មួយរយៈមុននេះ មានរបាយការណ៌ជាច្រើនបានបញ្ជាក់ថា iPhone 15 Pro និង iPhone 15 Pro Max គឺមានការឡើងកំដៅខ្លាំងមែនទែនពេលប្រើប្រាស់ ដែលពេលនោះក្រុមហ៊ុន Apple ក៏មានបញចេញនូវសូហ្វវែថ្មីដើម្បីជួយកែសម្រួលទៅលើការឡើងកំដៅនេះផងដែរ។ សូមជំរាបថា កាលពីដើមសប្តាហ៌នេះ ក្រុមហ៊ុនអាមេរិកាំងមួយនេះ ក៏បានបញ្ចេញនូវសូហ្វវែថ្មី iOS 17.0.3 អាប់ដែរទៅលើ iPhones ជំនាន់ថ្មីនេះរួចហើយ។ បើតាមការបញ្ជាក់ពីអ្នកធ្វើមាតិការបស់ចិន ដែលបានធ្វើតេស្តសូហ្វវែថ្មីនេះនៅលើ iPhone 15 Pro Max បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានដំណើរការល្អ និងមិនឡើងកំដៅទៀតនោះទេ។
យោងតាមការធ្វើតេស្ត GPU នៅលើបញ្ជី Geekbench 6 បានបង្ហាញថា ស្មាតហ្វូននេះ មានការអាប់ដែតពិន្ទុបានខ្ពស់ជាងមុន ដោយ iOS 17.0.2 មានពិន្ទុ 27,163 ខណៈដែល iOS 17.0.3 មានការកើនឡើងដល់ពិន្ទុ 27,381 ខណៈដែលពិន្ទុ CPU គឺមានពិន្ទុដដែលដូចមុន។ បន្ទាប់ពីការអាប់ដែតហើយ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានពង្រឹងបន្ថែមខ្លាំងមែនទែនទៅលើការលេងហ្គេម។
ជាមួយនិងការអាប់ដែតសូហ្វវែថ្មី iOS 17.0.3 នៅលើ iPhone 15 Pro Max គឺមានសមត្ថភាពអាចរត់បានជាមួយល្បឿន 116.9 fps សម្រាប់ការលេងហ្គេម ខណៈដែលការលេងដូចគ្នានេះនៅលើ iOS 17.0.2 រត់បានត្រឹមតែ 105.4 fps ប៉ុណ្ណោះ។ សូមជំរាបថា សម្រាប់ iPhone 14 Pro Max ដែលមានការអាប់ដែត iOS 17.0.3 គឺធ្វើបាន 103 fps។ ហើយបើនិយាយពីសីតណ្ហភាពនៅលើស្មាតហ្វូននេះ បានធ្លាក់ពី 1°C មកត្រឹម 0.6°C ផងដែរ។ សម្រាប់ការលេងហ្គេមមួយចំនួន Genshin Impact និង NiShuiHan ក៏មានល្បឿនរលូនជាងងមុនផងដែរ បន្ទាប់ពីការអាប់ដែតនេះ។