ក្រុមហ៊ុន OPPO បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូន Find X7 Series នៅក្នុងទីផ្សាររបស់ចិន។ ខណៈពេលដែលការប្រកាសសម្ពោធជាផ្លូវការរបស់ស្មាតហ្វូននេះ គ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ ការកក់អនឡាញរបស់ស្មាតហ្វូនថ្មីនេះ គឺបានចាប់ផ្តើមហើយ។ ស្មាតហ្វូន Find X7 series គឺពិតជាមានការពេញនិយមខ្លាំងមែនទែន។ បើតាមកាលបរិច្ឆេតដែលបញ្ជាក់កន្លងមក បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ គឺគ្រោងនឹងបង្ហាញនូវស្មាតហ្វូន Find X7 និង Find X7 Ultra នៅក្នុងទីផ្សាររបស់ខ្លួននៅថ្ងៃទី 8 ខែមករាឆ្នាំ 2024 ខាងមខុនេះហើយ។
បន្ទាប់ពីប្រកាសដាក់អោយមានការចុះឈ្មោះទិញមុនទៅលើស្មាតហ្វូននេះរួចរាល់នោះ នៅពេលនេះ ក្រុមហ៊ុននេះ បានបង្ហាញនូវតួរលេខនៃការកក់ទិញអនឡាញរបស់ស្មាតហ្វូននេះហើយ។ តាមរយៈ channels ជាច្រើនរបស់ខ្លួន គឺបញ្ជាក់ថា ស្មាតហ្វូននេះមានការកក់បានច្រើនជាង 1 លានគ្រឿង។ តួរលេខនេះ បានបង្ហាញថា ស្មាតហ្វូន high-end ជំនាន់ថ្មីនេះ គឺមានការពេញនិយមខ្លាំងមែនទែន។
ស្មាតហ្វូន Find X7 ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9300 SoC ជាមួយរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ខណៈដែល ស្មាតហ្វូន Find X7 Ultra គឺមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ប៉ុន្តែសម្រាប់ម៉េមូរីនៅលើស្មាតហ្វូទាំងពីរនេះ គឺមានទំហំដូចគ្នា។ ស្មាតហ្វូនទាំងពីរនេះ មានការឌីស្សាញដូចគ្នាដែលផ្នែកខាងមុខមានអេក្រង់ដែលមានរន្ធ punch hole និងឌីស្សាញជាមួយនឹងគែមកោង ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមាន Dual Tone Panel ជាមួយនឹងកាមេរ៉ាធំថែមទៀតផង។
ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Find X7 នេះ មានកាមេរ៉ា 3 គ្រាប់ ខណៈពេលដែលស្មាតហ្វូន Find X7 Ultra នេះ មានកាមេរ៉ា 4 គ្រាប់។ ស្មាតហ្វូន Find X7 Ultra នេះមានកាមេរ៉ាទំហំ 1-អ៊ីង Sony LYT-900 50 ហើយក៏មាន dual periscope telephoto ថែមទៀតផង។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយនេះ៕