កាលពីខែវិច្ឆិកាកន្លងទៅនេះ OPPO Watch 4X ដែលជាស្មាតវ៉ចជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ ត្រូវបានគេឃើញថា បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រមួយរួចមកហើយ។ នៅពេលនេះ ស្មាតវ៉ចថ្មីនេះ ក៏ត្រូវបានគេឃើញថា បានបន្តបង្ហាញខ្លួននៅក្នុងវិញ្ញាបនបត្រនៃប្រទេសមួយទៀតហើយ ដោយថែមទាំងមានការបង្ហើបថា ស្មាតវ៉ចជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងពេលដ៏ខ្លីខាងមុខនេះថែមទៀតផង។
កាលពីពេលមុននេះ OPPO Watch 4X ដែលជាស្មាតវ៉ចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្ររបស់ប្រទេសម៉ាឡេស៊ីដែលមានឈ្មោះ SIRIM ផងដែរ។ នៅក្នុងប្រភពខាងលើនេះ បានបញ្ជាក់ថា ស្មាតវ៉ចថ្មីនេះ ក៏នឹងបង្ហាញខ្លួនជាមួយកាសស្តាប់ OPPO Enco Buds Air 3S ផងដែរ។ នៅពេលនេះ ស្មាតវ៉ច OPPO Watch 4X នេះបានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ SDPPI របស់ប្រទេសឥណ្ឌូនេស៊ីថែមទៀតហើយ ដែលនៅលើបញ្ជីនេះ គឺបញ្ជាក់ថា ស្មាតវ៉ចនេះ មានលេខកូដ OWWE231 គឺដូចគ្នាទៅនឹងវេបសាយ SIRIM អញ្ចឹង។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ នៅក្នុងការបែកធ្លាយមួយកាលពីខែកញ្ញាកន្លងមក គឺបានបង្ហើបថា ស្មាតវ៉ច Watch 4 នេះ អាចជាម៉ូដែលមួយដែលបាន rebrand ចេញពីស្មាតវ៉ច OnePlus Watch 2។ បើតាមការបញ្ជាក់កាលនោះ បានអោយដឹងថា OnePlus Watch 2 នេះគឺជាស្មាតវ៉ចជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ ដែលមានលេខកូដ OPWWE231។ ស្មាតវ៉ចនេះ ក៏មានវត្តមាននៅលើ BIS ផងដែរ។ សម្រាប់ព័ត៌មានលម្អិតនៃការឌីស្សាញ និងលក្ខណៈសម្បត្តិរបស់វានៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ៕