OPPO បានប្រកាសចេញស្មាតហ្វូនអេក្រង់បត់ Find N3 Flip កាលពីចុងខែសីហាកន្លងទៅ និងបានបើកលក់ស្មាតហ្វូនអេក្រង់បត់ Clamshell ជំនាន់ថ្មីនេះនៅថ្ងៃ ទី 8 ខែកញ្ញា នៅក្នុងទីផ្សារប្រទេសចិន។ ឥឡូវនេះ OPPO បានធ្វើការបង្ហាញនូវរបាយការណ៍លក់ដំបូងនៃស្មាតហ្វូនជំនាន់ថ្មីនេះ ដោយក្រុមហ៊ុនបានបញ្ជាក់ថា OPPO Find N3 Flip ពិតជាទទួលបានជោគជ័យខ្លាំងនៅក្នុងប្រទេសចិន បើទោះបីជាមានការប្រកួតប្រជែងពីស៊េរី Mate 60 Series របស់ Huawei ក៏ដោយ។
យោងទៅលើរបាយការណ៍ OPPO បានឲ្យដឹងថា Find N3 Flip បានក្លាយជាទូរស័ព្ទ Android ដែលលក់ដាច់បំផុតក្នុងជួរតម្លៃជាង 6,000 យន់ ជាមួយនឹងការលក់កើនឡើង 91% ធៀបនឹងជំនាន់មុន។ Find N3 Flip ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី 6,799 យន់ ឬប្រហែល $932 សម្រាប់ម៉ូដែលបំពាក់ RAM ទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Mate 60 Series របស់ Huawei វិញ គឺមានទីផ្សារលក់ល្អខ្លាំងបំផុតនៅក្នុងប្រទេសចិន ដោយត្រឹមរយះពេលនៃការចេញលក់ 5 ថ្ងៃ គឺលក់បានចំនួន 1 លានគ្រឿង។ យ៉ាងណាមិញសម្រាប់ OPPO មិនទាន់បានបញ្ចេញទិន្នន័យនៃការលក់ Find N3 Flip របស់ខ្លួននៅឡើយទេ។
សម្រាប់គុណសម្បត្តិរបស់ Find N3 Flip វិញ គឺត្រូវបាន OPPO បំពាក់អេក្រង់បត់ខាងក្នងទំហំ 6.80-inch និងអេក្រង់បញ្ឈរខាងក្រៅទំហំ 3.26-inch ដោយអេក្រង់ទាំងពីរជាប្រភេទ AMOLED Display ហើយអេក្រង់បត់ខាងក្នុងគាំទ្រល្បឿន 1Hz-120Hz Adaptive refresh rate និងមាន Touch sample rate 240Hz។ Find N3 Flip ដំណើរការនៅលើបន្ទះឈីបកំពូលរបស់ MediaTek ស៊េរី Dimensity 9200 SoC ភ្ជាប់ដោយរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB ដល់ 512GB។
OPPO Find N3 Flip មានថ្មទំហំ 4,300mAh គាំទ្រកំលាំងសាកភ្លើង 44W Wired Charging, ដំឡើងមកជាមួយ Android 13 និង ColorOS13.2។ សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ OPPO Find N3 Flip មានកាមេរ៉ាក្រោយបីគ្រាប់ទំហំ 50MP Main + 32MP Telephoto + 48MP Ultra-wide-angle និងកាមេរ៉ាសែលហ្វីនៅលើលែនទំលុះអេក្រង់ខាងក្នុងមានទំហំ 32MP៕