបត្យកម្មថ្មី ដែលមាន CPU 1x Cortex-X4 + 5x Cortex-A720 + 2x Cortex-A520 ខណៈដែល GPU អាចនឹងមានឈ្មោះថា Adreno 750 កម្រិត 10MB L3 cache ដែលមានល្បឿនលឿនជាងមុន 20% ធៀបជាមួយនិងឈីបបច្ចុប្បន្ន។ គួរបញ្ជាក់ថា ព្រឹត្តិការណ៌ Snapdragon Summit នេះ នឹងធ្វើឡើងនៅថ្ងៃទី 24 តុលា ខាងមុខនេះហើយ។