ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Tecno នៅតែបន្តពង្រីកស្រឡាយផលិតផលរបស់ខ្លួនជាលំដាប់ ដូចជាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទើបតែបានប្រកាសចេញស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីម៉ាក Tecno Spark Go 2024។ បើយោងទៅលើរបាយការណ៍ចុងក្រោយរបស់ Counterpoint បានបង្ហាញថា ក្រុមហ៊ុន Transsion Holding ដែលជាក្រុមហ៊ុនមេរបស់ Tecno គឺទទួលបានជោគជ័យខ្លាំងនៅត្រីមាសទី 3 ក្នុងឆ្នាំ 2023។
របាយការណ៍ដដែលនេះ បានបង្ហាញថា ប្រាក់ចំណូលរបស់ Tecno នៅក្នុងត្រីមាសទី 3 នៃឆ្នាំ 2023 គឺបានកើនឡើងប្រមាណ 39% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ 2022 ដែលសរុបជាសាច់ប្រាក់មានចំនួន 17.99 ពាន់លានយ័ន ឬប្រហែលជាង 2,513 លានដុល្លារអាមេរិក។ ចំនែកប្រាក់ចំណេញប្រតិបត្តិការវិញ គឺមានការកើនឡើងដល់ 190% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ដែលសរុបជាសាច់ប្រាក់មានចំនួន 1.34 ពាន់លានយ័ន ឬស្មើរនឹងជាង 187 លានដុល្លារអាមេរិក។ ភាពជោគជ័យដ៏គួរឲ្យកត់សំគាល់នេះ គឺបានជម្រុញឲ្យប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុនបានកើនឡើងប្រមាណ 25.2%។
Tecno គឺជាម៉ាកយីហោស្មាតហ្វូនដ៏មានប្រជាប្រិយភាព និងភាពពេញនិយមជាងគេរបស់ក្រុមហ៊ុន Trassion មានដើរតួរដ៏សំខាន់ក្នុងការបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញ ក៏ដូចជាបង្កើនការនាំចេញផលិតផលស្មាតហ្វូនរបស់ខ្លួនឈានឡើងដល់ 62% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការនាំចេញស្មាតហ្វូននៅទូទាំងទីផ្សារសកល។ ហើយបច្ចុប្បន្ននេះ ជាមួយកំណើនក្នុងការនាំចេញដ៏ល្អនេះ បានធ្វើឲ្យ Tecno បានក្លាយជាម៉ាកយីហោស្មាតហ្វូនដែលមានភាពពេញនិយមបំផុតលំដាប់ទី 9 របស់ពិភពលោក។ ដែលលទ្ធផលនេះ បានបង្ហាញថា ម៉ាកយីហោស្មាតហ្វូន Tecno បានកើនឡើងបីដងនៅក្នុងរយះពេលត្រឹមតែបីឆ្នាំប៉ុណ្ណោះ។
យុទ្ធសាស្រ្តដែលជម្រុញឲ្យ Tecno ទទួលបានជោគជ័យដ៏គាប់ប្រសើរនេះ គឺការផលិតស្មាតហ្វូនដែលមានគុណភាពខ្ពស់ជាមួយតម្លៃដែលមានការប្រកូតប្រជែងល្អ។ ម៉្យាងទៀតក្រុមហ៊ុនក៏បានធ្វើការផលិតស្មាតហ្វូនដែលមានតម្លៃសមរម្យតម្រូវតាមតម្រូវការរបស់អ្នកប្រើទាំងស្មាតហ្វូន 4G និង 5G។ ហើយសម្រាប់ទីផ្សារស្មាតហ្វូន 5G របស់ Tecno គឺមានការកើនឡើងរហូតដល់ទៅ 600% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាងនេះទៅទៀតសម្រាប់ទីផ្សារស្មាតហ្វូនថ្នាក់ Premium ដូចជា ម៉ូដែល Tecno Camon និង Phantom ក៏មានទីផ្សារល្អខ្លាំងផងដែរជាមួយកំណើតក្នុងការលក់កើនឡើងដល់ 53%។
ជាមួយគ្នានេះ Tecno ក៏បានហក់ចូលប្រឡូកក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់ជាមួយការប្រកាសចេញស្មាតហ្វូនអេក្រង់ចំនួនពីរដោយមួយត្រូវបានបង្ហាញចេញនៅក្នុងព្រឹត្តិការណ៍ MWC និងមួយទៀតនៅក្នុងប្រទេសសឹង្ហបុរី។ ដោយស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ Tecno មានឈ្មោះថា Tecno Phantom V Fold ដែលជាស្មាតហ្វូនអេក្រង់បត់ដែលមានតម្លៃធូរថ្លៃបំផុតបើធៀបនឹងស្មាតហ្វូនអេក្រង់ក្រុមហ៊ុនផ្សេង ហើយ Tecno Phantom V Fold ក៏កំពុងមានប្រជាប្រិយភាពទីផ្សារល្អផងដែរក្នុងពេលបច្ចុប្បន្ន៕