ក្រុមហ៊ុន HMD Global បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនថ្មីៗរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា នៅដើមឆ្នាំក្រោយនេះហើយ ដោយម៉ូដែលថ្មីៗទាំងនេះ នឹងមានការបង្ហាញខ្លួនមិនស្ថិតនៅក្រោមម៉ាកយីហោ Nokia ទៀតនោះទេ ដោយអាចនឹងប្រើប្រាស់នូវឈ្មោះ HMD Global ជំនួសវិញម្តង។ សូមជំរាបថា ក្រុមហ៊ុន HMD Global គឺជាអ្នកគ្រប់គ្រងទៅលើអាជ្ញាបណ្ណសម្រាប់ស្មាតហ្វូនម៉ាកយីហោ Nokia នៅក្នុងទីផ្សារសកល ហើយក៏ក្រុមហ៊ុនដែលនៅពីក្រោយការបង្ហាញម៉ាកយីហោ Nokia នៅលើទីផ្សារជាច្រើនមកហើយផងដែរ។
មកដល់ពេលនេះ ម៉ាកយីហោ Nokia នេះត្រូវបានគេមើលឃើញថា គឺមិនមានភាពស្ថិតស្ថេរយូរនៅលើទីផ្សារនោះទេ ដែលកត្តានេះ បានក្លាយជាហេតុផលមួយ ដែលក្រុមហ៊ុន HMD Global ធ្វើការនៅលើម៉ូដែលថ្មីតែប្រើប្រាស់នូវម៉ាកយីហោរបស់ខ្លួន វិញ។ យោងតាមប្រភពដែលដឹងអំពីឧស្សាហកម្មនេះ បានបញ្ជាក់ថា ក្រុមហ៊ុនដ៏ធំមួយនេះ មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូនថ្មីនៅក្នុងប្រទេសឥណ្ឌានៅក្នុងខែមេសា ឆ្នាំ 2024 នេះ ថែមទៀតផង។ ស្មាតហ្វូនម៉ូដែលថ្មីនេះ នឹងបង្ហាញខ្លួនជាមួយនឹងតម្លៃសមរម្យ ហើយវានឹងផ្តោតទៅលើការលក់តាមរយៈ online channels ជាច្រើនដូចជា Amazon, Flipkart និងហាងជាច្រើនទៀត។
របាយការណ៍ខាងលើនេះ បានបន្ថែមថា ក្រុមហ៊ុន HDM Global ក៏នឹងផ្តោតទៅលើការលក់ស្មាតហ្វូន Nokia ជាច្រើនទៀតនៅក្នុងទម្រង់ offline channels ផងដែរ។ ក្រុមហ៊ុននេះ នឹងលក់ស្មាតហ្វូន HMD Global និង Nokia នេះរហូតដល់ឆ្នាំ 2026 ។ ប្រភពដដែកនេះ បន្តថា ក្រុមហ៊ុននេះ នឹងបង្ហាញនូវស្មាតហ្វូនលំដាប់ថវិកា និងស្មាតហ្វូនថ្នាក់កណ្តាលជាច្រើន នៅក្នុងនោះក៏មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន Flagship ផងដែរ។ ស្មាតហ្វូននេះ នឹងមានការអាប់ដេតទៅលើ OS បានច្រើនបើធៀបជាមួយនឹងគូប្រជែងរបស់ខ្លួន Android OS។ គួរបញ្ជាក់ថា ថ្មីៗនេះ ស្មាតហ្វូនចំនួន 2 របស់ក្រុមហ៊ុន HMD Global ក៏បានបង្ហាញខ្លួននៅលើ IMEI database រួចរាល់ហើយផងដែរ៕