ថ្មីៗនេះ ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានទទួលនូវការចាប់អារម្មណ៍ខ្លាំងមែនទែនពីក្រសែភ្នែករបស់មនុស្សជាច្រើនជុំវិញពិភពលោកជាមួយនិងស្មាតហ្វូនថ្មី Mate 60 series របស់ខ្លួន។ នៅក្នុងព្រឹត្តិការណ៍សម្ពោធជាផ្លូវការនេះ ស្មាតហ្វូន Mate 60 និង Mate 60 Pro គឺត្រូវបានគេមើលឃើញថា មានការបំពាក់នូវបន្ទះឈីប 5G Kirin 9000s ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុកដែលមានឈ្មោះថា SMIC និងមានដំណើរនៅលើបច្ចេកវិទ្យា 7nm។
ខណៈដែលព័ត៌មានថ្មីនេះត្រូវបានក្លាយជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់នោះ មានក្រុមហ៊ុនប្រកួតប្រជែងជាច្រើនដូចជា Qualcomm ប្រហែលជាមិនមានអ្វីដែលរំភើបនោះទេ។ យោងតាមអ្នកវិភាគ បានព្យាករណ៍ថា បន្ទះឈីបរបស់ក្រុមហ៊ុន Huawei អាចនឹងធ្វើអោយមានការគំរាមកំហែងដ៏ធំទៅកាន់ក្រុមហ៊ុន Qualcommដែលកំពុងតែក្តោបក្តាប់ទីផ្សារ។ អ្នកវិភាគដ៏ល្បីល្បាញ Ming-Chi Kuo បាននិយាយថា “ក្រុមហ៊ុន Qualcomm អាចនឹងក្លាយជាអ្នកចាញ់សម្រាប់ក្រុមហ៊ុន Huawei នៅក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់នូវបន្ទះឈីប Kirin 9000S ហើយនិង Kirin Chips នេះ។” ដោយសារតែកន្លងមកក្រុមហ៊ុន Huawei គឺជាអតិថិជនដ៏ធំរបស់ក្រុមហ៊ុន Qualcomm ហើយប្រសិនបើក្រុមហ៊ុន Huawei ប្រើប្រាស់នូវបន្ទះឈីបផ្ទាល់ខ្លួននោះ ក្រុមហ៊ុននេះ នឹងលែងទិញនូវបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ទៀតហើយ។
គួរបញ្ជាក់ថា កាលពីឆ្នាំ 2022 កន្លងមក ក្រុមហ៊ុន Huawei បានទិញនូវបន្ទះឈីប SoCs ប្រហែលជាចំនួន 23 លានគ្រឿង ទៅ 25 លានគ្រឿងចេញពីក្រមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ហើយនៅឆ្នាំ 2023 នេះ ក្រុមហ៊ុននេះ ក៏បានទិញនូវបន្ទះឈីប 40លានគ្រឿងទៅ 42 លានគ្រឿងផងដែរ។ លោក Kuo ព្យាករណ៍ថា ក្រុមហ៊ុន Qualcomm ប្រហែលជាមិនធ្លាប់មានបទពិសោធន៍នៃការនាំចេញធ្លាក់ចុះសម្រាប់ក្រុមហ៊ុន Huawei នោះទេ ប៉ុន្តែនេះអាចជាហានិភ័យសម្រាប់ក្រុមហ៊ុននេះផងដែរ។
លោក Kuo បានសរសេរថា “ការនាំចេញបន្ទះឈីប SoC របស់ក្រុមហ៊ុន Qualcomm ទៅកាន់ក្រុមហ៊ុនស្មាតហ្វូនជាច្រើនរបស់ចិននៅក្នុងឆ្នាំ 2024 នេះនឹងមានចំនួនយ៉ាងតិច 50 លានគ្រឿង ទៅ 60 លានគ្រឿងទាបជាងនៅក្នុងឆ្នាំ 2023 ដោយសារតែការផ្លាស់ប្តូររបស់ក្រុមហ៊ុន Huawei ទៅប្រើប្រាស់នូវបន្ទះឈីប Kirin processors ហើយវាក៏មានការធ្លាក់ចុះជាបន្តទៀតនៅឆ្នាំបន្តបន្ទាប់ផងដែរ៕”