ក្រុមហ៊ុន Acer ទើបតែបានប្រកាសចេញស្រឡាយ Gaming Monitor ស៊េរីថ្មីស្ថិតក្នុងត្រកូល Predator Series ដ៏ពេញនិយមរបស់ក្រុមហ៊ុន។ ស្រឡាយ Gaming Monitor ជំនាន់ថ្មីទាំងនោះរួមមានម៉ូដែល Z57 Dual UHD curved Mini-LED, Predator X34 V3 curved Mini-LED, Predator X39, ហើយនិង Predator X34 OLED។ ហើយខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ Z57 Dual UHD curved Mini-LED។
Predator Z57 គឺជា Flagship Gaming Monitor របស់ Acer ដែលបំពាក់នូវបច្ចេកវិទ្យាអេក្រង់កោងទំហំដល់ទៅ 57-inch Curved Display។ អេក្រង់កោងរបស់ Gaming Monitor នេះមានល្បឿន refresh rate 120Hz និងគាំទ្រកម្រិតបង្ហាញ Dual UHD ក្នុងទំហំរីសូលូហ្ស៊ិន 7680×2160px។
បន្ទះអេក្រង់កោងទំហំ 57-inch របស់ Predator Z57 ប្រើប្រាស់នូវបច្ចេកវិទ្យា 2304-zone Mini-LED technology ដែលមានសមត្ថភាពខ្ពស់ក្នុងការបង្ហាញចេញនូវគុណភាពរូបភាព និងកម្រិតពន្លឺខ្ពស់ច្បាស់ខ្លាំងបំផុត។ ហើយអេក្រង់របស់ Predator Z57 មានកម្រិត aspect ratio 32:9 ជាមួយកម្រិតភាពកោង 1000R Curvature រួមនិងមានកម្រិតពន្លឺខ្ពស់ដល់ 1,000nits និងមុខងារ VESA DisplayHDR 1000 ដែលជួយផ្តល់នូវកម្រិតពន្លឺ កម្រិតទឹកពណ៌ និងកម្រិតភាពខ្មៅបានដិតខ្លាំងថែមទៀតផង។
ជាមួយគ្នានេះអេក្រង់របស់ Acer Predator Z57 ក៏គាំទ្របច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិតស្តង់ដារ 98% DCI-P3 color។ មានមុខងារ large screen real estate ដែលអនុញ្ញាតិឲ្យធ្វើការបែកចែកផ្ទៃអេក្រង់សម្រាប់ការប្រើប្រាស់កិច្ចការងារបានច្រើនក្នុងពេលតែមួយ។ Acer Predator Z57 គាំទ្រការភ្ជាប់ជាមួយឧបករណ៍ហ្គេមជំនាន់ថ្មីចុងក្រោយ ហើយនិងមានរន្ធភ្ជាប់ដូចជា HDMI2.1 និង DisplayPort 1.4។
ហើយជាមួយនិងការឌីស្សាញតួរខ្លួនឡើងជាមួយភាពស្លីមស្អាតប្រណិត Acer Predator Z57 នៅមានភ្ជាប់ជាមួយ Speaker ភ្លោះដែលអាចបន្លឺសំឡេងបានក្នុងកំលាំង 10W។ Acer មានគម្រោងក្នុងការប្រកាសចេញលក់ Predator Z57 នៅទីផ្សារប្រទេសចិនក្នុងត្រីមាសទី 1 ឆ្នាំ 2024 និងនៅទីផ្សារអាមេរិកខាងជើងក្នុងត្រីមាសទី 2 ក្នុងឆ្នាំ 2024។ Acer Predator Z57 មានតម្លៃខ្ទង់ប្រហែល $2,499៕